កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់-អាមេរិក ឈានចូលដំណាក់កាលដ៏គ្រោះថ្នាក់មួយ
កាលឆ្នាំ ២០១៥ មេដឹកនាំកំពូលអ៊ីរ៉ង់អាយ៉ាតូឡា អាលី ខាមេនី បានរង់ចាំដោយអត់ធ្មត់ មុនពេលលោកផ្ដល់ការយល់ព្រមរបស់លោកចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោក។
ខណៈពេលដែលអ្នកនយោបាយកណ្ដាលនិយមអ៊ីរ៉ង់ និងគាំទ្ររបស់ពួកគេ បានអបអរសាទរការសម្រេចកិច្ចព្រមព្រៀងថានឹងនាំមកយុគសម័យសម្រាប់ប្រទេសនេះ លោកខាមេនីនៅតែបញ្ជាក់យ៉ាងច្បាស់ថាលោកនៅតែមិនទុកចិត្តសហរដ្ឋអាមេរិក និងតួអង្គដទៃទៀតពីក្រោយកិច្ចព្រមព្រៀងនេះ។
នៅក្នុងលិខិតចំហមួយដែលបានចេញផ្សាយមួយថ្ងៃបន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ អាមេរិក អឺរ៉ុប រុស្ស៊ី និងចិនបានធ្វើកិច្ចប្រជុំ «គណៈកម្មការចម្រុះ» លើកដំបូងរបស់ពួកគេ លោកខាមេនីបានព្យាករណ៍ការបរាជ័យនៃកិច្ចព្រមព្រៀងនៅពេលតែវាទើបមានកំណើត។ ដោយកាលនោះលោកបានសរសេរទៅកាន់ប្រធានាធិបតីហាសាន់ រូហានី ដែលជាអ្នកគាំទ្រកិច្ចព្រមព្រៀងនេះ ថាក្រុងវ៉ាស៊ីនតោនបានលាក់លៀម «អរិភាពគ្មានទីបញ្ចប់» ចំពោះប្រទេសអ៊ីរ៉ង់ ហើយបានចោទប្រកាន់រដ្ឋបាលលោកប៉ារ៉ាក់ អូបាម៉ាថាបានធ្វើការបោកបញ្ឆោត និង«ការទូតយាយី»។
ប្រាំមួយឆ្នាំក្រោយ កិច្ចព្រមព្រៀង ដែលមានឈ្មោះថា «ផែនការសកម្មភាពរួម» ឬ JCPOA ហាក់បីដូចជាបានខូចខាតដ៏កម្រិតមិនអាចជួសជុល។ ការមិនទុកចិត្តគ្នារវាងក្រុងតេហេរ៉ង់ និងក្រុងវ៉ាស៊ីនតោន គឺកាន់តែជ្រៅជាងមុន ដោយភាគច្រើនជាលទ្ធផលបន្សល់ដោយអតីតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ដែលកាលពីឆ្នាំ ២០១៨បានដកអាមេរិកចេញពី JCPOA ហើយសម្រេចចិត្តជាឯកតោភាគីដាក់ទណ្ឌកម្មរាប់រយទៅអ៊ីរ៉ង់។ ក្រុងតេហរ៉ង់បានឆ្លើយតបវិញដោយពន្លឿនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែឈានជិតដល់ការបង្កើតអាវុធ។
ឥឡូវនេះ កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ បានដើរទៅមុខដល់កម្រិតមិនធ្លាប់មានពីមុនមក ហើយជំហរទាំងសងខាងមានលក្ខណៈតឹងរ៉ឹងជាងមុន ធ្វើឱ្យអ្នកជំនាញព្រួយបារម្ភថាកិច្ចព្រមព្រៀងបានបរាជ័យ ហើយវិបត្តិនុយក្លេអ៊ែរថ្មីមួយនឹងកើតមានក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណេះ។
អ្នកចរចាមកពីគ្រប់ភាគីបានចំណាយពេលភាគច្រើននៃខែធ្នូក្នុងកិច្ចចរចានៅទីក្រុងវីយ៉ែន នៃទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិប្រចាំអ៊ឺរ៉ុប ក្នុងការព្យាយាមចុងក្រោយដើម្បីស្ដារកិច្ចព្រមព្រៀងនេះ ដែលអ្នកការទូតលោកខាងលិចចាត់ទុកថាជាជម្រើសដ៏ល្អបំផុតក្នុងការទប់ស្កាត់អ៊ីរ៉ង់មិនឱ្យបង្កើតអាវុធនុយក្លេអ៊ែរ។ មកដល់ពេលនេះអ្នកចរចាបានធ្វើវិវឌ្ឍនភាពតិចតួចមុនពេលផ្អាកនៅពាក់កណ្តាលខែធ្នូ ប៉ុន្តែបានចាប់ផ្តើមឡើងវិញនៅថ្ងៃចន្ទសប្ដាហ៍នេះ។
ការចរចាចុងក្រោយនេះបានកើតឡើងបន្ទាប់ពីការផ្អាករយៈពេលប្រាំខែក្រោយពីការចូលកាន់អំណាចរបស់ប្រធានាធិបតីអ៊ីរ៉ង់ថ្មីគឺលោកអ៊ីប្រាហ៊ីម រៃស៊ី ដែលជាកូនសិស្ស និងជំនិតរបស់លោកខាមេនី។ ការបោះឆ្នោតនេះបានសម្គាល់ការបញ្ចប់នៃយុគសម័យកណ្ដាលនិយមរបស់លោករូហានី ហើយពង្រឹងការកាន់កាប់អំណាចរបស់ក្រុមអ្នកនយោបាយអភិរក្សនិយម។
ស្ទើរតែភ្លាមៗបន្ទាប់ពីការចរចាចាប់ផ្ដើម តំណាងលោកខាងលិចបានចោទប្រកាន់រដ្ឋាភិបាលអ៊ីរ៉ង់ថ្មីថាបានដើរថយក្រោយទៅលើចំណុចព្រមព្រៀងនៃការចរចាមុនៗនៅឆមាសទីមួយនៃឆ្នាំ ២០២១ ហើយគ្រាន់តែពន្យារពេលការចរចាដើម្បីពន្លឿនកម្មវិធីនុយក្លេអ៊ែរបន្ថែមទៀត។ រីឯអ៊ីរ៉ង់វិញបាននិយាយថាពួកគេក៏ចង់ស្ដារកិច្ចព្រមព្រៀង ប៉ុន្តែលោកខាងលិចកំពុងរារាំងមិនឱ្យការចរចាទៅមុខ។
បើមើលពីទស្សនៈរបស់អ៊ីរ៉ង់ ការព្រួយបារម្ភ និងការមិនទុកចិត្តរបស់លោកខាមេនី ចំពោះលោកខាងលិច គឺត្រូវបានបញ្ជាក់ថាត្រូវ ដោយការសម្រេចចិត្តរបស់លោកត្រាំក្នុងការដកខ្លួនអាមេរិកចេញពីកិច្ចព្រមព្រៀង ហើយចាប់ផ្ដើមដាក់ទណ្ឌកម្មឡើងវិញ។ អំពើបែបនេះបានធ្វើឱ្យក្រុមអ្នកនយោបាយអភិរក្សនិយមរបស់លោកខាមេនីកាន់មានប្រជាប្រិយភាព និងអំណាច ជាងក្រុមកណ្ដាលនិយមរបស់លោកប្រធានាធិបតីរ៉ូហានី ដែលជាអ្នកគាំទ្រការធ្វើកិច្ចព្រមព្រៀង។
រីឯលោកចូ បៃដិនវិញបានបង្ហាញថាលោកចង់ស្ដារកិច្ចព្រមព្រៀង ប៉ុន្តែមិនត្រូវបង្ហាញខ្លួនថាទន់ខ្សោយចំពោះប្រទេសអ៊ីរ៉ង់ទេ។ កត្តាទាំងនេះបានធ្វើឱ្យជំហរទាំងសងខាងកាន់តឹងរ៉ឹង និងកាន់តែមិនសម្របសម្រួលគ្នា ហើយធ្វើឱ្យការស្ដារកិច្ចព្រមព្រៀងកាន់តែលំបាក។
ប្រសិនបើការចរចាបរាជ័យ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តពួកគេមានជម្រើសចាត់វិធានការមួយចំនួន។ ពួកគេអាចដាក់ពាក្យបណ្ដឹងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅខែមីនា ថាអ៊ីរ៉ង់បានរំលោភដែនកំណត់នុយក្លេអ៊ែរ។ បន្ទាប់មកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងសម្រេចថាចាត់វិធានការមួយទៀត។
ជម្រើសមួយទៀតគឺសម្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខណាមួយ ដែលជាភាគីនៃកិច្ចព្រមព្រៀងដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ចិន និងរុស្សី ដើម្បីចាប់ផ្ដើមទណ្ឌកម្មអន្តរជាតិ «ត្រឡប់ទៅវិញ» ដែលត្រូវបានដកចេញបន្ទាប់ពីកិច្ចព្រមព្រៀងនេះ ដោយត្រឹមតែផ្ដល់ដំណឹងទៅឱ្យសមាជិកដទៃទៀតថាអ៊ីរ៉ង់បានរំលោភដែនកំណត់។ ការធ្វើបែបអាចត្រូវបានរារាំងបានលុះត្រាតែសមាជិកក្រុមប្រឹក្សាទាំងអស់បដិសេធ៕

ប្រភព៖ FT