កិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣
នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០១៩ មានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ ក្រុម ប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ដើមី្បពិនិត្យពិភាក្សា និងអនុម័តទៅលើ របៀបវារៈសម័យប្រជុំសាមញ្ញលើកទី៧ មានចំនួន០៣ចំណុច ។
សមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើង ផ្តោតទៅលើចំណុចមួយចំនួន អំពីការដាក់ឈ្មោះផ្លូវឲ្យបានច្បាស់លាស់ ,ការធ្វើបណ្ណ័ក្រីក្រជូនប្រជាពលរដ្ឋ និងប័ណ្ណបេឡាជាតិ (សមាជិក ប.ស.ស)ការត្រៀមលក្ខណៈបង្កាការខ្វះខាតទឹកនៅរដូវប្រាំង និងបញ្ហាធារាស្ត្រ , ការងាររៀបចំប្លង់គោលក្នុងក្រុងសៀមរាប , បញ្ហាចរាចរណ៍ ,បញ្ហាបរិស្ថានទៅតាមបណ្តាស្រុក និងការអនុវត្ត(ផ.អ៣) ព្រមទាំងបញ្ហាគ្រឿងញៀន ។
ក្នុងនោះឯកឧត្តម ពៅ ពិសិដ្ឋ ក៏បានធ្វើការអនុញ្ញាតដល់បណ្តាមន្ទីរ ជំនាញពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺ នូវគ្រប់រាល់បញ្ហា ដែលសមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើ ទី៧នេះ ឲ្យអស់ចម្ងល់ផងដែរ ។ ឯកឧត្តម ពៅ ពិសិដ្ឋ ក៏បានធ្វើការបំភ្លឺផងដែរ ដល់សមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក៏ដូចជាការក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរ មានការពាក់ព័ន្ធ និង អាជ្ញាធរក្រុងផងដែរ ។ ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលខាងមុខនេះ ថ្នាក់ជាតិ និងធ្វើប្រតិភូកម្ម ទៅដល់ថ្នាក់ក្រោមជាតិ ថ្នាក់ក្រុង ស្រុក ដើមី្បធ្វើការគ្រប់គ្រងគ្រប់ស្ថាប័នជំនាញ ដោយមិនទុកដូចមុនឡើយ ។
ឯកឧត្តម អ៊ាន ឃុន បានបញ្ជាក់ថា ដើម្បីជម្រុញឲ្យថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក សំដៅឆ្ពោះទៅរកមូលដ្ឋានបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត និង កែលម្អភាពអសកម្មនានា និង ដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា កំណែទម្រង់វិមជ្ឈការ និង វិសហ មជ្ឈការ គឺជាកាលានុវត្តិភាព សំដៅបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំង នូវគោលការណ៍ជាគន្លឺះនានា នៃអភិបាលកិច្ចល្អ រួមមាន គណនេយ្យភាព នីតិរដ្ឋ តម្លាភាព ការចូលរួមការលើកស្ទួយសមធម៌ ការឆ្លើយតប និងប្រសិទ្ធភាព ។ ឯកឧត្តមក៏សូមមន្ទីរ អង្គភាពពាក់ព័ន្ធ គឺត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះមុខ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ទាំងមធ្យោបាយ សម្ភារៈ ក្នុងការចុះជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជួបការ ខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំងនេះ ។ ម៉្យាងទៀតយើងចាំបាច់ត្រូវធ្វើការពង្រីងនូវ ហេដ្ឋារចនាផ្លូវថ្នល់ ស្ពាន លូ ដើមី្បបម្រើនូវតម្រូវការចាំបាច់របស់បងប្អូន ទាំងនៅក្នុងក្រុង និង ស្រុក ។ ក្នុងនោះឯកឧត្តមបានធ្វើការសង្កត់ធ្ងន់ ចំពោះបណ្តាមន្ទីរ អង្គភាព ការផ្តល់របាយការណ៍មិនបានទាន់ពេលដល់រដ្ឋបាលខេត្ត សូមឲ្យធ្វើការកែប្រែជាបន្ទាន់ ត្រូវគោរពឲ្យបាននូវការកំណត់របស់រដ្ឋបាលខេត្ត អំពីការផ្តល់របាយការណ៍ ខែ ត្រីមាស ឆមាស និង ឆ្នាំឲ្យបានទៀងទាត់ ដើមី្បត្រៀមលក្ខណៈក្នុងការធ្វើសន្និបាតបូកសរុបរបស់ខេត្ត នៅពេលខាងមុខនេះផងដែរ ។ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប