អាជ្ញាធរថៃ និងក្រុមសកម្មប្រយុទ្ធម៉ាឡេឥស្លាមភាគខាងត្បូងគ្រោងជួបចរចាគ្នាស្វែងរកសន្តិភាព
អាជ្ញាធរថៃ និងក្រុមសកម្មប្រយុទ្ធម៉ាឡេកាន់សាសនាឥស្លាមនៅប៉ែកខាងត្បូងនៃប្រទេសថៃ គ្រោងនឹងជួបចរចាគ្នាស្វែងរកសន្តិភាព នៅខែមករាឆ្នាំក្រោយនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននីកេ (Nikkei Asian Review)។
ក្រុមអ្នកចរចារដ្ឋាភិបាលថៃតំណាងដោយលោកឧត្ដមសេនីយ៍ Wanlop Rugsanaoh ប្រមុខនៃក្រុមការងារទទួលបន្ទុកការចរចាស្វែងរកសន្តិភាពថៃ ចំណែកភាគីម្ខាងទៀតនោះគឺតំណាងដោយលោក Anas Abdulrahman ជាអ្នកតំណាងរបស់ក្រុមសកម្មប្រយុទ្ធរណសិរ្សបដិវត្តន៍ជាតិ (BRN) ហើយជាក្រុមសកម្មប្រយុទ្ធដ៏ធំមួយផងដែរ។
ភាគីទាំងពីរបានជួបគ្នាកាលពីខែមីនាឆ្នាំ២០២០នេះ ពោលគឺមុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩។ ប៉ុន្តែបើតាមប្រភពពីស្ថាប័នសន្តិសុខជាតិថៃប្រាប់ទៅសារព័ត៌មាននីកេ ភាគីទាំងពីរនៅតែបន្តជួបគ្នាតាមប្រព័ន្ធវីដេអូ តែជំនួបទាំងនេះជាជំនួបពិភាក្សាក្នុងកម្រិតបច្ចេកទេសថ្នាក់ទាបប៉ុណ្ណោះ។
បើយោងតាមអ្នកស្រី Rungrawee Chalermsripinyorat គ្រូឧទ្ទេសនៃសាកលវិទ្យាល័យព្រះអង្គម្ចាស់សុងក្លា នៃខេត្តប៉ាតានី ក្រុម BRN បានធ្វើការទាមទារចំនួន៣ចំណុច ពីរដ្ឋាភិបាលថៃ៖ (១) ដំណោះស្រាយនយោបាយដែលសមស្របតាមសេចក្ដីប្រាថ្នារបស់ជនជាតិភាគតិចម៉ាឡេកាន់ឥស្លាម (២) ការបន្ថយប្រតិបត្តិការយោធា និង (៣) «គំនិតបរិយាប័ន្ន» ហើយវានឹងអញ្ចើញចូលរួមដោយតំណាងសង្គមស៊ីវិល អ្នកតំណាងខាងសាសនា និងអ្នកនយោបាយ និងថ្នាក់ដឹកនាំសហគមន៍នៅក្នុងកិច្ចសន្ទនាសន្តិភាព។
អ្នកស្រីបានប្រាប់សារព័ត៌មាននីកេថា បញ្ហាទាំងអស់នេះអាចនឹងលើកយកមកពិភាក្សាក្នុងកិច្ចសន្ទនានៅក្នុងប្រទេសម៉ាឡេស៊ីនាពេលខាងមុខនេះ។
លោក Wanlop ត្រូវបានគេចាត់ទុកថាជាអ្នកចរចាមានទំនោរប្រកាន់ភាពកណ្ដាល ស្របពេលដែលយោធាថៃភាគច្រើននៅតែចាត់ទុកថា ក្រុមចលនាប្រដាប់អាវុធម៉ាឡេនៅចុងភាគខាងត្បូងជា «អង្គការឧក្រិដ្ឋកម្ម»។ ចំណែកឯខាងក្រុមសកម្មប្រយុទ្ធ BRN ក៏មានបញ្ហាប្រឈមស្រដៀងគ្នាផងដែរ ដោយក្រុមអ្នកចរចាធានាចង់បានសន្តិភាព តែក្រុមប្រដាប់អាវុធនាំគ្នាទៅបង្ករឿងថែមទៀតទៅវិញ។
នៅភាគខាងត្បូងប្រទេសថៃជាពិសេសនៅខេត្តចំនួន ៣គឺ ប៉ាតាណា (Pattani) យ៉ាឡា (Yala) និងណារ៉ាធីវ៉ាត់ (Narathiwat) មានការប៉ះទង្គិចគ្នារវាងក្រុមសកម្មប្រយុទ្ធជនជាតិភាគតិចម៉ាឡេកាន់សាសនាឥស្លាម និងអាជ្ញាធរថៃ ដោយសារតែមានភាពមិនចុះសម្រុងគ្នាផ្នែកអភិបាលកិច្ចរបស់ថៃ ចំពោះការទំនុកបម្រុងដល់ជនជាតិភាគតិចម៉ាឡេនៅលើទឹកដីថៃ។
ជនជាតិភាគតិចម៉ាឡេ ត្រូវបានអាជ្ញាធរថៃបដិសេធមិនឱ្យប្រើប្រាស់ភាសារបស់ខ្លួននៅក្នុងកិច្ចការរដ្ឋបាលថ្នាក់មូលដ្ឋាន ហើយថែមទាំងមិនមានឱកាសគ្រប់គ្រាន់នៅក្នុងការចូលរួមកិច្ចការនយោបាយ និងសេដ្ឋកិច្ចទៀតផង។
យ៉ាងណាមិញ ភាពមិនចុះសម្រុងគ្នាទាំងនេះមានឫសគល់ជាយូរមកហើយ ពោលគឺកើតចេញនៅចុងសតវត្សទី១៨ នៅពេលដែលរាជវង្សចក្រី (បុព្វបុរសរបស់ស្ដេចថៃបច្ចុប្បន្ន) ធ្វើការឈ្លានពាន និងកាន់កាប់ទាំងស្រុងនូវរាជាណាចក្រប៉ាតានី ឬ មានឈ្មោះជាផ្លូវការថា ប៉ាតានីដារុយសាឡឹម ដែលត្រូវចាត់ទុកថាជារាជាណាចក្រនៃជនជាតិម៉ាឡេ-ប៉ាតានី កាន់សាសនាឥស្លាម។
ស្មារតីជាតិនិយមថៃបានជំរុញឱ្យមាន ថៃនីយកម្មទៅកាន់ជនជាតិដើមនៅតំបន់ភាគទក្សិណប្រទេសថៃនេះ។ រហូតដល់ទសវត្សឆ្នាំ១៩៦០ នៅតំបន់នោះមានការកកើតឡើងនូវចលនាប្រដាប់អាវុធនានា ហើយចលនាទាំងនោះបានបង្កជាអំពើភេរវកម្មប្រឆាំងនឹងជនជាតិថៃ ហើយមានពេលខ្លះថែមទាំងធ្វើទុក្ខបុកម្នេញដល់រាជវង្សានុវង្សថៃទៀតផង។
ចលនាទាំងអស់នេះត្រូវបានបង្ក្រាបអស់មួយចំនួនធំអំឡុងទសវត្សឆ្នាំ១៩៨០ ពោលគឺស្ថិតក្រោមរាជការរបស់លោកនាយករដ្ឋមន្ត្រី ព្រេម ទិណស៊ូឡានន្ទ (Prem Tinsulanonda)។ នៅពេលនោះលោកបានបង្កើតអង្គភាពមួយឈ្មោះថា មជ្ឈមណ្ឌលរដ្ឋបាលខេត្តជាប់ព្រំដែនភាគខាងត្បូង (SBPAC)។ អង្គភាពនេះដើរតួនាទីជាអ្នកសម្របសម្រួលរវាងរដ្ឋាភិបាលរាជធានីបាងកក និងរដ្ឋបាលខេត្តភាគខាងត្បូងទាំងនោះ។
ទោះជាយ៉ាងណាមិញ ស្ថាប័នរដ្ឋបាលនេះត្រូវបានរំលាយចោលដោយរដ្ឋាភិបាលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីឆ្នាំ២០០២នេះ។ ការរំលាយចោលនេះធ្វើឡើងក្រោមគោលបំណងធ្វើមជ្ឈការអភិបាលកិច្ច ដោយប្រមូលផ្ដុំការសម្រេចចិត្តនានាទៅឱ្យរដ្ឋាភិបាលក្រុងបាងកកទាំងអស់។
ត្រង់ចំណុចនេះហើយទើបអំពើហិង្សា និងអំពើភេរវកម្មត្រូវបានកើតឡើងវិញ។ ចាប់តាំងពីឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្នមានមនុស្សប្រមាណ ៧ពាន់នាក់បានបាត់បង់ជីវិត ហើយមនុស្សប្រមាណច្រើនជាង ១ម៉ឺននាក់បានរងរបួស។ អ្នកស្លាប់ និងរបួសគឺគ្រប់ភាគីទាំងអស់ចាប់តាំងពីជនជាតិថៃស៊ីវិល ថៃទាហាន ជនជាតិភាគតិចម៉ាឡេជាដើម។
កន្លងមកក៏មានកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងបញ្ឈប់ការបង្ហូរឈាមដាក់គ្នាតាមរយៈការចរចានានា។ រដ្ឋាភិបាលអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជាអ្នកផ្ដួចផ្ដើមឱ្យមានការចរចានេះ តែប្រសិទ្ធិភាពចាប់ផ្ដើមមានក្រោយពេលដែលរដ្ឋប្រហារឆ្នាំ២០១៤ ពោលគឺចាប់តាំងពីលោក ប្រាយុទ្ធ ចាន់អូឆា ឡើងកាន់តំណែង៕

ប្រភព៖ Nikkie Asia