អភិបាលខេត្តរតនគិរី អញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ

រតនគិរី ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧-២៨ខែធ្នូ ឆ្នាំ២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ក្រុងបានលុង ។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តរតនគិរី បានអោយដឹងថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរី សម័យប្រឡង២០២១-២០២២នេះ មានចំនួន ២មណ្ឌលប្រឡងគឺ មណ្ឌលប្រឡងសាលាបឋមសិក្សា ប៊ូ ថង ទេសអន្លុង ថ្នាក់វិទ្យាសាស្រ្ដ មានចំនួន១១បន្ទប់ មានបេក្ខជនសរុប២៧២នាក់ ស្រី១៥១នាក់។ និងមណ្ឌលវិទ្យាល័យសម្ដេចឪ-សម្ដេចម៉ែ ថ្នាក់វិទ្យាសាស្រ្ដសង្គម ចំនួន៤២បន្ទប់ មានបេក្ខជនសរុប១,០៣៧នាក់ ស្រី៤៦០នាក់។ សរុបទាំង២មណ្ឌល មានចំនួនបេក្ខជនសរុប ១,៣០៩ ស្រី៦១១នាក់ ក្នុងនោះមានបេក្ខជនជាជនជាតិដើមភាគតិចចំនួន ៥២៩នាក់ ស្រី២២៣នាក់ផងដែរ ។

ឯកឧត្តម ញ៉ែម សំអឿន បានលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។ ឯកឧត្តម បានបន្ថែមថា ការប្រឡងឆ្នាំនេះគឺក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការរឹតបន្តឹងដល់បេក្ខជន បេក្ខនារី ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា មានគុណភាព មានន័យថា អ្នកចេះ គឺជាប់ ។

សូមបញ្ជាក់ថា ដើម្បីបង្ការ ការពារជំងឺកូវីដ-១៩ ការប្រឡងឆ្នាំនេះមានការវាស់កំដៅ បាញ់អាល់កុលសម្អាតដៃហើយបេក្ខជនបេក្ខនារីទាំងអស់ ត្រូវពាក់ម៉ាស់និងបង្ហាញកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាដើមទើបអនុញ្ញាតឱ្យចូលប្រឡង។ នៅក្រៅបរិវេណមណ្ឌលប្រឡងគេឃើញមានក្រុមស.ស.យ.ក ខេត្តបានជួយរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតថ្លៃ និងមានកងកម្លាំងនគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ក៏មានវត្តមាន នៅមណ្ឌលប្រឡងទាំងពីរនោះថែមទៀតផង៕ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner