ឯកឧត្តម ហ៊ុន ម៉ា​នី​៖ ​ក្រឡេក​មក​មើល​កម្ពុជា​២៣​ឆ្នាំ​ចុងក្រោយ ប្រទេស​ដ៏​កម្សត់​មួយ​នេះ​បាន​កំពុង​ប្រែ​ក្លាយខ្លួនជា​កូន​នាគ​ប្រចាំ​ទ្វីបអាស៊ី

ភ្នំពេញ​៖ ក្រោម​ការអនុវត្ត “​នយោបាយឈ្នះ​-​ឈ្នះ​” ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​សុខសន្តិភាព ការឯកភាព​ទឹកដី ការបញ្ចប់​ជម្លោះ​ប្រដាប់អាវុធ និង​ការ​បង្រួម​បង្រួម​ជាតិ​ពិត​ប្រាកដជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ក្នុង​រយៈពេល​រាប់រយឆ្នាំ​ចុងក្រោយ​។​ ​ក្រឡេក​មក​មើល​កម្ពុជា​២៣​ឆ្នាំ​ចុងក្រោយ ប្រទេស​ដ៏​កម្សត់​មួយ​នេះ ​បាន​កំពុង​ប្រែ​ក្លាយខ្លួនជា​កូន​នាគ​ប្រចាំ​ទ្វីបអាស៊ី តាមរយៈ​កំណើនសេដ្ឋកិច្ច​ដែល​គួរ​ឱ្យកត់សម្គាល់​ជា​បន្តបន្ទាប់​…​។​ នេះ​ជា​សំណេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​នៅ​រសៀល​ថ្ងៃទី​២៩ ​ខែ​ធ្នូ ឆ្នាំ​២០២១​នេះ​។​

​ឯកឧត្តម​ ហ៊ុន ម៉ា​នី បាន​ផ្តើម​ដោយ​ពាក្យ​ថា​ “​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៣ ថ្ងៃ​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា តាមរយៈ​នយោបាយ​ ឈ្នះ ឈ្នះ ខណៈ​នេះ តើ​មាន​ប្រទេស​ប៉ុន្មាន​នៅលើ​ពិភពលោក​ដែល​កំពុងតែបន្ត​មាន​សង្គ្រាម​រ៉ាំ​រៃ​នៅក្នុង​ប្រទេស​? តើ​ឥទ្ធិពល​នៃ​សង្គ្រាម​បាន​បន្សល់ទុក​នូវ​ក្តី​វិនាស អន្តរាយ និង​ការឈឺចាប់​ដ៏​សែន​ខ្លោចផ្សារ​យ៉ាងណាខ្លះ​ដល់​ប្រទេសជាតិ និង​ប្រជាជន​? កម្ពុជា​ដែល​ធ្លាប់តែ​ត្រូវបាន​បែងចែក ធ្លាប់​ស្ថិតក្នុង​ភ្លើងសង្គ្រាម បាន​ក្លាយជា​ប្រទេស​តែមួយ ដែលមាន​រដ្ឋធម្មនុញ្ញ​តែមួយ ក្រោម​ម្លប់​នៃ​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល​តែមួយ កងកម្លាំងប្រដាប់អាវុធ​តែមួយ និង​រដ្ឋបាល​ដែនដី​តែមួយ​។

​ឯកឧត្តម ​បាន​បន្តថា “​ក្រោម​ការអនុវត្ត ​នយោបាយ ឈ្នះ​-​ឈ្នះ​” ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​សុខសន្តិភាព ការឯកភាព​ទឹកដី ការបញ្ចប់​ជម្លោះ​ប្រដាប់អាវុធ និង​ការ​បង្រួម​បង្រួម​ជាតិ​ពិត​ប្រាកដជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ក្នុង​រយៈពេល​រាប់រយឆ្នាំ​ចុងក្រោយ​។​ ក្រឡេក​មក​មើល​កម្ពុជា​២៣​ឆ្នាំ​ចុងក្រោយ ប្រទេស​ដ៏​កម្សត់​មួយ​នេះ​បាន​កំពុង​ប្រែ​ក្លាយខ្លួនជា​កូន​នាគ​ប្រចាំ​ទ្វីបអាស៊ី តាមរយៈ​កំណើនសេដ្ឋកិច្ច​ដែល​គួរ​ឱ្យ​កត់សម្គាល់​ជា​បន្តបន្ទាប់​ហើយ​កម្ពុជា​បាន​ក្លាយជា​គោលដៅ​ទេសចរ​អន្តរជាតិ​ប្រកបដោយ​សក្តានុពល​ដែល​ទាក់ទាញ​ទេសចរ និង​មាន​កំណើន​រាប់លាន​នាក់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំៗ​។

សន្តិភាព និង​ការឯកភាព​ជាតិ បានធ្វើឱ្យ​កម្ពុជា​បាន​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​បណ្តា​ប្រទេស​លើ​ពិភពលោក​ហើយ​មាន​ស្ថាន​តំណាង នៅ​បរទេស​ជាច្រើន​ដែល​កំពុង​បន្ត​ពង្រីក​បន្ថែម​ជា​បន្តបន្ទាប់​។ ​ជាងនេះទៅទៀត​កម្ពុជា​កំពុង​បំពេញ​តួនាទី​ធំៗ​ក្នុង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ​និង​ចូលរួម​ដោះស្រាយ​កិច្ចការ​អន្តរជាតិ​ពោលគឺ​កម្ពុជា​មិន​ត្រឹមតែ​ឈរ​ក្នុង​លំដាប់​ស្មើរ​មុខស្មើ​រមាត់​នៅលើ​ឆាក​អន្តរជាតិ​តែប៉ុណ្ណោះ​ទេ តែ​កម្ពុជា​ក៏បាន​បង្ហាញ​ពី​សក្តានុពល​របស់ខ្លួន​ក្នុងការ​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​អន្តរជាតិ​ធំៗ​ជាច្រើន​។

​ឯកឧត្តម​បាន​បន្តថា មោទកភាព​ទាំងឡាយ​ដែល​បាន​រៀបរាប់​ខាងលើនេះ មិនទាន់​រាប់បញ្ចូល​នូវ​ភាពជោគជ័យ​របស់​កម្ពុ​ជា​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ ដែល​ពិភពលោក​នៅតែ​កំពុង​បន្ត​ការព្រួយបារម្ភ​នៅឡើយ​នោះទេ​។ អត្ថន័យ​នៃ​នយោបាយ​ឈ្នះ ឈ្នះ មានតម្លៃ​ខ្ពស់ និង​ជា​កេរតំណែល​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លា​មួយ​សម្រាប់​កូន​ខ្មែរ​គ្រប់​ជំនាន់ ដើម្បី​ប្រកាន់ខ្ជាប់​នូវ​មោទកភាព​ជាតិ វីរភាព​ជាតិ ការលះបង់ ការលើកកម្ពស់​ទស្សនៈ​ឯកភាព​ជាតិ ក៏ដូចជា​បាន​ផ្តល់ឱកាស​ឱ្យ​កម្ពុជា​កសាងបាន​នូវ​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​។​

​ឯកឧត្តម​ ហ៊ុន ម៉ា​នី បានបញ្ចប់​ដោយ​ធ្វើការ​គូសបញ្ជាក់ថា “​តឹកតាង​ប្រវត្តិសាស្ត្រ និង​ដំណើរ​វិវឌ្ឍន៍​របស់​ក​ម្ពុ​ជា​ទាំងអស់នេះ មិន​ត្រឹមតែ​ជា​មេរៀន​ដើម្បី​ចែករំលែក​ជូន​បណ្តា​ប្រទេស​នានា​សិក្សា​ជា​បទពិសោធន៍​តែប៉ុណ្ណោះ​ទេ តែ​បាន​បង្រៀន​ដល់​កូន​ខ្មែរ​គ្រប់​ជំនាន់​ក្នុង​បេសកកម្ម​ថែរក្សា​ឱ្យខាងតែបាន​នូវ​កត្តា​សុខសន្តិភាព ការប្រឆាំង​ប​ដិ​វ​ត្តន៍ពណ៌ និង​ការរក្សា​ឱ្យបាន​នូវ​កំណើនសេដ្ឋកិច្ច សេចក្តីសុខ​សប្បាយ សុខុមាលភាព ជូន​ជាតិ និង​ប្រជាជន ហើយ​បន្ត​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ជឿជាក់​លើ​កម្ពុជា និង​ជឿថា​ខ្មែរ​ធ្វើបាន​”៕

រូបភាព​ដោយ​៖ ក្រុមការងារ និង​បណ្តាញ​សង្គម

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner