លោកស៊ី គាំទ្រលោកពូទីនក្នុងការទាមទារឱ្យលោកខាងលិចធ្វើការធានាសន្តិសុខ

កាល​ពី​ថ្ងៃ​ពុធ ទី​១៥ ធ្នូ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ និង​ប្រធានាធិបតី​រុស្សី​លោក​វ្ល៉ាឌីមៀរ​ ពូទីន​ បាន​វីដេអូ​ខល​លើក​ទី​ពីរ​សម្រាប់​ឆ្នាំ​នេះ​ ខណៈ​ពេល​ដែល​ភាព​តានតឹង​កំពុង​កើន​ឡើង​ជា​មួយ​លោក​ខាង​លិច​ជុំវិញ​ការ​ប្រមូល​ផ្ដុំ​ទាហាន​រុស្សី​នៅ​តាម​ព្រំដែន​ប្រទេស​អ៊ុយក្រែន​។

មន្ត្រី​រុស្សី​លោក​ពូទីន​បាន​ទទួល​ការ​គាំទ្រ​របស់​លោក​ស៊ី​ ក្នុង​ការ​ទាមទារ​ការ​ធានា​សន្តិសុខ​ពី​លោក​ខាង​លិច​។ រុស្សី​ចង់​ឱ្យ​សហរដ្ឋអាមេរិក និង​អង្គការ​ណាតូ​ធានា​ថា​សម្ព័ន្ធ​ភាព​យោធា​នឹង​មិន​ពង្រីក​បន្ថែម​ទៀត​ទៅ​អឺរ៉ុប​ខាងកើត ឬ​ដាក់​ពង្រាយ​ប្រព័ន្ធ​សព្វាវុធ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​ផ្សេង​ទៀត​នៅ​តាម​ព្រំដែន​រុស្សី​ឡើយ។

ក្នុង​វីដេអូ​ខល​ជា​មួយ​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​កាល​ពី​សប្ដាហ៍​មុន​ លោក​ពូទីន​បាន​ទាមទារ​ឱ្យ​លោក​បៃដិន​ធ្វើ​ការ​ធានា​បែប​នេះ​ ជា​ថ្នូរ​នឹង​ការ​ធានា​ថា​កងទ័ព​រុស្សី​នឹង​មិន​ធ្វើ​ការ​វាយ​លុក​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន​។ លោក​បៃដិន​បាន​ច្រាន​ចោល​ការ​ទាមទារ​នេះ​។

ក្នុង​សេចក្ដីថ្លែង​ការណ៍​បើក​កិច្ចប្រជុំ​ជា​មួយ​លោក​ស៊ី លោក​ពូទីន​ បាន​ហៅ​លោក​ស៊ី​ថា«​មិត្ត​សម្លាញ់​» ហើយ​បាន​និយាយ​ថា ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់ «កម្រិត​ខ្ពស់​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​»​។

វីដេអូ​ខល​រវាង​មេដឹកនាំ​ទាំង​ពីរ​មាន​រយៈ​ពេល​ជាង​មួយ​ម៉ោង​ ចាប់​ពី​ម៉ោង​ ៤:០៧ ល្ងាច​ ដល់​ម៉ោង​ ៥:២១ ល្ងាច ម៉ោង​នៅ​ក្រុង​ប៉េកាំង​។ គេ​នៅ​មិន​ទាន់​ដឹង​ព័ត៌មាន​លម្អិត​ជា​ច្រើន​អំពី​អ្វី​ដែល​មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​។

មុន​កិច្ចប្រជុំ​នេះ​ អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង​លោក​ឌីមីទ្រី ប៉េស្កូវ​បាន​និយាយ​ថា មេដឹកនាំ​ទាំង​ពីរ​នឹង​ពិភាក្សា​អំពី​ភាព​តានតឹង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ហើយ​បាន​ពណ៌នា​ថា​ប្រទេស​ទាំង​ពីរ​ជា «សម្ព័ន្ធមិត្ត»​។ លោក​បាន​និយាយ​ថា​៖ «យើង​ឃើញ​សំដី​អរិភាព​ខ្លាំង​ណាស់​ពី​ភាគី​ណាតូ និង​សហរដ្ឋអាមេរិក​ហើយ​នេះ​តម្រូវ​ឱ្យ​មាន​ការ​ពិភាក្សា​រវាង​យើង និង​ចិន​»​៕

ប្រភព៖ CNBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner