កម្ពុជា-វៀតណាម ឯកភាពគ្នាបន្តពូនជ្រុំ ភាពជាអ្នកជិតខាងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ និងយូរអង្វែង
ភ្នំពេញ៖ នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី១៣ ខែធ្នូនេះលោកជំទាវកិត្តិសង្គហបណ្ឌិត
ឃួន សុដារី ប្រធានរដ្ឋសភាស្តីទីជួប ពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គម និយមវៀតណាម ដឹកនាំដោយឯកឧត្តម ជឿង ហ័រប៊ីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការខណៈដែលគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវកានៅកម្ពុជាពីថ្ងៃទី ១២-១៣ ខែធ្នូ ឆ្នាំ២០១៩។
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភាស្តីទីមានប្រសាសន៍លើកឡើងថា៖ ដំណើរទស្សនកិច្ច ឯកឧត្តម រួមចំណែកពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរនិងបានកសាងនូវមូលដ្ឋានដ៏រឹងមាំគ្រប់កាលៈទេសៈទាំងអស់ ។ ប្រជាជនកម្ពុជា ដឹងគុណពីការចូលរួមពីសំណាក់កងទ័ពវៀតណាម រំដោះកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត ។ ក្នុងរយៈពេលជិត៣ទស្សវត្សមកនេះ វៀតណាមមានការរីកចំរើនសេដ្ឋកិច្ចជឿនលឿន ដែលបក្ស និងរដ្ឋវៀតណាម កសាងអភិវឌ្ឍន៍ប្រទេសរីកចំរើនខ្លាំង ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភាស្តីទីបញ្ជាក់ទៀតថា-វៀតណាមមានសេដ្ឋកិច្ចរីកចម្រើនឈរលំដាប់ទី២បន្ទាប់ពីសិង្ហបុរី ។ សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរវិញ បានធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យការទូតសភាក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តាមរយៈវេទិកាអន្តរ សភាទាំងក្នុងតំបន់ និងសកលលោកគ្នាទៅវិញ ទៅមក ស្របតាមទស្សនៈ និងគោលជំហររបស់ បក្ស រដ្ឋ និងរដ្ឋាភិបាលរៀងៗខ្លួន។
ជាការឆ្លើយតបឯកឧត្តម ជឿង ហ័រប៊ីញ ឧបនាយករដ្ឋ មន្ត្រីប្រចាំការ សាធារណរដ្ឋសង្គមនិយមវៀតណាម មានប្រសាសន៍បញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកទី១ក្នុងតួនាទីសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ឯកឧត្តម មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើននៃប្រទេសកម្ពុជា និងអបអរសាទរចំពោះការបន្តអភិវឌ្ឍរីកចម្រើនបន្តទៅទៀតដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍។
ឯកឧត្តមប្រធានគណៈប្រតិភូបានបញ្ជាក់ទៀតថា ចំណងទំនាក់ទំនងពិសេសរវាងវៀតណាម-កម្ពុជា មានការរីកចំរើនយ៉ាងខ្លាំងក្លា និងគ្រប់ដំណាក់កាល កសាងអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចម្រើន ។ ជាពិសេសប្រទេសទាំងពីរមានកិច្ចសហ ប្រតិបត្តិការគ្រប់ស្ថាប័ន រួមមានរដ្ឋសភា ព្រឹទ្ធ រដ្ឋាភិបាលនិងរដ្ឋាភិបាល បានសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អ។ ឯកឧត្តមមានប្រសាសន៍បញ្ជាក់ទៀតថា ប្រទេសទាំងពីរបានបន្តសហការ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ វប្បធម៌ ។ល។ ជាមួយគ្នានោះដែរឯកឧត្តម បញ្ជាក់ថា វៀតណាម បន្តជួយកម្ពុជា លើការបណ្តុះ បណ្តាលធនធានមនុស្ស លើវិស័យយុត្តិធម៌ និងវិស័យផ្សេងៗទៀត៕ធ.ដ