ឯកឧត្តម សាយ សំអាល់ អញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងឆ្នាំ២០២១ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ
ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៧ ធ្នូ ២០២១ នេះ នៅមណ្ឌលសំណេរវិទ្យាល័យព្រះស៊ីសុវត្ថិ។
ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ធមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍នៃការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់មាន មណ្ឌលសំណេរចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦ បន្ទប់។ក្នុងចំនួននេះ មានបេក្ខជន២រូប មានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងនោះ មានម្នាក់ផ្ទុកជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង ពួកគាត់ជាកីឡាករ ការ៉ាត់តេដូមកពីប្រទេស កាហ្សាស្ថាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីពួកគាត់ទាំងពីរនាក់ នៅតែទទួលបានការប្រលងបាក់ឌុបនេះផងដែរ ។តែយើងបានដាក់ពួកគាត់អោយនៅដាច់ដោយឡែកពីគេឯង គឺអោយពួកគាត់ប្រឡងនៅក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩នៃ មជ្ឈមណ្ឌលព្យាបាលជំងឺរបេង ជាមួយនឹងការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យផងដែរ ។
លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងកាលពីពេលថ្មីៗនេះហើយថា សម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃចន្ទទី២៧ និង២៨ធ្នូឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ មានមណ្ឌលប្រលងចំនួន ២៨ មណ្ឌល មាន៨៤០បន្ទប់និងមានបេក្ខជនប្រលងចំនួន២០៧៥៤នាក់ ៕
ក្រុមគ្រួសារស.ស.យ.ក. ជឿជាក់លើប្អូនៗអាចធ្វើបាន និងសូមជូនពរឲ្យប្អូនៗទទួលបានជោគជ័យក្នុងការប្រឡង និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ៕ ដោយ / គ្រិ សម្បត្តិ








