ឆ្លងចរន្តភ្លេីងឆេះផ្ទះឈើលើថ្មក្រោមអស់១ខ្នងទាំងស្រុង នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ
ភ្នំពេញ ៖ ផ្ទះសង់ពីឈេីលេីប្រក់ស័ង្កសី និងថ្មក្រោម ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធៅ បង្កការផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង១១ និង២០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុង ក្រុម២ ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះខាងលើមានឈ្មោះ ម៉េត ផល្លា ភេទស្រី អាយុ៦១ឆ្នាំ មុខរបរកសិករ ស្នាក់នៅចំណុចកើតហេតុខាងលើ។
បេីតាមសម្ដីស្ត្រីដែលជាម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឮសម្លេងផ្ទុះ ពីលេីផ្ទះ រួចក៏ឃើញមានផ្សែងហ៊ុយ និងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីបន្ទប់ជាន់ខាងលើ ។ ជាមួយគ្នានោះក៏មានអ្នកភូមិបាននាំគ្នាយកទុយោទឹកជួយបាញ់ទប់ស្កាត់តែដោយសារតែស្ថានភាពភ្លើងឆាបឆេះខ្លាំងពេកពុំអាចទប់ទល់ស្ថានការណ៍បាន ទើបទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចេញរថយន្តពន្លត់អគ្គីភ័យ ដើម្បីជួយអន្តរាគមន៍បាញ់ទឹកទប់ស្កាត់កុំឲ្យរាលដាលដល់ផ្ទះអ្នក រហូតកម្លាំងជំនាញបានប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ទឹកចំនួន៣គ្រឿងទេីបអគ្គីភ័យខាងលេីនេះរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង១២ និង១០នាទីថ្ងៃដដែល។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គីភ័យខាងលើគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ខណៈក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ដោយរងការខូចខាតផ្ទះអស់មួយខ្នងទាំងស្រុង រួមនិងសម្ភារ:ក្នុងផ្ទះមួយចំនួនធំ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី





