លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី បានទទួលជួប ឯកឧត្តម ជឿង ហ័រប៊ីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃសាធារណរដ្ឋសង្គម និយម វៀត ណាម

អត្ថបទដោយ៖
Kien Sereyvuth

 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជួប ឯកឧត្តម ជឿង ហ័រប៊ីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃសាធារណរដ្ឋ សង្គម និយម  វៀត ណាម និងគណៈប្រតិភូ ដើម្បីសម្តែងការគួសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រសៀលថ្ងៃព្រហស្បត្តិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.៣៥៦៣ ត្រូវនឹងថ្ងៃទី១២  ខែធ្នូ ឆ្នាំ២០១៩ ។
ក្នុងជំនួបនោះ ឯកឧត្តម ជឿង ហ័រប៊ីញ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ  លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  បានអនុញ្ញាតអោយឯកឧត្តមបានជួបសម្ដែងការគួរសមនាពេលនេះ  ។  ក្នុងឱកាសដែល  ឯកឧត្តម  មកបំពេញទស្សនៈកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា  ចាប់ពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៩។
ឯកឧត្តម  បានបញ្ជាក់ថា កម្ពុជាជាប្រទេសដ៏ស្រស់បំព្រងដែលគួរឲ្យចង់រស់នៅនិងស្នាក់អាស្រ័យ ។ ក្នុងន័យនេះ ឯកឧត្តម ក៏បានកោតសសើរសម្តេចតេជោ ក្នុងការដឹកនាំប្រទេសកម្ពុជាឲ្យមានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យដោយ រក្សាបាននូវស្ថានភាពសេដ្ឋកិច្ចបានយ៉ាងល្អ  ដែលការអភិវឌ្ឍន៍ទាំងនោះគឺមិនអាចកាត់ផ្តាច់បានទេពីចំណង សហប្រតិបត្តិការណ៍គ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ក្រោមការ ដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន នេះកម្ពុជា  ទទួលបាននូវស្ថិរភាពសន្ដិសុខនិង សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស វិស័យវិនិយោគពាណិជ្ជកម្ម  និងទេសចរណ៍  ។ ដោយ ឆ្លង កាត់កំណែទម្រង់ជាច្រើន ជាពិសេស  កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែ  ទម្រង់ រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ  ក្នុងរយៈពេល ២០ ឆ្នាំ  ចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យម ប្រមាណ  ៧% ដែលនាំឲ្យចំណូលរបស់ ប្រជាជន   ទូទាំងប្រទេស កាន់តែមានភាពប្រសើរឡើង ដែលអាចឈានឆ្ពោះទៅជាប្រទេស ដែលមានចំណូលមធ្យម កំរិតខ្ពស់នៅឆ្នាំ ២០៣០ និង ចំណូលខ្ពស់ នៅ ឆ្នាំ ២០៥០ ។
លោកជំទាវក៏បានចូលរួមអបអរសាទរ ចំពោះ សាធារណរដ្ឋ សង្គម និយមវៀតណាម ដែលបានជាប់ឆ្នោតជា សមាជិក  មិន អចិន្ត្រៃយ៍ នៃ ក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ ស  ម្រាប់  អាណត្តិ ឆ្នាំ ២០២០ -២០២១   ដែលបញ្ជាក់ពីការគាំទ្ររបស់ពិភពលោក ចំពោះតួនាទី  និងការចូល រួមចំណែកដ៏សំខាន់របស់វៀត ណាមនៅ ក្នុងកិច្ចខិត ខំ ប្រឹង ប្រែងដោះស្រាយបញ្ហាតំបន់  និងពិភពលោក។
ជាទីបញ្ចប់លោកជំទាវក៏បានជូនពរឲ្យគណៈប្រតិភូទទួលបាននូវការស្នាក់នៅប្រកបដោយផាសុខភាព និងទទួលបានជោគជ័យក្នុងបេសកកម្មនៅព្រះរាចាណាចក្រកម្ពុជា។

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner