ចិនចេញវិធានការបិទខ្ទប់ទីក្រុងស៊ីអាន ខណៈដែលករណីកូវីដកើនឡើង
អាជ្ញាធរចិនចេញវិធានការបិទខ្ទប់ក្រុងស៊ីអាន (Xi’an) ភាគខាងជើងនៃប្រទេសនេះ ហើយវាមានប្រជាពលរដ្ឋរស់នៅជាង ១៣ លាននាក់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងកើនឡើងរហូតដល់ជាង ១៤០ នៃករណីថ្មីរាប់ចាប់តាំងពីថ្ងៃទី ៩ ខែធ្នូមក។

ក្រោមការរឹតបន្តឹងថ្មីដែលប្រកាសឡើងកាលពីថ្ងៃពុធ មានតែមនុស្សម្នាក់ប៉ុណ្ណោះក្នុងមួយគ្រួសារអាចចេញពីផ្ទះរៀងរាល់ពីរថ្ងៃម្ដង ដើម្បីទិញទំនិញសំខាន់ៗ ហើយនរណាម្នាក់អាចចេញទៅក្រៅបាន លុះត្រាតែស្ថិតនៅក្នុងកាលៈទេសៈណាមួយដោយមានការអនុញ្ញាតមន្រ្តីអាជ្ញាធរក្នុងតំបន់។
ការរឹតបន្តឹងនេះចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ម៉ោងក្នុងស្រុក ហើយគេនៅមិនទាន់ដឹងថានឹងមានរយៈពេលប៉ុន្មាននោះទេ។
ចិនទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩បានមួយកម្រិតចាប់ពីពាក់កណ្ដាលឆ្នាំមុន នៅពេលដែលប្រទេសនេះចេញវិធានការរឹតបន្តឹងព្រំដែន បិទខ្ទប់តំបន់គោលដៅ និងតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេលយូរ ក្នុងយុទ្ធនាការកូវីដ-សូន្យ។ ប្រទេសនេះកាន់តែដាក់ខ្លួនឱ្យកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ថែមទៀត ខណៈត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នាខែកុម្ភៈខាងមុខ។
មកទល់ពេលនេះ ចិនមានអ្នកឆ្លងជំងឺកូវីដ-១៩ជាង ១ សែនករណី និងស្លាប់ ៤ ៨៤៩ ករណី រាប់តាំងពីវីរុសនេះផ្ទុះបែកនៅក្រុងវ៉ូហានកាលពីចុងឆ្នាំ ២០១៩។