ប្រធានាធិបតីសូម៉ាលីព្យួរតំណែងនាយករដ្ឋមន្ត្រីជុំវិញការចោទប្រកាន់ពីអំពើពុករលួយ
ប្រធានាធិបតីសូម៉ាលីលោក Mohamed Abdullahi Mohamed ប្រកាសព្យួរតំណែងលោកនាយករដ្ឋមន្ត្រី Mohamed Hussein Roble កាលពីថ្ងៃចន្ទ បណ្ដាលឱ្យភាពតានតឹងនៃជម្លោះនយោបាយផ្ទៃក្នុងប្រទេស កាន់តែកើនឡើងមួយកម្រិតទៀត។
ការិយាល័យប្រធានាធិបតីនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រធានាធិបតីសម្រេចចិត្តព្យួរតំណែងលោកនាយករដ្ឋមន្ត្រី និងបញ្ឈប់អំណាចរបស់លោក ដោយសារលោកមានជាប់ពាក់ព័ន្ធនឹងអំពើអំពើពុករលួយ ហើយរងចាំការស៊ើបអង្កេត»។ ការិយាល័យរបស់លោក Mohamed កាលពីថ្ងៃអាទិត្យក៏ចោទប្រកាន់លោក Roble ពីបទគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ដំណើរការបោះឆ្នោត និងធ្វើហួសពីអំណាចរបស់លោកផងដែរ។
លោក Roble បដិសេធមិនទទួលយកបទបញ្ជានេះ ហើយចោទប្រកាន់លោក Mohamed វិញថា បានដាក់ពង្រាយកងទ័ពដើម្បីវាយប្រហារការិយាល័យរបស់លោក និងគណៈរដ្ឋមន្ត្រី ដើម្បីរារាំងពួកគេមិនឱ្យបំពេញភារកិច្ច។ នាយករដ្ឋមន្រ្តីរូបនេះនិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ទង្វើនេះគឺជាការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល រដ្ឋធម្មនុញ្ញ និងច្បាប់នៃដែនដី។
រដ្ឋធម្មនុញ្ញសូម៉ាលីចែងថា ប្រធានាធិបតីមានអំណាចក្នុងការតែងតាំងនាយករដ្ឋមន្ត្រី ប៉ុន្តែមិនអាចក្នុងការបណ្តេញចេញ ឬបោះឆ្នោតដកទំនុកចិត្តលើនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្រ្តីនៅក្នុងសភាបានទេ។
លោក Abdirahman Yusuf Omar អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានដែលស្មោះត្រង់នឹងនាយករដ្ឋមន្ត្រី ហៅការសម្រេចចិត្តរបស់ប្រធានាធិបតីថាជា «រដ្ឋប្រហារដោយប្រយោល»។ លោក Omar សរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា ការដាក់ពង្រាយកងកម្លាំងសន្តិសុខនៅជុំវិញការិយាល័យលោក Roble នឹងមិនរារាំងនាយករដ្ឋមន្ត្រីរូបនេះ ពីការបំពេញភារកិច្ចរបស់លោកទេ។
កាលពីថ្ងៃចន្ទ រដ្ឋាភិបាលបរទេស និងអ្នកសង្កេតការណ៍អន្តរជាតិផ្សេងៗ បានសម្តែងការព្រួយបារម្ភថា ជម្លោះអាចឈានទៅដល់វដ្តនៃអំពើហិង្សាមួយផ្សេងទៀតនៅក្នុងប្រទេសដែលឆ្លងកាត់ការប្រយុទ្ធគ្នាអស់ជាច្រើនទសវត្សរ៍មួយនេះ។ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងប្រទេសជិត ២០ ផ្សេងទៀតនៅទូទាំងពិភពលោក ចេញសេចក្តីថ្លែងការណ៍រួមមួយដោយជំរុញឱ្យមានការអត់ធ្មត់ និងស្វែងរកកិច្ចសន្ទនា។ មេដឹកនាំនយោបាយសូម៉ាលីផ្សេងទៀត ក៏ស្នើឲ្យមន្ត្រីចាត់វិធានការបន្ទាន់ដើម្បីបន្ធូរបន្ថយស្ថានការណ៍ផងដែរ។
ភាពជាប់គាំងផ្នែកនយោបាយដែលកំពុងឆាបឆេះ ផ្ទុះឡើងជាអំពើហិង្សានៅតាមដងផ្លូវក្នុងខែមេសា បន្ទាប់ពីលោក Mohamed ចុះហត្ថលេខាលើច្បាប់បន្តអាណត្តិរបស់លោករយៈពេលពីរឆ្នាំ។ អ្នកប្រឆាំងលោក Mohamed រួមជាមួយនឹងសម្ព័ន្ធមិត្តលោកខាងលិចរបស់លោក បរិហារទង្វើនេះ ហើយប្រជាជនសូម៉ាលីជាច្រើនព្រួយបារម្ភថា វាអាចផ្លាស់ប្តូរផលប្រយោជន៍ប្រជាធិបតេយ្យស្ដួចស្ដើងដែលប្រទេសសម្រេចបានបន្ទាប់ពីសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍។
នៅទីបំផុត ការបង្រ្កាបនាពេលនោះ ក៏នាំឱ្យលោក Mohamed សុំសភាលុបចោលច្បាប់បន្តអាណត្តិ និងស្នើសុំឱ្យលោក Roble ជួយរៀបចំការបោះឆ្នោតដែលពន្យារពេលឡើងវិញ។
ដោយហៅលោក Mohamed ថា «អតីតប្រធានាធិបតី» លោកនាយករដ្ឋមន្រ្តី Roble កាលពីថ្ងៃចន្ទបានណែនាំកងកម្លាំងប្រដាប់អាវុធឱ្យរាយការណ៍ដោយផ្ទាល់ទៅការិយាល័យរបស់លោក ហើយសន្យាថានឹងចាត់វិធានការប្រឆាំងនឹងជនណាក៏ដោយដែលប្រឆាំងនឹងបទបញ្ជាទាំងនោះ។ លោកក៏និយាយផងដែរថា លោកប្រធានាធិបតី Mohamed ដែលផុតអាណត្តិពីខែកុម្ភៈ មានបំណងរំខានដល់ការបោះឆ្នោត ដូច្នេះលោកអាចបន្តកាន់តំណែងដោយខុសច្បាប់។
អ្នកវិភាគនិយាយថា ភាពប្រេះឆារវាងប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ដែលមានអំបូរពីរផ្សេងគ្នា គំរាមកំហែងដល់កំណើនអំពើហឹង្សាពេញទំហឹង មិនត្រឹមតែក្នុងចំណោមអ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងចំណោមក្រុមរបស់ពួកគេក្នុងជួរយោធាសូម៉ាលីផងដែរ។
តាមការចុះផ្សាយរបស់កាសែតញូវយ៉កថែមស៍ សាក្សីនិយាយថាកងកម្លាំងប្រដាប់អាវុធដែលស្មោះត្រង់នឹងក្រុមប្រឆាំងបានប្រមូលផ្តុំនៅក្នុងសង្កាត់មួយចំនួនក្នុងរដ្ឋធានីម៉ូហ្គាឌីស្យូ ខណៈដែលកងកម្លាំងយោធាសូម៉ាលីដាក់ពង្រាយតាមផ្លូវឆ្ពោះទៅកាន់វិមានប្រធានាធិបតី។
ដំណើរការរៀបចំការបោះឆ្នោតមិនមានភាពរលូននោះទេ ដោយការបោះឆ្នោតនីតិបញ្ញត្តិប្រឈមនឹងភាពយឺតយ៉ាវ ភាពមិនប្រក្រតី និងការចោទប្រកាន់ពីអំពើពុករលួយជាច្រើនពីបេក្ខជន និងអ្នកសង្កេតការណ៍។ ការបោះឆ្នោតដែលពន្យារពេលជាយូរ ចាប់ផ្តើមនៅថ្ងៃទី ០១ ខែវិច្ឆិកា ហើយត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់នៅថ្ងៃទី ២៤ ខែធ្នូ។ ប៉ុន្តែសមាជិកសភាទើបជាប់ឆ្នោតថ្មីលោក Mohamed Sheikh Mursal និយាយថា មានតែសមាជិកសភា ២៤ នាក់នៃ ២៧៥ នាក់ប៉ុណ្ណោះ ដែលត្រូវបានជាប់ឆ្នោតគិតត្រឹមថ្ងៃទី ២៥។
ការប្រយុទ្ធគ្នាខាងនយោបាយកើតឡើង ខណៈពេលប្រជាពលរដ្ឋរស់នៅក្នុងប្រទេសសូម៉ាលី រហូតដល់ចំនួន ៩០ ភាគរយ ប្រឈមមុខនឹងស្ថានភាពគ្រោះរាំងស្ងួត។ នេះបើយោងតាមអង្គការសហប្រជាជាតិដែលថា មានមនុស្សជិត៤ លាននាក់មានហានិភ័យនៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ។
យ៉ាងណាមិញ ស៊ូម៉ាលីក៏កំពុងប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីក្រុមភេរវករ Shabab ផលប៉ះពាល់សេដ្ឋកិច្ចដែកបណ្ដាលមកពីជំងឺកូវីដ-១៩ និងការប៉ះទង្គិចគ្នារវាងកងកម្លាំងគូប្រជែងនៅក្នុងផ្នែកផ្សេងៗនៃប្រទេស ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ។

ប្រភព៖ Aljazeera