ហេតុអ្វីបានជាសេដ្ឋកិច្ចប្រទេសតួកគីកំពុងប្រឈមនឹងគ្រោះមហន្តរាយ?

សញ្ញា​នៃ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ប្រទេស​តួកគី​ត្រូវ​បាន​មើល​ឃើញ​នៅ​ទូទាំង​ប្រទេស​។ ប្រជាពលរដ្ឋ​​ជា​ច្រើន​នាក់​តម្រង់​ជួរ​ក្នុង​ខ្សែ​ខ្វាត់ខ្វែង​ដូច​ពស់​ ដើម្បី​រង​ចាំ​ទិញ​នំប៉័ង​។ តម្លៃ​ឱសថ​ ម្ហូបអាហារ ទឹកដោះគោ និង​ផលិតផល​ប្រើប្រាស់​ក្នុង​ផ្ទះ​ គឺ​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង​។ ស្ថានីយប្រេងឥន្ធនៈ​មួយ​ចំនួន​បាន​បិទ​បន្ទាប់​ពី​ពួកគេ​អស់​ស្តុក​ផលិតផល​។ ការ​ផ្ទុះ​កំហឹង​តាម​ដង​ផ្លូវ​ បាន​កើត​ឡើង​ជា​ញឹកញាប់​។

កាល​ពី​ខែ​មុន​សហព័ន្ធ​សហជីព​ពាណិជ្ជកម្ម​តួកគី​បាន​និយាយ​ថា​៖ «ភាព​អត់​ការងារ​ធ្វើ​ តម្លៃ​រស់​នៅ​ខ្ពស់​ ការ​ឡើង​ថ្លៃ​ និង​បំណុល​ គឺ​កំពុង​ធ្វើ​ឱ្យ​ការ​រស់​នៅ​របស់​យើង​កាន់​តែ​លំបាក»​។

សូម្បី​តែ​មុន​ពេល​ការ​រាតត្បាត​នៃ​មេរោគ​ឆ្លង និង​ការ​រាំង​ស្ទះ​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​​បាន​ចាប់​ផ្តើម​រារាំង​សេដ្ឋកិច្ច​ពិភពលោក ប្រទេស​តួកគី​បាន​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​រួច​ស្រាប់​ទៅ​ហើយ​ ខណៈ​ពេល​ដែល​ប្រទេស​ព្យាយាម​ដោះ​ស្រាយ​បំណុល​ដ៏​ធំ ការ​ធ្លាក់​តម្លៃ​រូបិយប័ណ្ណ​លីរ៉ា និង​ការ​កើន​ឡើង​អតិផរណា​។ ប៉ុន្តែ​នៅ​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ វិបត្តិ​សេដ្ឋកិច្ច​នេះ​ ដែល​ដើម​ឡើយ​មាន​ល្បឿន​យឹត​ បាន​កើន​សំទុះ​យ៉ាង​ខ្លាំង​ ហើយ​អ្នក​ជាន់​ឈ្នាន់​ពន្លឿន​បន្ថែម​គឺ​លោក​ប្រធានាធិបតី​រេស៊ីប តៃយីប អេរដូហ្គែន​។

បញ្ហា​សេដ្ឋកិច្ច​តួកគី​មាន​ឫស​គល់​ជ្រៅ​យ៉ាង​ជ្រៅ ប៉ុន្តែ​បញ្ហា​នៅ​ពេល​ថ្មី​ៗ​នេះ​គឺ​បណ្ដាល​មក​ពី​ការ​ទទូច​របស់​លោក​អេរដូហ្គែន​ដើម្បី​បញ្ចុះ​ការ​ប្រាក់​ក្នុង​ប្រព័ន្ធ​ធនាគារ​តួកគី​ ខណៈ​ពេល​ដែល​អតិផរណា​កំពុង​កើន​ឡើង​ ដែល​នេះ​ជា​យុទ្ធសាស្ត្រ​ផ្ទុយ​ទាំង​ស្រុង​ពី​ការ​ណែនាំ​របស់​សេដ្ឋកិច្ចវិទូ​ស្ទើរ​តែ​ទាំង​អស់​។

សេចក្ដីប្ដេជ្ញាចិត្ត​របស់​លោក​អេរដូហ្គែន​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ​បើ​ទោះ​បី​ជា​អត្រា​អតិផរណា​របស់​ប្រទេស​នេះ​ឡើង​ដល់​កម្រិត​គួរ​ឱ្យ​ព្រួយ​បារម្ភ ២១ ភាគ​រយ​ ហាក់​ដូច​ជា​កំពុង​រុញ​ច្រាន​ឱ្យ​ប្រទេស​តួកគី​កាន់​តែ​ខិត​ជិត​ចំណុច​ធ្លាក់​ពី​លើ​ជ្រោះ​។

ជា​ធម្មតា​វិនិយោគិន​ និង​ម្ចាស់​អាជីវកម្ម​តែងតែ​មាន​ទំនុក​ចិត្ត​លើ​ធនាគារ​កណ្ដាល​ និង​អាជ្ញាធរ​ហិរញ្ញវត្ថុ​ ដើម្បី​រក្សា​ស្ថិរភាព​អតិផរណា​ និង​កំណត់​អត្រា​ការប្រាក់​សមរម្យ​សម្រាប់​ស្ថានភាព​សេដ្ឋកិច្ច​។ ប៉ុន្តែ​លោក​អេរដូហ្គែន​បាន​បង្ហាញ​ថា​ប្រសិន​ធនាគារ​កណ្ដាល ឬ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​មិន​ធ្វើ​តាម​បំណង​របស់​លោក​ លោក​នឹង​បណ្ដេញ​ពួកគេ​ចេញ​ពី​តំណែង​ ដូច​ដែល​លោក​បាន​ផ្លាស់​ប្ដូរ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចំនួន​បី​រូប​ផ្សេង​គ្នា​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក​ អេរដូហ្គែន​បាន​លើក​ឡើង​ថា​ការ​រក្សា​អត្រា​ការ​ប្រាក់​ទាប​ គឺ​នឹង​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម​កាន់​តែ​ចង់​ខ្ចី​បំណុល​ដើម្បី​ធ្វើ​ការ​វិនិយោគ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​ និង​ជួល​បុគ្គលិក​បន្ថែម​ ខណៈ​ពេល​ដែល​អ្នក​ប្រើប្រាស់​កាន់​តែ​ចង់​ចាយ​លុយ​។ លោក​ក៏​និយាយ​ថា​ការ​ធ្លាក់​ចុះ​នៃ​រូបិយប័ណ្ណ​លីរ៉ា គឺ​នឹង​ជួយ​ធ្វើ​ឱ្យ​តម្លៃ​ផលិតផល​នាំ​ចេញ​របស់​តួកគី​ធ្លាក់​ចុះ​ ហើយ​ងាយ​ប្រកួត​ប្រជែង​ជា​មួយ​អ្នក​ដទៃ​។

ការ​លើក​ឡើង​អេដូហ្គែន​គឺ​សមស្រប​ដល់​មួយ​កម្រិត​ ប៉ុន្តែ​ផល​ប៉ះពាល់​នៃ​ការ​ធ្វើ​បែប​នេះ​គឺ​មាន​ធំ​ជាង​ផល​ប្រយោជន៍ ដោយ​សារ​សេដ្ឋកិច្ច​របស់​តួកគី​គឺ​រំពឹង​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​នាំចូល​វត្ថុធាតុ​ដើម និង​ផលិតផល​ប្រើប្រាស់​ពី​ក្រៅ​ប្រទេស​។

ខណៈ​ពេល​ដែល​អត្រា​ការ​ប្រាក់​ធ្លាក់​ចុះ​ អត្រា​អតិផរណា​កើន​ឡើង​។ តម្លៃ​រូបិយប័ណ្ណ​លីរ៉ា​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​នៅ​ដើម​សប្ដាហ៍​នេះ​ ដោយ​ ១៤,៣ លីរ៉ា​អាច​ប្ដូរ​បាន​មួយ​ដុល្លារ​អាមេរិក ធៀប​នឹង​ ៧ លីរ៉ា​កាល​ពី​ដើម​ឆ្នាំ​នេះ​។ ការ​ធ្លាក់​ចុះ​ដ៏​ចោត​នេះ​បាន​ធ្វើ​ឱ្យ​តម្លៃ​ផលិតផល​នាំ​ចូល​កើន​ឡើង​យ៉ាង​ខ្លាំង​។ កង្វះ​ផលិតផល​បាន​ក្លាយ​ជា​រឿង​ធម្មតា​ ហើយ​ប្រជាជន​ជា​ច្រើន​បាន​ជួប​ការ​លំបាក​ក្នុង​ការ​ទិញ​ម្ហូប​អាហារ​ និង​ឥន្ធនៈ​។ អាជីវកម្ម​ជា​ច្រើន ជា​ពិសេស​អាជីវកម្ម​ខ្ចី​បំណុល​ពី​បរទេស​ បាន​ប្រកាស​ក្ស័យធន​។

អមជាមួយ​នឹង​​ការ​បោះឆ្នោត​ប្រធានាធិបតី ដែល​នឹង​ប្រព្រឹត្ត​ឡើង​​ក្នុង​រយៈ​ពេល ១៨ ខែខាង​មុខនេះ​ លោក អេរដូហ្គែន ហាក់​ដូចជា​ជឿជាក់​ថា​យុទ្ធសាស្រ្ត​របស់​លោក​នឹង​អាច​ឱ្យ​សេដ្ឋកិច្ច​តួកគី​រីក​ចម្រើន​ចេញ​ពី​បញ្ហា​របស់​ខ្លួន។ ទោះ​យ៉ាង​ណា​ក៏ដោយ សេដ្ឋកិច្ចវិទូ​ភាគច្រើន​និយាយ​ថា​ទំនង​នឹង​ដួល​រលំ​ច្រើន​ជាង​៕

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner