ឯកឧត្តម អៀង មូលី ៖ បើគ្មានសុខសន្តិភាពទេ កុំនិយាយពីប្រជាធិបតេយ្យ កុំនិយាយពីសិទ្ធិមនុស្ស

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩នេះ នៅវត្តកាត់ភ្លុក ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ និងជាប្រធានក្រុម ការងារថ្នាក់កណ្ដាលចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋមកពីឃុំភក្តី កាត់ភ្លុក និងកក់។ វេទិកាសាធារណៈនេះ មានការចូលរួមពីឯកឧត្តម អស់លោក លោកស្រី នាងកញ្ញាជា ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយស្រុក តំណាងមន្ទីរជំនាញ រដ្ឋបាលស្រុក ឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋប្រមាណ ៣៥០នាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនប្រជាពលរដ្ឋដែលចូលរួមវេទិកាថា នៅឆ្នាំ២០២០ ខាងមុខនេះ ថវិកាឃុំនីមួយៗនៅទូទាំងប្រទេស នឹងមានយ៉ាងតិច១០ម៉ឺនដុល្លារជាមធ្យម។ ដូច្នេះ ឃុំមានមធ្យោបាយក្នុងការអភិវឌ្ឍកាន់តែប្រសើរជាងមុន។ នៅពេលឃុំរៀបចំគម្រោងអភិវឌ្ឍន៍ និងមានមធ្យោបាយសម្រាប់អនុវត្តន៍។ ទិសដៅរាជរដ្ឋាភិបាលទៅអនាគតផ្លូវតាមជនបទមានចាក់កៅស៊ូ មានអគ្គិសនី និងទឹកស្អាត។ យើងនឹងធ្វើឱ្យប្រជាពលរដ្ឋមានទឹកស្អាត ភ្លើងអគ្គិសនី និងផ្លូវប្រើប្រាស់។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បញ្ជាក់ជូនប្រជាពលរដ្ឋបន្តថា ចាប់ពី២០១៦ ស្រុកខ្មែរលែងជាប្រទេសអ្នកក្រទៀត ហើយ។ យើងសព្វថ្ងៃជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ ហើយនៅឆ្នាំ២០៥០ ប្រទេសយើងនឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងថែរក្សាសន្តិភាព ដើម្បីធានាសន្តិសុខ ស្ថិរភាព និងអភិវឌ្ឍស្រុក។ ទាល់តែយើងមានសុខសន្តិភាព ទើបអាចមានការអភិវឌ្ឍ។ បើគ្មានសន្តិភាព ធ្វើម៉េចមានសិទ្ធិមនុស្សកើត។ បើគ្មានសុខសន្តិភាពទេ កុំនិយាយពីប្រជាធិបតេយ្យ កុំនិយាយពីសិទ្ធិមនុស្ស។ យើងយកសន្តិភាពជាជាធំ ការពារកុំឱ្យស្រុកកើតចលាចល។ បើគ្មានសន្តិភាព យើងមិនអាចកសាងស្រុកបានទេ។ កាលពីថ្ងៃ៩វិច្ឆិកាក្រុមឧទ្ទាមខុសច្បាប់បានអនុវត្តផែនការរដ្ឋប្រហារ។ ប៉ុន្តែ សកម្មភាពទាំងឡាយបានទទួលបរាជ័យទាំងស្រុង។ ដូច្នេះ បានបង្ហាញយ៉ាងច្បាស់ថា ពួកគាត់អត់មានសមត្ថភាព អត់មានអ្នកគាំទ្រទេ។ ពួកប្រឆាំងមានជម្រើសដោយចូលរួមក្នុងការបោះឆ្នោតតាមប្រជាធិបតេយ្យ។ ប៉ុន្តែ បើមកតាមផ្លូវឧទ្ទាមចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នឹងទទួលការបង្រ្កាបហើយ។

បន្ទាប់មក ប្រជាពលរដ្ឋបានឡើងលើកជាសំណួរ និងសំណូមពរដូចជាៈ ស្នើសុំជួយកុំឱ្យតម្លៃស្រូវចុះថោកសុំប្រដាប់ប្រដាក្មេងលេង សង់សាលាមត្តេយ្យសហគមន៍ ការពារព្រៃសហគមន៍ ជួយឧបត្ថម្ភប្រជាការពារ ស្តារទំនប់ ជួសជុលស្ពាន ផ្លូវ និងដោះស្រាយបញ្ហាគ្រឿងញៀន។ ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យមន្ទីរកសិកម្ម អប់រំ យុវជន និងកីឡា រដ្ឋបាលស្រុក និងអធិការស្រុកពន្យល់ប្រជាជន និងឯកឧត្តមបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានបញ្ចេញទុន ៥០លានដុល្លារទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីជួយទិញស្រូវប្រជា ពលរដ្ឋតាមតម្លៃសមស្រប។ សម្តេចតេជោបានមាន ប្រសាសន៍ថា ថវិកា៥០លានដុល្លារផ្តល់ដើម្បីជួយប្រជាកសិករ។ ឯកឧត្តមបានបន្តថា យើងមានគោល នយោបាយបង្កើតសហគមន៍កសិកម្ម ដោយទាក់ទងជាមួយម៉ាស៊ីនកិនស្រូវ ចុះកិច្ចសន្យាទិញស្រូវតាមតម្លៃស្រុះស្រួលឯកភាពគ្នា គោលដៅយើងគឺទិញស្រូវតាមតម្លៃសមស្រប។

ចំពោះប្រដាប់ប្រដាក្មេងលេង ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យក្រុមការងារដោះស្រាយ។ ឯការសាងសង់សាលាមត្តេយ្យសហគមន៍ ស្នើឃុំ និងបងប្អូនប្រជាជនធ្វើបុណ្យរៃអង្គាសគ្នា ហើយបើខ្វះថវិកាក្រុមការងារនឹងជួយបំពេញបន្ថែម។ ចំណែកឯ បញ្ហាគ្រឿងញៀន លោកអធិការស្រុកបរសេដ្ឋបានបញ្ជាក់ថា អធិការដ្ឋានស្រុកបានបង្រ្កាបបទល្មើសបានច្រើន រួមទាំងគ្រឿងញៀនបង្រ្កាបផងដែរ។ លោកអធិការស្នើសុំឱ្យមានការចូលរួមពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីមាន ប្រសាសន៍ថា បញ្ហាគ្រឿងញៀនជាបញ្ហាធ្ងន់ធ្ងរសម្រាប់ស្រុកយើង មិនមែនកម្លាំងមិនធ្វើទេ បើយើងមិនរួមគ្នាធ្វើទេ យើងក៏ដោះស្រាយមិនរួចដែរ បើកូនចៅញៀនថ្នាំ ត្រូវរាយការណ៍មកអធិការដើម្បីយកទៅបន្សាប ហើយបើជួញដូរកុំជួយលាក់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner