មេដឹកនំាំអ៊ុយក្រែន និង រុស្ស៊ីឯកភាពគ្នាអនុវត្តតាមបទឈប់បាញ់យ៉ាងពេញលេញមួយរវាងប្រទេសទំាងពីរ
បារាំង៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្កាយ និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឈានដល់ការឯកភាពគ្នាដើម្បីអនុវត្តយ៉ាងពេញតាមបទឈប់បាញ់នៅឯតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន នាដំណាច់ឆ្នាំ២០១៩នេះ ក្រោយមានជំនួបទ្វេភាគីជាលើកដំបូងនៅប្រទេសបារំាង ។
បន្ទាប់ពីកិច្ចប្រជុំនៅវិមានប្រធានាធិបតីបារាំង អេលីហ្សេ នៅថ្ងៃចន្ទម្សិលមិញ លោក ពូទីន បានសម្ដែងការសាទរដោយចាត់ទុកថា កិច្ចព្រមព្រៀងនេះ គឺជាការបោះជំហានមួយយ៉ាងសំខាន់ ឆ្ពោះទៅរកការបន្ធូរបន្ថយជម្លោះក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ។ ទន្ទឹមគ្នា លោក ពូទីន និងលោក ហ្សេលែនស្កាយ ក៏បានសន្យាដែរថា នឹងដោះដូរអ្នកទោស ហើយនឹងដកកម្លាំងយោធាចេញពីតំបន់ចំនួន០៣របស់អ៊ុយក្រែននៅចុងខែមីនា ឆ្នាំ២០២០ តែមិនបានបញ្ជាក់លម្អិតថា តំបន់ណាខ្លះនោះទេ ។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ មេដឹកនំាប្រទេសទំាងពីរនៅតែមានការខ្វែងគំនិតគ្នាដដែល ទាក់ទិននឹងការដកទាំងស្រុងនូវកងកម្លាំងយោធាគំាទ្រដោយរុស្ស៊ីចេញពីតំបន់ជម្លោះ និងការរៀបចំការបោះឆ្នោតនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមទាមទារបំបែករដ្ឋ ៕



