ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងមុខរបរនានារបស់លោកអ្នកមានដំណើរការល្អប្រសើរណាស់។ លោកអ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងបានតាមការបំណងប្រាថ្នា។ ក្នុងនោះចំពោះលោកអ្នកជាអាជីករកាន់តែទទួលបានភោគផលយ៉ាងគាប់ប្រសើរប្រសិនបើលោកផ្តើមជំហានការងារពីព្រឹកព្រលឹម។ ក្នុងនោះ អារម្មណ៍របស់លោកអ្នកទទួលបានសេចក្តីសុខសន្តិភាពយ៉ាងប្រសើរណាស់​ អាស្រ័យលើអំណោយផលដ៏ប្រសើរនេះ លោកអ្នកក៏អាចធ្វើឲ្យមនុស្សនៅជុំវិញស្រលាញ់គាំទ្រ និងជួយយកអាសារអ្នកផងដែរ។ ដោយឡែក អ្នកអាចវាយតម្លៃស្ថានភាពបានត្រឹមត្រូវ ប្រសិនអ្នកស្តាប់អារម្មណ៍ ខ្លួនឯង។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុតសម្រាប់ការធ្វើកិច្ចសន្ទនា ឬចរចាការងារតូចធំ។ លោកអ្នកក៏រំពឹងថាទទួលបានអំណោយផលយ៉ាងប្រសើរក្នុងការអភិវឌ្ឍន៍ការងារគ្រប់កាលទេស។ ក្នុងនោះសូមលោកអ្នកត្រៀមខ្លួនសម្រាប់ការបំពេញបេសកកម្មការងារផ្លូវឆ្ងាយ ធ្វើយ៉ាងណាប្រមូលពត៌មានលំអិតឲ្យបានច្រើនបំផុត។ ផ្ទុយទៅវិញសូមប្រយ័ត្នចំពោះការផ្តល់ជូន ពីព្រោះលោកអ្នកអាចជួបនូវភាពរអាក់រអួលបន្តិចនៅពេលព្រឹក ដូច្នេះយកល្អត្រូវបំពេញការងារឲ្យបានរួសរាន់។ វេលានេះក៏ជាពេលដែលល្អសម្រាប់ការដោះដូរការងារ ឬកែប្រែរបត់ការងារផងដែរ ​ដូច្នេះមិនបាច់មានការស្ទាក់ស្ទើរនោះទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារបស់លោកអ្នកមានដំណើរការល្អប្រសើរក៏ប៉ុន្តែលោកអ្នកក៏ត្រូវអត់ធ្មត់ចំពោះហេតុការណ៍ និងបរិស្ថានជុំវិញផងដែរ។ ភាពស្មោះត្រង់មានតម្លៃពិសេសក្នុងពេលនេះ ពិសេសធ្វើយ៉ាងណាកុំបង្កើតកំហុសជាមួយមិត្តរួមការងាររបស់អ្នកឡើយ។ ជម្លោះ និងមតិរិះគន់ខ្លះអាចមានសញ្ញាណវិជ្ជមាននៅពេលព្រឹក ដូច្នេះសូមរក្សាពាក្យសំដី និងអាកប្បកិរិយាជាពិសេស។ ដោយឡែក ប្រសិនបើលោកអ្នកមានបំណងចង់ផ្លាស់ប្តូរការងារ សូមពិនិត្យតាមដានពត៌មានឲ្យបានច្បាស់ ក្រែងមានការខកបំណង។ ផ្ទុយទៅវិញ សូមកុំព្យាយាមភ្ជាប់សារសំខាន់ទៅនឹងពាក្យសម្តី។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ពេលវេលាថ្ងៃនេះអនុគ្រោះដល់សកម្មភាពអាជីវកម្ម ប៉ុន្តែសូមពង្រឹងការទំនាក់ទំនងជាមុនសិន។ ទន្ទឹមនឹងនេះសូមកុំទាន់បោះជំហានប្រសិនបើមិនយល់ច្បាស់ពីការងារ ឬខ្វះខាតពត៌មាន ពីព្រោះក្នុងថ្ងៃនេះបញ្ហាទាំងអស់មិនទាន់អាចដោះស្រាយបានទាំងស្រុងនៅឡើយទេ។ ការប្រថុយប្រថានមិនមែនជាជម្រើសល្អប្រសើរនោះទេ។ ក្រៅពីនេះ​សូមកាត់បន្ថយល្បឿនការងារ​ កុំបង្ខំខ្លួនឯងជ្រុលពេក គួររកពេលសម្រាកខ្លះ និងធ្វើការថ្លឹងថ្លែងឲ្យសមាមាត្ររវាងការងារ និងសេចក្តីផ្ទាល់ខ្លួន។ ក្រៅពីនេះ សូមកំណត់ទំងន់ការងារ និងការទទួលខុសត្រូវ។​

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរក្នុងការជួបប្រាស្រ័យទាក់ទងច្រើននោះទេ។ ការឈ្លោះប្រកែកអាចកើតឡើងនៅក្នុងរង្វង់ការងារ ដូច្នេះសូមព្យាយាមជៀសវាងឲ្យខានតែបាន។ កំហុសក្នុងថ្ងៃនេះមិនត្រឹមតែអាចជះឥទ្ធិពលធ្ងន់ដល់ការងារទេ ប៉ុន្តែប៉ះពាល់ដល់ទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ លោកអ្នកគួររក្សាអ្វីៗឲ្យស្ថិតក្នុងទម្រង់ធម្មតា ការហក់លោតច្រើនមិនអាចផ្តល់តាមការរំពឹង ប៉ុន្តែបែរជាទទួលបានការលំបាកបន្ថែម។ បើទោះបីជាយ៉ាងនេះក្តី សូមកុំបាក់ទឹកចិត្តពីព្រោះក្នុងអនាគតដ៏ខ្លីស្ថានភាពនេះនឹងប្រែប្រួលជាល្អប្រសើរ។ 

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថាមពលវិជ្ជមានក្នុងថ្ងៃនេះ ផ្តល់ជូនលោកអ្នកនូវទំនុកចិត្តពេញលេញចំពោះសមត្ថភាពរបស់ខ្លួន ដូច្នេះការបំពេញការងារតាមចំណង់ចំណូលចិត្តនឹងទទួលបានទិន្នផលកាន់តែប្រសើរ។ ក្នុងនោះរាល់ការផ្លាស់ប្តូរ ការបង្កើតការងារថ្មី ឬការដោះស្រាយបញ្ហានឹងទទួលបានភាពជោគជ័យ និងទិន្នផលដ៏រីកចម្រើនយ៉ាងប្រសើរ។ ហើយប្រសិនបើអ្នកគិតចង់បំពេញបំណងទាក់ទងនឹងសេចក្តីសុខផ្ទាល់ខ្លួនក៏រឹតតែប្រសើរ។ ក្រៅពីនេះ លាភសំណាងថ្ងៃនេះមានទំនាក់ទំនងនឹងការងារដែលបានបំពេញកន្លងមក ដូច្នេះធ្វើយ៉ាងណាពិនិត្យឳកាសទាំងនោះកុំឲ្យកន្លងផុត។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអារម្មណ៍របស់អ្នកហាក់មិនសូវគ្រប់គ្រងបានល្អនោះទេ។ អ្នកអាចទទួលរងឥទ្ធិពលពីខាងក្រៅច្រើនជាងសព្វដង ដូច្នេះបើអ្នកមិនមានជំនឿចិត្ត ឬស្គាល់ខ្លួនឯងនោះទេ គឺអាចនឹងងាយបាត់បង់លំនឹងយ៉ាងខ្លាំង។ ចំពោះការចាយវាយលុយកាក់ច្រើន​ ឬការបោះទុនលើអាជីវកម្មក្នុងពេលនេះប្រហែលមិនមែនជាជម្រើសល្អប្រសើរនោះទេ គួរផ្អាកការសម្រេចចិត្តសិន។ លើសពីនេះ សូមធ្វើការពិភាក្សាប្រសិនបើអ្នកជួបបញ្ហា ដាច់ខាតកុំធ្វើការប្រថុយប្រថានលើស្ថានភាពណាមួយឡើយ។ ក្នុងនោះក៏សូមជឿជាក់លើខ្លួនឯង និងវាយតម្លៃការងារដោយភាពម៉ត់ចត់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលចំពោះការអត់ធ្មត់ ដែលជាវិធីសាស្រ្តវិជ្ជមានរបស់អាជីវកម្មក្នុងថ្ងៃនេះ។ សូមចាត់ចែងភារកិច្ចផ្លូវការរបស់អ្នកឲ្យបានសមហេតុផល។ កុំខ្ជះខ្ជាយពេលវេលាធ្វើការដោយឥតប្រយោជន៍។ ព្យាយាមលុបបំបាត់ការភ្ញាក់ផ្អើលទាំងឡាយ ប៉ុន្តែសំងំធ្វើកិច្ចការឲ្យទទួលបានទិន្នផលល្អ។ ក្នុងខែរនោចនេះ សូមគិតគូរពីរបបអាហារ ថែរក្សាសុខភាព រួមទាំងការគ្រប់គ្រងអារម្មណ៍ផងដែរ។ ក្រៅពីនេះ សូមធ្វើកិច្ចការ ឬបំពេញកាតព្វកិច្ចដោយយោងទៅលើបទពិសោធន៍។ សូមបញ្ចៀសពីការជួបជុំ ឬកិច្ចពិភាក្សាលើប្រធានបទក្រៅពីការងារ ដោយសារកំហុសងាយកើតឡើង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម និងកិច្ចការងាររបស់រំពឹងថាទទួលបានភាពចម្រើនលូតលាស់យ៉ាងប្រសើរ ប៉ុន្តែលោកអ្នកត្រូវព្យាយាមបន្ថែមផងដែរ ពីព្រោះក្នុងថ្ងៃនេះអ្នកប្រហែលជាមានការលំបាកក្នុងការសុំជំនួយពីមនុស្សនៅក្បែរខ្លួនណាស់។ អ្នកគួរចាប់ផ្តើមការងារពីព្រឹកព្រលឹម ដោយសារនៅពេលថ្ងៃបន្តិចពេលវេលាមិនសូវមានពេញលេញនោះទេ។ អ្នកក៏ត្រូវគ្រប់គ្រងទឹកចិត្តជាពិសេស ហើយកុំចាំបាច់រអ៊ូរទាំ បញ្ជាក់ប្រាប់អ្នកដទៃអំពីការងារ ឬផលលំបាករបស់អ្នកឡើយ។ ដោយឡែក លោកអ្នកអាចជួបនឹងបញ្ហារបបអាហារ ដូច្នេះសូមថែរក្សាសុខភាពឲ្យបានគត់មត់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលដែលមានអំណោយផលក្នុងការចាកចេញពីស្ថានភាពចាស់។ អ្នកអាចផ្លាស់ប្តូរការងារ ផ្លាស់ប្តូរគោលដៅ ធ្វើបោះជំហានក្នុងជំនួញបានយ៉ាងពេញលេញ ដូច្នេះមិនគួរមានភាពស្ទាក់ស្ទើរនោះទេ។ សូមលោកអ្នកធ្វើតាមអារម្មណ៍ខាងក្នុងរបស់អ្នក ហើយការជឿជាក់លើអ្នកដទៃគួរតែកាត់បន្ថយឲ្យបានក្នុងកំរិតអតិបរមា។ សូមលោកអ្នកចងចាំថា គួរធ្វើឲ្យមានសណ្តាប់ធ្នាប់រាល់កិច្ចការទាំងអស់។ ក្នុងនោះការផ្តល់ជូនត្រូវតែយកចិត្តទុកដាក់ ប្រយ័ត្នបាត់ចាញ់បោកបញ្ឆោតគេ។ ដោយឡែក សុខភាពរបស់អ្នកហាក់មានផលប៉ះពាល់ខ្លះៗ ពិសេសការថ្លោះគ្រិច និងរបួសស្នាម។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានទឹកចិត្តល្អ បើកចំហរចំពោះការទំនាក់ទំនង។ លោកអ្នកអាចធ្វើអ្វីទៅតាមបំណងរបស់ខ្លួនបាន ប៉ុន្តែក៏ត្រូវការការណែនាំពីមនុស្សជាទីស្រលាញ់ដែលនៅក្បែរខ្លួនផងដែរ។ ប្រសិនបើលោកអ្នកមិនពេញចិត្តជាមួយការងារបច្ចុប្បន្នគឺលោកអ្នកអាចផ្លាស់ប្តូរបានដោយមិនជំទាស់នោះទេ។ ក្រៅពីនេះ​សូមលោកអ្នកកុំមានការព្រួយបារម្ភ ឬដាក់ខ្លួនឯងចំពោះការប្រថុយប្រថាន ពីព្រោះលោកអ្នកទទួលបានអំណោយផលនែការគ្រប់គ្រង និងដោះស្រាយស្ថានការណ៍បានល្អ។ ដោយឡែក សូមកុំស្ទាក់ស្ទើរក្នុងការសំដែងប្រាប់ពីអារម្មណ៍ពិត និងគំនិតយោបល់របស់អ្នក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះផ្តល់នូវថាមពលវិជ្ជមានក្នុងការវិនិយោគប្រាក់ប្រកបដោយជោគជ័យ។ លោកអ្នកក៏គួរបង្កើតទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនសម្រាប់ភាពរីករាយផ្ទាល់ខ្លួន តែមិនឲ្យមានភាពខ្ជិលច្រអូសនោះទេ។ ថ្ងៃនេះល្អណាស់សម្រាប់ការដើរទិញឥវ៉ាន់ និងពាណិជ្ជកម្ម បើទោះបីជាត្រូវចំណាយច្រើនក៏ដោយ គឺវានឹងមិនប៉ះពាល់ដល់កំរិតហិរញ្ញវត្ថុនោះទេ។ ដោយឡែក សូមកុំព្យាយាមដោះស្រាយបញ្ហាតែម្នាក់ឯងប្រសិនបើអ្នកមិនទុកចិត្ត ឬមិនមានភាពច្បាស់លាស់។  ក្រៅពីនេះលោកអ្នកទទួលបានអំណោយផលពិសេសក្នុងការយល់ដឹង និងគ្រប់គ្រងស្ថានការណ៍។

ចំណាំ៖

ឆ្នាំទាំង៤ ជូត ឆ្លូវ ម្សាញ់ កុរ ​រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានលាភសំណាង ឳកាសរីកចម្រើនក្នុងការងារ ព្រមទាំងលុយកាក់ពេញបរិបូណ៍ផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner