រថយន្តឡិចស៊ីសពណ៌ខ្មៅ១គ្រឿង ត្រូវបានតុលាការដកហូតយកទៅរក្សាទុក ខណ:មានបណ្តឹងរបស់ម្ចាស់ដើម
តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ធ្នូ ២០១៩ បានធ្វើការដកហូតរថយន្ត Luxus 470 មួយគ្រឿង ពណ៌ខ្មៅ ស៊េរី 1998 ពាក់ស្លាកលេខ ភ្នំពេញ ២.N.៩៩២២ ស្ថិតនៅខាងក្រោយផ្សារលើ ក្នុងបរិវេណផ្ទះ ភិន លាង ហៃ លក់ទូរស័ព្ទ ក្នុង សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ដើម្បីយកទៅរក្សាទុកនៅតុលាការខេត្តជាបណ្តោះ អាសន្នសិន រង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ម្ចាស់ដើមឈ្មោះ ស ឡៃ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិសន្សំកុសល២ សង្កាត់បឹងជប៉ុន ខណ្ឌមានជ័យរាជធានីភ្នំពេញ បានជួលរថយន្ត ទៅឲ្យឈ្មោះ រ៉ាប់ បូរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅខេត្តបាត់ដំបង ក្នុងតម្លៃ១ពាន់ដុល្លារក្នុង១ខែ ក្រោយ មកក៏បាត់ដំណឹង រហូតមិនឃើញយកលុយមកបង់ ក៏មានការសង្ស័យអស់ជាង១ឆ្នាំ ក៏បានដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋានខេត្តបាត់ដំបង ដោយនៅក្នុងរថយន្តនោះមាន G.P.S ស្រាប់ក៏តាមរករហូតមកដល់ខេត្តសៀមរាប ស្រាប់តែឃើញ ហើយបានមកដាក់ពាក្យ បណ្តឹង នៅស្នងការនគរបាលខេត្តសៀមរាប រហូតដល់សុំការអនុវត្តដីការពីតុលាការខេត្តដកហូតតែម្តង ។
តាមប្រភពពីសមត្ថកិច្ចបានបង្ហើបថា ម្ចាស់ដើម រថយន្តនេះ មានឈ្មោះ ស ឡៃ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិសន្សំកុសល២ សង្កាត់បឹងជប៉ុន ខណ្ឌមានជ័យ ក្រុង ភ្នំពេញ ដែលបានជួលឡានខាងលើ ឱ្យទៅឈ្មោះ រ៉ាន់ បូរ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅខេត្តបាត់ដំបង ក្នុងតម្លៃ១ពាន់ដុល្លារក្នុង១ខែ ចាប់តាំងពីខែ៤ ឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០១៩ ទើបរកឃើញនៅខេត្តសៀមរាប ដោយមានពាក្យបណ្តឹងចំនួន២ គឺ ទី១.នៅស្នងការនគរបាលខេត្តបាត់ដំបង និង ទី២.នៅស្នងការនគរបាលខេត្តសៀមរាប ទើបឲ្យសមត្ថកិច្ច សុំដីការពីតុលាការចុះអនុវត្ត ដីការសម្រេចស្តីពីការប្រគល់វត្ថុតាងចាប់យកឲ្យទៅម្ចាស់ដើមវិញ ចេញដោយលោក អ៊ុ ចាន់ថុល អនុប្រធានសាលាដំបូងខេត្តសៀមរាប ជាចៅក្រមស៊ើបសួរ ចុះថ្ងៃទី៤ខែធ្នូឆ្នាំ២០១៩ ។ ចំពោះម្ចាស់រថយន្តដែលទិញតពីគេបានអះអាងថា មានឯកសារគ្រប់គ្រាន់នោះមានឈ្មោះ ភិន លាង ហៃ ភេទប្រុស ៣៣ឆ្នាំមុខរបរទិញលក់រថយន្ត មានទីលំនៅបច្ចុប្បន្ននៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប បានទិញរថយន្តពីឈ្មោះ ថេន ថៃឡេង ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយពីមានការដកហូតយកទៅរក្សាទុកនៅតុលាការ ម្ចាស់ទាំងសង្ខាងអះអាងថា សុទ្ធតែមានឯកសារគ្រប់គ្រាន់ដូចៗគ្នា។ បើតាមការបញ្ជាក់ពីលោក ឡុង សារ៉ាត់ អាជ្ញាសាលាដំបូងខេត្តសៀមរាប បានប្រាប់នៅកន្លែងកើតហេតុយ៉ាងខ្លីថា រូបលោកបានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលចម្រុះ ចុះមកធ្វើការអនុវត្តនេះ គឺតាមបទបញ្ជារបស់ដីការសម្រេចស្តីពីការប្រគល់វត្ថុតាងចាប់យកឲ្យទៅម្ចាស់ដើមវិញ ចេញដោយលោក អ៊ុ ចាន់ថុល អនុប្រធានសាលាដំបូងខេត្តសៀមរាប ជាចៅក្រមស៊ើបសួរ ចុះថ្ងៃទី៤ខែធ្នូឆ្នាំ២០១៩ តែប៉ុណ្ណោះ បើនិយាយលើសពីនោះក៏គ្មានដែរ ។ លោកបញ្ជាក់ថា បើចង់ប្តឹងផ្តល់គ្នាបន្តនៅតុលាការខេត្តសៀមរាប ។ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប