រាជរដ្ឋាភិបាលបន្តផ្តល់ឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារងាយរងគ្រោះរហូតដល់ខែកញ្ញាឆ្នាំ២០២២ (Video Inside)
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នបានថ្លែងថារាជរដ្ឋាភិបាល នឹងបន្ត ឧបត្ថម្ភសាច់ប្រាក់ជូនដល់ក្រុមគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ១៩ រហូតដល់ ដំណាច់ខែកញ្ញា ឆ្នាំ២០២២។
ការប្រកាសបន្តឧបត្ថម្ភសាច់ប្រាក់នេះ បានធ្វើឡើងនៅទន្ទឹមនឹងភាពមិនប្រាកដ ប្រជារបស់ពិភពលោកដែលមិនអាចបញ្ជាក់ថាតើពេលណាដែលជម្ងឺកូវីដ១៩នឹងអាចបញ្ចប់ទៅបានឡើយ។ នៅទន្ទឹមនឹងនេះទៀត រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ក្នុងសប្តាហ៍នេះ បានថ្លែងដាស់ តឿនដល់ប្រជាពលរដ្ឋថា ឆ្នាំ២០២២ជិតមកដល់នេះ គឺជាឆ្នាំដែលវីរុសអូមីក្រុងនឹងធ្វើចរាចរណ៍ពាសពេញពិភព លោកថែមទៀត។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលជាឧបនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងពិធីមួយ តាមប្រព័ន្ធវីដេអូថ្ងៃនេះ បញ្ជាក់ថារាជរដ្ឋាភិបាល នឹងបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ១៩ សម្រាប់រយៈពេល ៩ខែបន្តទៅមុខទៀត។ លោកអូន ព័ន្ធមុនីរ័ត្ន នៅបាន បន្ថែមទៀតថា រាជរដ្ឋាភិបាលក៏នឹងបន្តផ្តល់ការអនុគ្រោះផ្នែកពន្ធសម្រាប់ឆមាសទី១នៃឆ្នាំ ២០២២ ដល់ប្រតិបត្តិ ករនៅក្នុងវិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ ដើម្បីផ្តល់ការគាំទ្របន្ថែម ដល់ធុរជនពាក់ព័ន្ធក្នុងការកែ លម្អ និងត្រៀមខ្លួនទទួលស្វាគមន៍ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បន្ទាប់ពីកម្ពុជា ត្រូវបានបើកពេញលេញឡើង វិញចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២១មក។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា បានថ្លែងឱ្យដឹងទៀតដែរ ថា រាជរដ្ឋាភិបាលក៏បានត្រៀមថវិកាប្រមាណ២៥០លានដុល្លារអាមេរិក នៅឆ្នាំ២០២២ សម្រាប់ការផ្តល់ឥណ ទានដោយត្រង់ពីធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដោយ កំណត់អត្រាការប្រាក់ដែលមានលក្ខណៈ ប្រកួតប្រជែង, ក្នុងរង្វង់ពី៥% ទៅ ៥.៥% ប៉ុណ្ណោះ, សម្រាប់វិស័យ អាទិភាពសំខាន់ៗ ដូចជា វិស័យ កសិកម្ម, វិស័យអេកូទេសចរណ៍ និងវិស័យអាទិភាពមួយចំនួនទៀត។