ផ្ទះ១ ខ្នងត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ ១គ្រួសារក្នុងស្រុកថ្មពួក
បន្ទាយមានជ័យ ៖ ផ្ទះថ្មី ១ខ្នងដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបាន ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអអ្ជើញប្រគល់ជូនគ្រួសារក្រីក្រ រស់នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ។
ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍ថា ផ្ទះថ្មីនៅចំពោះមុខនាពេលនេះ គឺជាផ្ទះមនុស្សធម៌ទី៧ហើយសម្រាប់ខេត្តបន្ទាយមានជ័យ ដែលមានលក្ខណៈសមរម្យហើយរឹងមាំដែលអាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត ហើយពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំ ។
គោលការណ៍របស់កាកបាទក្រហម គឺទីណាប្រជាពលរដ្ឋជួបការលំបាក ទីនោះគឺមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុល ឬ និន្នការនយោបាយអ្វីឡើយ ដូចមានទិសស្លោកពោលថា (កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នាដោយមិនទុកនណាម្នាក់ចោលនោះឡើយ)។
ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា អំណោយផ្ទះ១ខ្នងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានសាងសង់រួចជាស្ថាពរ និងប្រគល់ជូនគ្រួសារក្រីក្រពិតប្រកដមានឈ្មោះ ធិប ឡោម អាយុ ៥៣ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ផ្ទះនេះមានទំហំ ៤ម៉ែត្រ គុណ ៧ម៉ែត្រ កម្ពស់ ៣.៨ម៉ែត្រ សង់ពីដែក ប្រក់សង័្កសី ជញ្ជាំងសង្ក័សី បាតចាក់ស៊ីម៉ង់សង់ផ្ទាល់ដី ជាជំនួយឧបត្ថម្ភថវិកាកាកបាទក្រហមកម្ពុជាខេត្ត ជាង ២៣៩០.១០ដុល្លា(មូលនិធិសាខា១០០%)។
ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមការងារបានផ្តល់អំណោយឧបត្ថម្ភជូនគ្រួសារទទួលផ្ទះរួមមាន អង្ករ ៥០គីឡូក្រាម,ត្រីខ ១០កំប៉ុង,មី០១កេសតូច,ទឹកស៊ីអ៊ីវ ០៦ដប, មុង១,ភួយ ១, សារុង០១,ក្រម៉ា ០១,អាវយឺត០៥, ធុងទឹកជ័រចំណុះ ៦០លីត្រ១ ប្លាស្ទីក ០១ផ្ទាំង,កន្ទេលជ័រ ០១,ឆ្នាំង ០២ ,ចានបាយ ០៥ និងស្លាបព្រាដែក ០៥ ៕ ដោយ ៖ ឃិន គន្ធា