សមាគមចលនាយុវជនកម្ពុជា (ក្រុម 157) សាខាខេត្តកំពង់ឆ្នាំងបាននាំអំណោយជាស្បៀងនិងថវិកាជូនដល់ រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីការងារ មនុស្សធម៌
កំពង់ឆ្នាំង ៖ ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ ជាមួយរដ្ឋបាលខេត្ត ថ្ងៃនេះសមាគមចលនាយុវជនកម្ពុជា (ក្រុម157) បាននាំយកនូវស្បៀងអាហារ និងថវិកា ផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ទុកជួយដល់បងប្អូនប្រជាពលរដ្ឋ ជួបការខ្វះខាតដោយកត្តាកូវីដ19 និងរងគ្រោះដោយបញ្ហាផ្សេងៗ ។
ឯកឧត្តម កែវ សុវណ្ណារ៉ា ប្រធានកិត្តិយសសមាគមចលនាយុវជន(ក្រុម 157) សាខាខេត្តកំពង់ឆ្នាំង មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញ នាំយកអំណោយជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី 26 ខែធ្នូ ឆ្នាំ2021 ។
ឯកឧត្តមបានបន្តឲ្យដឹងទៀតថា សមាគមចលនាយុវជនកម្ពុជា (ក្រុម 157) សាខាខេត្តកំពង់ឆ្នាំងជានិច្ចកាល តែងតែបានចូលរួមយ៉ាង សកម្មភាព ក្នុងការងារ មនុស្សធម៌ជាមួយអាជ្ញាធរ ក្រុង ស្រុកនិងខេត្ត និងជួយដល់ ការងារសង្គម ដូចជាការចូលរួមកសាងផ្លូវ ស្តាប្រឡាយនិងជួសជុលលំនៅដ្ឋានប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ជាដើម ។ ជាក់ស្ដែងថ្ងៃនេះសមាគម ចលនាយុវជនកម្ពុជា (ក្រុម 157) សាខាខេត្តកំពង់ឆ្នាំង បាននាំយកនូវស្បៀងអាហារនិងថវិកាមកផ្ដល់ជូនរដ្ឋបាលខេត្ត សម្រាប់ទុកជូនបងប្អូនប្រជាពលរដ្ឋជួបការខ្វះខាតនិងរងគ្រោះ ផ្សេងៗ ដែលក្នុងនោះមានអង្ករ 157ការ៉ុង ត្រីខ 157 យួរ ទឹកស៊ីអ៊ីវ 157យួរ ទឹកត្រី 157យួរ មី 157កេស និងថវិកាប្រាក់ដុល្លារ 157ដុល្លារនិង 5លានរៀលផងដែរ ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏បានថ្លែងអំណរគុណ ដល់សមាគមចលនាយុវជនកម្ពុជា (ក្រុម157)សាខា ខេត្តកំពង់ឆ្នាំង ដែលបាននាំអំណោយជាស្បៀងនិងថវិការ មកដល់ជូនរដ្ឋបាលខេត្ត សម្រាប់ការងារមនុស្សធម៌ ។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានបញ្ជាក់ពីគោលបំណង របស់ឯកឧត្តម ក្នុងការជួយជ្រោមជ្រែងនិងពង្រឹង សមត្ថភាព ដល់សមាគមចលនាយុវជនកម្ពុជា (ក្រុម 157) ដោយគ្រោងផ្ដល់ ដី និង ថវិកា សម្រាប់ជួយដល់សមាគមចលនាជនកម្ពុជា (ក្រុម 157) សម្រាប់ពង្រីក មុខរបរកសិកម្ម ចិញ្ចឹមសត្វ ហើយពេលទទួលផល អាជ្ញាធរខេត្ត និងប្រមូលថវិកាដើមវិញ ទុកតែប្រាក់ចំណេញ ឱ្យសមាគម ដំណើរការ បន្តដើម្បីជួយដល់ការងារមនុស្សធម៌ជាបន្តទៀត ៕សុខ គឹមសៀន






