ក្នុងកម្មវិធីឆ្លងឆ្នាំសកលមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរបានមកលេងកម្សាន្តតាមរមណីយដ្ឋាន និងសួនកំសាន្តនានា ក្នុងខេត្តកំពង់ឆ្នាំង ចំនួនជាង ៧ម៉ឺននាក់
កំពង់ឆ្នាំង៖ យោងសេចក្តីរាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅក្នុងកម្មវិធីបុណ្យឆ្លងឆ្នាំសកល ២០២១ ឈានចូលឆ្នាំ២០២២នេះ នៅតាមរមណីយដ្ឋាន និងសួនកំសាន្តនានាក្នុងខេត្តកំពង់ឆ្នាំង មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងស្រុកមកលេងកំសាន្តចំនួនជាង ៧ម៉ឺននាក់ ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០១ ខែមករា ឆ្នាំ២០២២ នេះបានឲ្យដឹងថា តាមរបាយការណ៍ របស់មន្ទីរទេស
ចរណ៍ខេត្ត នៅក្នុងពិធីបុណ្យ ឆ្លងឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូនេះ មានភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ បានមកលេងកម្សាន្តនៅតាមរមណីយដ្ឋាន និង សួនកម្សាន្តនានា ក្នុងខេត្តចំនួន ៧១ ៨៦៩ នាក់ផងដែរ ។
ក្នុងនោះដែរ សមត្ថកិច្ចគ្រប់ផ្នែកគ្រប់ជំនាញ បានសហការជាមួយប្រជាការពារ ជាមួយសហគមន៍ទេសចរណ៍ ការពារបានល្អនូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ដោយពុំមានបទល្មើស ឬហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ។
ក្នុងនោះដែរនៅរមណីយដ្ឋាន បឹងឈ្វាំងសែនជ័យ ក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ និងក្នុងក្រុងកំពង់ឆ្នាំង នៅសួនច្បារវិមានឯករាជ្យ សួនកុមារ មុខសាលាខេត្ត និងសួនច្បារ សម្ដេច គង់ សំអុល មុខមជ្ឈមណ្ឌលស៊ីម៉ាក់ ក៏មានការរៀបចំប្រគុំតន្ត្រីសម័យ និងការបាញ់កាំជ្រួចរាប់ពាន់គ្រាប់ ជូនបងប្អូនប្រជាពលរដ្ឋទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ ក្រោមម្លប់ សន្តិភាព ។
ដោយឡែក លោក សេង សាលី បានឱ្យដឹងថា នៅតាមរមណីយដ្ឋាន និងសួនកំសាន្តនានា រដ្ឋបាលខេត្ត រដ្ឋបាលស្រុក មន្ទីរទេសចរណ៍ និងសហគមន៍ទេសចរណ៍ បានយកចិត្តទុដាក់ ធ្វើការណែនាំដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកលេងកំសាន្ត ចូលរួមអនុវត្តនូវវិធានការ ការពាររបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣កុំ និង ៣ ការពារ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ ១៩ បានល្អប្រសើរផងដែរ ៕ដោយ៖ សុខ គឹមសៀន














