គ្មានការលះបង់ គ្មានរបកគំហើញថ្មី៖ អាមេរិក និងរុស្សីបង្ហាញទុទ្ទិដ្ឋិនិយមមុនការចរចាចាប់ផ្ដើម
កាលពីថ្ងៃអាទិត្យ ទី៩ មករានេះ រុស្សីលើកឡើងថាខ្លួននឹងធ្វើការលះបង់ណាមួយក្រោមសម្ពាធរបស់សហរដ្ឋអាមេរិកទេ ហើយបានព្រមានថាការចរចាអំពីវិបត្តិនៅប្រទេសអ៊ុយក្រែននៅសប្ដាហ៍នេះអាចចប់មុនពេលកំណត់ ខណៈពេលដែលសហរដ្ឋអាមេរិកបាននិយាយថាពួកគេមិនរំពឹងថាមានរបកគំហើញថ្មីណាមួយទេ ហើយការវិវឌ្ឍណាមួយនោះគឺអាស្រ័យលើការបន្ថយភាពតានតឹងពីរុស្សី។
ជំហរតឹងរ៉ឹងរបស់ភាគីទាំងសងខាង បានបង្ហាញយ៉ាងច្បាស់អំពីភាពផុយស្រួយនៃការរំពឹងទុកនៃការចរចា ខណៈពេលដែលភាពតានតឹងរវាងអាមេរិក និងរុស្សីបានកើនដល់ចំណុចខ្ពស់បំផុតចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់កាលពី ៣០ ឆ្នាំមុន។
ការចរចាគឺគ្រោងចាប់ផ្ដើមនៅថ្ងៃចន្ទនៅក្រុងហ្សឺណែវ មុនពេលបន្តទៀតនៅទីក្រុងវីយ៉ែន និងទីក្រុងប្រ៊ុចសែល។ ប៉ុន្តែសារព័ត៌មានរដ្ឋរុស្សី RIA បានរាយការណ៍ដោយផ្អែកលើសំដីរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្សីលោកសឺហ្គេ រីយ៉ាបកូវថាការចរចាការទូតអាចត្រូវបញ្ចប់បន្ទាប់ពីការជួបប្រជុំតែមួយលើកប៉ុណ្ណោះ។ លោក រីយ៉ាបកូវ ដែលជាអ្នកដឹកនាំគណៈប្រតិភូរុស្សី បាននិយាយថារុស្សីនឹងមិនធ្វើការលះបង់ណាមួយក្រោមសម្ពាធ ឬការគំរាមកំហែងឥតឈប់ឈរពីអ្នកចូលរួមក្នុងកិច្ចពិភាក្សានោះទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកអាន់តូនី ប្លីនខេន បាននិយាយថាលោកមិនរំពឹងថានឹងមានរបកគំហើញថ្មីណាមួយទេ ហើយការវិវឌ្ឍជាក់ស្ដែងក៏មិនអាចកើតឡើងបានប្រសិនបើរុស្សីនៅបន្តដាក់ពង្រាយទាហានជិត ១០០.០០០ នាក់នៅតំបន់ព្រំដែនជាមួយប្រទេសអ៊ុយក្រែន។ ការដាក់ពង្រាយទាហានរុស្សីជិត ១០០.០០០ នាក់នៅតំបន់ព្រំដែនជាមួយប្រទេសអ៊ុយក្រែន បានធ្វើឱ្យមានការចោទប្រកាន់ថារុស្សីកំពុងត្រៀមធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន។ ប្រទេសរុស្សីបានច្រានចោលការចោទប្រកាន់នេះ ហើយនិយាយថាការកសាងទំនាក់ទំនងរវាងអ៊ុយក្រែនជាមួយអង្គការណាតូគឺជាការគំរាមកំហែងដល់សន្តិសុខរបស់រុស្សី។ រុស្សីបានធ្វើការទាមទារឱ្យមានការធានាសន្តិសុខពីណាតូ ដែលរួមមានការប្ដេជ្ញាមិនពង្រីកសមាជិកភាពមកអឺរ៉ុបខាងកើត ជាពិសេសអ៊ុយក្រែន៕

ប្រភព៖ Reuters