ប្រមុខការទូតកម្ពុជា-ថៃ បានបង្ហាញទំនុកចិត្តថា ប្រទេសទាំង២ នឹងអាចសម្រេចនូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥

កិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគី (11th JC) រវាងកម្ពុជា-ថៃ ត្រូវបានដឹកនាំដោយសហប្រធាន គឺឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ដន ប្រាម៉ាត់វិណៃ (Don PRAMUDWINAI)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ។

រដ្ឋមន្រ្តីការបរទេសទាំង២ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅលើវិស័យជាច្រើន ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១១ ក្រោមមូលបទ “សន្តិភាព វិបុលភាព និងការស្តារឡើងវិញទាំងអស់គ្នា” រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានពិនិត្យមើលឡើងវិញអំពីវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី១០ កាលពីឆ្នាំ២០១៦ ក៏ដូចជាលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ លើកទី៣ កាលពីឆ្នាំ២០១៧ផងដែរ។

ភាគីទាំងពីរ (កម្ពុជា-ថៃ) បានឯកភាពជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជា ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់ និងព្រំដែននៃមិត្តភាព។ ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់ផងដែរអំពីភាពចាំបាច់ក្នុងការជំរុញការបណ្តុះបណ្តាល និងការចែករំលែកព័ត៌មាន ក្នុងវិស័យសន្តិសុខ ការកាប់ឈើខុសច្បាប់ គ្រឿងញៀន ការជួញដូរអាវុធ និងមនុស្សនៅតាមព្រំដែន។

ក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត រដ្ឋមន្ត្រីការបរទេសទាំងពីរ មានទំនុកចិត្តថា នឹងអាចសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ ខាងមុខ។ ដើម្បីការងារនេះសម្រេចបានតាមផែនការ គឺរដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ស្ថាប័នពាក់ព័ន្ធស្វែងរកមធ្យោបាយនានា ដែលប្រកបដោយនវានុវត្តន៍ ដើម្បីពង្រីកវិសាលភាព និងស្វែងរកឱកាសបន្ថែមទៀតក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានឯកភាពពន្លឿនការបញ្ចប់អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីទំនិញឆ្លងកាត់ ក៏ដូចជាពិភាក្សាអំពីនីតិវិធីវិញ្ញា បនបត្រភូតគាមអនាម័យសម្រាប់ការនាំចូល និងនាំចេញផលិតផលកសិកម្ម។ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការបើកច្រកអន្តរជាតិថ្មីៗ ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនកាន់តែរហ័ស និងប្រសើរជាងមុន៕ដោយ-សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner