ក្រុមហ៊ុនមហាហង្សទទួលបានសិទ្ធិរយៈពេល៤ឆ្នាំ ដើម្បីជ្រើសរើសស្រីស្អាតតំណាងប្រទេសកម្ពុជា ទៅចូលរួមប្រកួតប្រជែងកម្មវិធីកញ្ញាឯក «Miss Grand International»
ភ្នំពេញ៖ ប្រធានគណៈកម្មការ «Miss Grand International» ក៏ដូចជាជយលាភីលេខ១ កញ្ញាឯកក្នុងព្រឹត្តិការណ៍ «Miss Grand International» ឆ្នាំ២០១៩ បានធ្វើដំណើរមកកម្ពុជាហើយ នឹងបានធ្វើការប្រគល់សិទ្ធិជូនក្រុមហ៊ុន មហាហង្ស ដើម្បីទទួលជ្រើសរើសតំណាង ចេញទៅប្រកួតរយៈពេល៤ឆ្នាំជាប់ៗគ្នាតែម្ដង ។

ប្រធានគណៈកម្មការ Miss Grand International លោក Nawat បានប្រកាសជាផ្លូវការ ប្រគល់សិទ្ធិឲ្យផលិតកម្មមហាហង្ស ក្លាយជាក្រុមហ៊ុនទទួលសិទ្ធិជ្រើសរើសស្រីស្អាត Miss Grand Cambodia រយៈពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣ ។ លោកប្រាប់មូលហេតុថា ហេតុផលនៃការដកសិទ្ធិពីក្រុមហ៊ុនមុន គឺដោយសារតែក្រុមហ៊ុនមុន មិនបានបញ្ជូន Miss Grand Cambodia ឆ្នាំ២០១៩ ទៅប្រកួតនៅវេណេហ្ស៊ូឡា ធ្វើឲ្យលោកមានការអាក់អន់ចិត្ត ។ លោកបន្តថា ក្រុមហ៊ុនមហាហង្សជំនាញលើទីផ្សារ និងមានស្នាដៃច្រើនលើវិស័យភាពយន្ត និងកិច្ចការសប្បុរសធម៌ ទើបលោកទុកចិត្ត និងធ្វើការប្រគល់សិទ្ធិជូននៅពេលនេះ ។

ដោយឡែកក្រោយពីទទួលបានសិទ្ធិ ក្នុងការជ្រើសរើសកញ្ញាឯករយៈពេល៤ឆ្នាំហើយនោះ លោក អុិន សុភិន អគ្គនាយកក្រុមហ៊ុនមហាហង្ស បានថ្លែងថា ការប្រកួតជ្រើសរើស បេក្ខភាពកញ្ញាឯក នឹងត្រូវចាប់ផ្ដើមពីខែកុម្ភៈ ដើមឆ្នាំ២០២០នេះតទៅ ដោយនឹងជ្រើសយកអ្នកលេខ១ តំណាងខេត្តក្រុងនីមួយៗ រួចហើយ ទើបប្រឡងជ្រើសរើសធំ ដើម្បីស្វែងរកស្រីស្អាតម្នាក់ ដែលស្អាត មានចំណេះដឹង ឲ្យចេញតំណាងកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ ។

អគ្គនាយកក្រុមហ៊ុនមហាហង្សរូបនេះ បានបន្ថែមថា គណកម្មការអន្តរជាតិ នឹងបញ្ជូនអ្នកជំនាញឲ្យមកបង្វឹក ដល់បេក្ខភាពរបស់យើង នៅពេលដែលរកឃើញអ្នកទទួលជ័យលាភី ដើម្បីឲ្យមានការយល់ដឹងកាន់តែច្រើនបន្ថែមទៀត ក្នុងការដើរម៉ូដ របៀបនៃការដើរ បែបបទនៃការប្រកួត និងការបង្ហាញឈុតផ្សេងៗ ក្នុងពេលប្រកួត ទើបធ្វើឲ្យលោកមិនមានការ ភ័យព្រួយអ្វីឡើយ សម្រាប់បេក្ខនារីតំណាងប្រទេសយើង ចេញទៅប្រកួតនៅក្រៅប្រទេស ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩នេះ បេក្ខនារីដែលតំណាងឲ្យកម្ពុជា ត្រូវចូលរួមប្រកួតព្រឹត្តិការណ៍ «Miss Grand International» នៅប្រទេសវេណេហ្ស៊ូអេឡា គឺបានទៅលើកញ្ញា ដេត ស្រីនាថ ដោយនាងបានត្រៀមលក្ខណៈរួចរាល់ ដើម្បីចេញទៅប្រកួត ។ ប៉ុន្តែកញ្ញា ដេត ស្រីនាថ បានប្រកាសលុបចោលដំណើរនៃការចូលរួមប្រកួត នៅប្រទេសវេណេហ្ស៊ូអេឡា យ៉ាងតក់ក្រហល់ ព្រោះសំអាងទៅលើសុវត្ថិភាព និងអសន្តិសុខចំពោះនាង ហើយក៏មានបេក្ខនារីតាមបណ្ដាប្រទេសមួយចំនួន បានធ្វើពហិកាមិនចូលរួមប្រកួតដូចគ្នា ជាហេតុទើបត្រូវខកខាន ៕ធ.ដ



