សម្តេចតេជោ ប្រកាសស្នើឱ្យដាក់ ទិវាអបអរសាទរបញ្ចប់សង្គ្រាមនយោបាយ ឈ្នះ ឈ្នះ ២៩ធ្នូ នៅក្នុងប្រតិទិនចាប់ពីឆ្នាំក្រោយទៅ
ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្នើឱ្យដាក់ទិវាអបអរសាទរការបញ្ចប់សង្ក្រាម នៃនយោបាយ ឈ្នះ ឈ្នះ ២៩ធ្នូ នៅក្នុងប្រតិទិនចាប់ពីឆ្នាំក្រោយទៅ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ យើងដាក់ទិវាអបអរសាទរបញ្ចប់សង្គ្រាមនយោបាយ ឈ្នះ ឈ្នះ ២៩ធ្នូ តែមិនចាំបាច់ឈប់សម្រាកនោះទេ។ រឿងនយោបាយឈ្នះឈ្នះនេះ មិនមែនជារឿងតូចតាចទេ ប្រសិនគ្មាននយោបាយឈ្នះឈ្នះ យើងមិនអាចបញ្ចប់សង្គ្រាមបានទេ។ បញ្ហាសន្តិភាព មិនមែនមានតែសម្រាប់គណបក្សប្រជាជនកម្ពុជានោះទេ បក្សណាក៏ទទួលបានសន្តិភាពដែរ ដោយសាងនយោបាយឈ្នះ ឈ្នះ។
សម្តេចបានរំលឹកដែរថា អ៊ុនតាក់ បានចាយលុយអស់ ២ពាន់លានដុល្លារ មិនអាចរកសន្តិភាពបានទេ។ ថ្ងៃនេះ ម៉ោងនេះ កាលពី២៣ឆ្នាំមុន សម្តេចបានទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះ ដែលបង្ហាញពីការត្រូវគ្នាឯកភាពគ្នា។ សម្តេចបានដាក់ជាសំណួរថា តើនៅលើលោកនេះមានមេដឹកនាំណាធ្វើបែបនេះទេ?
សូមជម្រាបជូនថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ គឺមានរយៈពេល២៣ឆ្នាំហើយ ដែលកម្ពុជា រកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ បន្ទាប់ពីបានបែកបាក់តាំងពីក្រោយចក្រភពអង្គរ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ម្យ៉ាងវិញទៀត ការបញ្ចប់សង្គ្រាមដោយនយោបាយ ឈ្នះ ឈ្នះ ជាទស្សនៈវិជ្ជាសនិ្តភាព និងមានការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់សម្តេចតេជោ ហ៊ុន សែន៕ ដោយវណ្ណលុក