បញ្ជូនចោរឆក់កាបូបម្តាយក្មេកអតីតអធិការខណ្ឌពោធិ៍សែនជ័យ ២នាក់ទៅតុលាការ
កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យជាចោរឆក់កាបូបចំនួន២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យស្ថាប័នអយ្យការធ្វើការសាកសួរ និងចោទប្រកាន់ជាផ្លូវការ ។
ជនសង្ស័យទាំង២នាក់ខាងលើ គឺជនសង្ស័យម្នាក់ឈ្មោះ វ៉ា វីណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ម្តុំផ្សារទួលទំពូង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ និងម្នាក់មានឈ្មោះ ញ៉ែម រតនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះជួល ម្តុំបឹងកក់សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូប នៅចំណុចមុខហាងគុយទាវកូនហេង ក្បែរផ្សារ ធីខេ (TK) តាមផ្លូវ៥១៦ កែងផ្លូវ៣១៥ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោមវិធានការជំនាញ ជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ពួកខ្លួន និងបក្ខពួក០៣នាក់ផ្សេងទៀត ជិះម៉ូតូចំនួន៣គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះនៅចំណុចហាងគុយទាវកូនហេង ម្តុំអង់តែនទួលគោក ផ្លូវ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ពិតប្រាកដមែន ។ បន្ទាប់ពីធ្វើសកម្មភាពរួច ពួកខ្លួន និងបក្ខពួក បានព្យាយាមជិះម៉ូតូគេចខ្លួន តែក៏ត្រូវកូនប្រសារប្រុសរបស់ជនរងគ្រោះដែលអតីតជាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជិះរថយន្តដេញតាមបំបុកពីក្រោយ ស្របពេលនោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក ដែលកំពុងល្បាតក្នុងភូមិសាស្ត្រក្បែរនោះ ក៏ឃាត់ពួកខ្លួនបាន២នាក់ភ្លាមៗ រួមជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក Dream C125 ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B3929 ចំណុចផ្លូវ៣១៥ កែងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក យកមកមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ដើម្បីធ្វើសាកសួរតែម្តង ។
ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួនបាត់នោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត ។ បន្ទាប់កម្លាំងអាវុធហត្ថខណ្ឌទួលគោក ក៏បានប្រគល់កាបូបជូនដល់ជនរងគ្រោះវិញផងដែរ ។ ចំណែកឯជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួន ត្រូវបានយកសំណាករួចដោយប្រើឧបករណ៍តេស្តរហ័ស Rapit Test ជាលទ្ធផលគឺអវិជ្ជមានកូវីដ១៩ ។
ជសង្ស័យត្រូវបានតំណាងអយ្យការកំពុងបើកការស៊ើបសួរ ដើម្បីចោទប្រកាន់ជាផ្លូវការ និងចាត់បញ្ជូនទៅខាងចៅក្រម ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕





