រុស្សី និងចិនប្រហែលមិនមែនជា «មិត្តល្អបំផុតជារៀងរហូត» នោះទេ
ជារឿយៗគេចាត់ទុកខ្លាឃ្មុំជានិមិត្តរូបរបស់ប្រទេសរុស្សី។ អ្នកខ្លះមើលឃើញប្រទេសនេះគឺជាប្រទេសមានការប្រុងប្រយ័តខ្លាំង ដែលមិនដែលបន្ទាបការមិនទុកចិត្តរបស់ខ្លួនចំពោះសហរដ្ឋអាមេរិក អឺរ៉ុប និងសូម្បីប្រទេសចិន ហើយបានបង្ហាញឆន្ទៈថានឹងចាត់វិធានការភ្លាមៗ ប្រសិនបានមានការគំរាមកំហែង។ វិបត្តិបច្ចុប្បន្ននៅប្រទេសអ៊ុយក្រែន គឺជាឧទាហរណ៍ដ៏ច្បាស់មួយនៃរូបភាពនេះ។
យោធារុស្សីបានដាក់ពង្រាយទាហានរាប់ម៉ឺននាក់នៅតំបន់ព្រំដែនជាមួយប្រទេសអ៊ុយក្រែន ធ្វើឱ្យមានការព្រួយបារម្ភថារុស្សីអាចកំពុងត្រៀមធ្វើការឈ្លានពានចូលប្រទេសអ៊ុយក្រែននៅដើមឆ្នាំក្រោយ។ រុស្សីបានច្រានចោលការចោទប្រកាន់នេះ ហើយបាននិយាយថាការកសាងទំនាក់ទំនងរវាងប្រទេសអ៊ុយក្រែន និងសម្ព័ន្ធភាពយោធាលោកខាងលិចណាតូ គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិសុខរបស់ខ្លួន។
ប្រធានាធិបតីរុស្សីលោកវ្ល៉ាឌីមៀរ ពូទីនបានធ្វើការទាមទារឱ្យលោកខាងលិចធ្វើការធានាសន្តិសុខមួយចំនួន ដែលរួមមានការដកកងកម្លាំងណាតូទាំងចេញពីអឺរ៉ុបខាងកើត ការមិនពង្រីកសមាជិកភាព ឬធ្វើសមយុទ្ធក្នុងអតីតរដ្ឋរបស់សហភាពសូវៀត ជាពិសេសអ៊ុយក្រែន។
ការទាមទារទាំងនេះ អាចបកស្រាយថាជាសាររបស់លោកពូទីនទៅកាន់លោកខាងលិចថាបណ្ដាអតីតរដ្ឋសហភាពសូវៀត គឺនៅមាត់ទ្វាររបស់រុស្សី ហើយលោកខាងលិចមិនគួរលុកលុយក្នុងកិច្ចការប្រទេសទាំងនេះដើម្បីបង្កការគំរាមកំហែងដល់រុស្សីទេ។
លោកខាងលិចទំនងមិនទទួលយកការទាមទារទាំងនេះទេ ប៉ុន្តែលោកពូទីននឹងមិនបោះបង់ដោយងាយទេ ខណៈពេលរុស្សីនៅមានសភាវគតិធានាសន្តិសុខមាត់ទ្វាររបស់ខ្លួន ដែលមានឫសគល់នៅក្នុងប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់ប្រទេសនេះ។
ចាប់តាំងពីសតវត្សទី១៣មកប្រទេសរុស្សីបានស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកឈ្លានពានម៉ុងហ្គោលអស់ជាង ២៤០ ឆ្នាំ។ នៅសតវត្សទី ១៩រុស្សីរងការឈ្លានពានដោយអធិរាជបារាំងណាប៉ូឡេអុង ហើយត្រូវបានឈ្លានពានដោយអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។ សហភាពសូវៀតបានដួលរលំនៅឆ្នាំ ១៩៩១ បន្ទាប់ឆ្លងកាត់សង្គ្រាមត្រជាក់រាប់ទសវត្សជាមួយលោកខាងលិច។
ដោយព្រួយបារម្ភថារឿងអតីតកាលអាចកើតឡើងម្ដងទៀត លោកពូទីនព្យាយាមប្រមូលផ្ដុំអតីតរដ្ឋសហភាពសូវៀតឱ្យត្រឡប់មកស្ថិតក្រោមឥទ្ធិពលរបស់រុស្សីវិញ ប៉ុន្តែការធ្វើបែបនេះអាចបង្កឱ្យមានភាពតានតឹងនៅអឺរ៉ុប និងនៅទូទាំងពិភពលោក។
ប្រសិនបើវិបត្តិអ៊ុយក្រែនកាន់តែស៊ីជម្រៅ វាអាចធ្វើឱ្យអាមេរិកពិបាកក្នុងការផ្លាស់ទីកងកម្លាំងពីអឺរ៉ុបទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះមានន័យថាប្រទេសចិនអាចកាន់តែមិនមានការប្រឆាំងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ក្រសួងការពារជាតិអាមេរិកបានចេញផ្សាយរបាយការណ៍ការពិនិត្យឡើងវិញអំពីជំហរយោធាសកលរបស់ខ្លួន ដែលហាក់ដូចជាលុបបំបាត់ការរំពឹងទុកថា សហរដ្ឋអាមេរិកនឹងផ្លាស់ប្ដូរទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងប្រទេសចិន។ ខណៈពេលដែលព័ត៌មានលម្អិតជាច្រើននៃរបាយការណ៍នេះត្រូវបានរក្សាជាការសម្ងាត់ អ្នកវិភាគមួយចំនួនបាននិយាយថាសម្ពាធពីវិបត្តិអ៊ុយក្រែនបានពន្យារផែនការផ្លាស់ប្ដូរមកឥណ្ឌូប៉ាស៊ីហ្វិក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងយោធារុស្សី និងចិនបានរីកចម្រើនដល់កម្រិតមិនធ្លាប់មានពីមុនមក។ នៅចុងខែតុលា នាវាចំនួន ១០ គ្រឿងមកពីកងទ័ពជើងទឹកទាំងពីរបានឆ្លងកាត់ច្រកសមុទ្រស៊ូហ្គារូ និងអូស៊ូមី ដែលធ្វើដំណើរស្ទើរតែជុំវិញប្រជុំកោះជប៉ុនទៅហើយ។
បើគេក្រលេកមើលទៅខែកក្កដាឆ្នាំ ២០១៧ នាវាកងទ័ពជើងទឹករបស់ចិនបានធ្វើដំណើររហូតដល់សមុទ្របាល់ទិកសម្រាប់សមយុទ្ធរួមគ្នាដែលរៀបចំដោយរុស្សី។ ករណីសមយុទ្ធបែបនេះច្រើនទៀតត្រូវបានគេរំពឹងទុក ខណៈដែលប្រទេសទាំងពីរមានជម្លោះជាមួយអាមេរិកកាន់តែខ្លាំង។
បើទោះជាយ៉ាងនេះក៏ដោយ គេមិនអាចនិយាយបានទេថាប្រទេសទាំងពីរបានធ្វើការរួមគ្នាបង្កើតមានវិបត្តិដើម្បីដាក់សម្ពាធបំបែកកម្លាំងអាមេរិក ពីព្រោះការជឿទុកចិត្តគ្នាទៅវិញទៅមករបស់ពួកគេគឺមិនស៊ីជម្រៅគ្រប់គ្រាន់សម្រាប់សកម្មភាពបែបនេះទេ។
ទំនាក់ទំនងរវាងចិន និងរុស្ស៊ីមិនរឹងមាំដូចដែលមើលឃើញនោះទេ។ ប្រទេសជិតខាងទាំងពីរមានព្រំដែនវែងឆ្ងាយ ហើយបានមានប៉ះទង្គិចអាវុធនៅឆ្នាំ ១៩៦៩ជុំវិញជម្លោះដែនដី។ ភាពជាដៃគូរបស់ពួកគេគឺមិនមែនផ្អែកលើមិត្តភាព ឬទំនុកចិត្តនោះទេ ប៉ុន្តែនៅលើការប្រឆាំងរួមគ្នាចំពោះសហរដ្ឋអាមេរិក។
រុស្ស៊ីកាន់តែព្រួយបារម្ភ និងប្រយ័ត្នប្រយែងនៅពេលដែលចិនមានឥទ្ធិពលខ្លាំងជាងកម្លាំងសេដ្ឋកិច្ច និងយោធារបស់ខ្លួន។ ផលិតផលក្នុងស្រុកសរុបរបស់ចិនគឺប្រហែលស្មើនឹង ១០ ដងរបស់រុស្សី។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង ៥៨% ពីឆ្នាំ ២០១៥ ដល់ ១០៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០។ ប៉ុន្តែគម្លាតនៅក្នុងវត្តមានសកលរបស់ពួកគេគឺធំធេងណាស់ ដោយពាណិជ្ជកម្មសរុបរបស់ប្រទេសចិនបានឈានដល់ ៤,៧ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២០ ដែលច្រើនជាង ៨ ដងនៃពាណិជ្ជកម្មរបស់ប្រទេសរុស្សី។
បើទោះបីជាសមត្ថភាពនុយក្លេអ៊ែររុស្សីគឺធំជាងចិន ការចំណាយលើវិស័យយោធាដោយក្រុងប៉េកាំងគឺត្រូវបានគេប៉ាន់ស្មានថាប្រហែលស្មើ ៣ ទៅ ៤ដងនៃកញ្ចប់ថវិការបស់រុស្សី។ ប្រសិនបើគ្មានការផ្លាស់ប្ដូរ ប្រទេសចិននឹងក្លាយជាអំណាចយោធាធំជាងរុស្សី។
រហូតមកដល់ពេលនេះយោធារុស្សីមិនដែលឈប់ធ្វើការសមយុទ្ធដើម្បីត្រៀមសម្រាប់ការប៉ះទង្គិចជាមួយចិន។
ប្រទេសទាំងចាប់យកឧកាសខ្លះៗដើម្បីបង្ហាញពីកិច្ចសហការនិងជាសារផ្ញើរជូនដល់សហរដ្ឋអាមេរិក ប៉ុន្តែរុស្សីមិនចង់ឱ្យចិនអូសទាញខ្លួនចូលទៅក្នុងជម្លោះនៅច្រកសមុទ្រតៃវ៉ាន់ទេ ហើយចិនក៏គ្មានបំណងចង់ពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែនដែរ។
យ៉ាងណាមិញ ចិន និងរុស្សីមានតម្រូវការផ្ដល់ជូនសម្រាប់គ្នាទៅវិញទៅមក ហើយវានឹងក្លាយជាកំហុសសម្រាប់សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន ដែលគិតថាពួកគេអាចជំរុញឱ្យមានជម្លោះរវាងមហាអំណាចទាំងពីរភ្លាមៗនេះទេ។ លោកខាងលិចអាចសិក្សាអំពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងចិន-រុស្សីដើម្បីស្វែងរកចំណុចខ្សោយ៕

ប្រភព៖ Nikkie Asia