លោក ដូណាល់ ត្រាំ ថ្លែងអរគុណអ៊ីរ៉ង់ ក្រោយប្រទេសទំាងពីររៀបចំការដោះដូរអ្នកទោសគ្នានៅប្រទេសស្វីស

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានធ្វើរឿងមួយដ៏កម្របំផុត នោះគឺការថ្លែងអំណរគុណដល់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុននេះ ចំពោះការចរចាគ្នាដោយយុត្តិធម៌ ក្នុងការដោះដូរអ្នកទោសគ្នាក្នុងទីក្រុង ហ៊្សូរីច ប្រទេសស្វីស ។

ការដោះដូរអ្នកទោសរវាងប្រទេសទំាងពីរ ត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលពីសំណាក់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ហ្សាហ្វាដ ហ្សារីហ្វ និងមន្រ្តីអាមេរិកលោក ប្រាយអិន ហ៊ុក សម្រាប់អ្នកទោសពីរនាក់ឈ្មោះ ម៉ាហ្ស៊ូដ សូឡេម៉ាណា និង ស៊ីយូ វ៉ាង ។ លោក វ៉ាង ដែលជាពលរដ្ឋអាមេរិកបានជាប់ឃុំឃាំងនៅអ៊ីរ៉ង់អស់រយៈពេលប្រមាណជា៣ឆ្នាំ ដោយសារការចោទប្រកាន់ថា លោកលួចស៊ើបការណ៍សម្ងាត់ពីរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ។ រីឯលោក សូឡេម៉ាណា ដែលជាសាស្រ្តាចារ្យអ៊ីរ៉ង់បានរងការចោទប្រកាន់នៅសហរដ្ឋអាមេរិក ពីបទព្យាយាមនាំយកវត្ថុដែលបំពានទណ្ឌកម្មអាមេរិកទៅកាន់អ៊ីរ៉ង់ ។

សូមបញ្ជាក់ថា លោក សូឡេម៉ាណា នឹងឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់វិញក្នុងពេលឆាប់ៗនេះ ខណៈមន្រ្តីអាមេរិក ប្រាយអិន ហ៊ុក និងលោក ស៊ីយូ វ៉ាង បានចេញដំណើរទៅអាល្លឺម៉ង់ ដើម្បីឲ្យលោក វ៉ាង ទទួលការពិនិត្យស្ថានភាពសុខភាព នៅមជ្ឈមណ្ឌលវិជ្ជសាស្រ្តអាម៉េរិកមួយកន្លែង ក្នុងទីក្រុង លែនស៊្ទូល ។ លោក វ៉ាង នឹងស្នាក់នៅអាល្លឺម៉ង់រយៈពេលប៉ុន្មានថ្ងៃ មុនត្រឡប់ទៅកាន់សហរដ្ឋអាមេ៉រិក ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner