គ.ជ.ប ផ្លាស់ប្ដូរប្រធាន-អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតថ្មីនៅខេត្តស្វាយរៀង

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចស្ដីពីការតែងតាំងលោក សុខ សាគុន ជាប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តស្វាយរៀង និងលោក មុំ ពណ្ណារាយ ជាអនុប្រធាន។ ចំណែក លោក ឯម សុត អតីតប្រធាន ដែលចូលនិវត្តន៍ ត្រូវបានតែងតាំងជាជំនួយការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យប្រចាំការនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង ។

ពិធីប្រកាសតែងតាំងប្រធាន-អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តស្វាយរៀងនេះបានប្រព្រឹត្តិទៅនៅសាលប្រជុំអគារ ខ សាលាខេត្តក្រោមអធីបតីភាពលោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្តនិងលោក ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩។

លោកសេង សីលា អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ប្រកបដោយសុទិដ្ឋិនិយម ចំពោះស្មារតីដឹកនាំ គ្រប់គ្រង របស់លោក ឯម សុត អតីតប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំបំពេញភារកិច្ចក្នុងការទទួលខុសត្រូវខ្ពស់ មានកិច្ចសហការល្អជាមួយគណបក្សនយោបាយ អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន ធ្វើឲ្យការបោះឆ្នោតគ្រប់អាណត្តិប្រព្រឹត្តទៅដោយរលូន ។ ឯកឧត្ដមចាត់ទុកការលះបង់ និងការខិតខំប្រឹងប្រែងនេះ ជាគំរូវីរភាពដ៏ឧត្តុង្គឧត្តមសម្រាប់ប្អូនៗជំនាន់ក្រោយ ដែលជាអ្នកបន្តវេន រៀនសូត្រតាម ។

លោក ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា នេះជាលើកទីមួយហើយ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើពិធីប្រកាសដាក់ឲ្យបញ្ចប់មុខតំណែងប្រធាន និងអនុប្រធានលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ដោយសារការដល់អាយុចូលនិវត្តន៍របស់ពួកគាត់ ហើយបានធ្វើការតែងតាំងប្រធាន-អនុប្រធានថ្មីជំនួស ព្រោះថានៅមុនឆ្នាំ២០១៦ មន្ត្រី បុគ្គលិកបំរើការងារនៅអគ្គលេខាធិការដ្ឋានគជប និងនៅលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត គឺសុទ្ធតែមន្ត្រីកិច្ចសន្យាទាំងអស់ ហើយទើបតែត្រូវបានធ្វើសមាហរណកម្មចូលក្នុងលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរាជការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងឆ្នាំ២០១៦កន្លងមកនេះ។

លោកបន្តទៀតថា ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍របស់ពួកគាត់ ត្រូវបានរក្សាទុកជាធនធានមនុស្ស តាមរយៈការតែងតាំងជាជំនួយការប្រចាំការនៅតាមបណ្ដាលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តនីមួយៗ ។ ឯកឧត្ដមបានផ្ដាំផ្ញើដល់ ប្រធាន និងអនុប្រធាន ដែលទើបតែងតាំងថ្មីនេះ លើកកម្ពស់សមត្ថភាពបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ស្របតាមច្បាប់ស្ដីពីការបោះឆ្នោត ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner