ជប៉ុន និងអូស្ត្រាលីចុះកិច្ចព្រមព្រៀងសន្តិសុខ ឆ្លើយតបការគំរាមកំហែងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក
ជប៉ុន និងអូស្ត្រាលីបានសម្រេចចុះកិច្ចព្រមព្រៀងផ្ដល់ការចេញ-ចូលឱ្យគ្នាទៅវិញទៅមក (Reciprocal Access Agreement – RAA) ដែលជាកិច្ចព្រមព្រៀងសន្តិសុខមួយរវាងប្រទេសទាំងពីរកាលពីថ្ងៃព្រហស្បតិ៍កន្លង។
ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងអំឡុងជំនួបរវាងលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន និងលោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមប្រព័ន្ធវីដេអូ។
តាមពិតទៅ លោក គីស៊ីដា គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អូស្ត្រាលី និងសហរដ្ឋអាមេរិក នៅខែមករា ប៉ុន្តែក្រោយមកលោកបានធ្វើការលើកពេលវិញ ដោយសារតែលោកត្រូវដោះស្រាយនឹងការងារប្រឆាំងនឹងជំងឺកូវីដ-១៩ វ៉ារ្យង់អូមីក្រុង នៅឯប្រទេសជប៉ុន។
តាមរយៈកិច្ចព្រមព្រៀងសន្តិសុខ RAA នេះ ជប៉ុន និងអូស្ត្រាលីនឹងសម្របសម្រួលកងទ័ពប្រទេសទាំងពីរក្នុងសកម្មភាពមួយចំនួនដូចជា «លំហាត់សមយុទ្ធរួម ក៏ដូចជាប្រតិបត្តិការក្នុងការជួយសង្គ្រោះអំឡុងពេលមានគ្រោះមហន្តរាយ រាប់បញ្ចូលទាំងគ្រោះអាសន្នក្នុងទំហំធំធេង និងស្មុគស្មាញ»។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំរបស់នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ។
ក្រៅពីនេះទៅទៀត ប្រទេសទាំងពីរនឹង «បង្កើនប្រសិទ្ធភាពនៃអន្តរប្រតិបត្តិការ និងអានុភាពនៃកងកម្លាំង» របស់ខ្លួន។
កិច្ចព្រមព្រៀងកម្រាស់ ២៩ទំព័រមួយនេះត្រូវបានចុះហត្ថលេខាដោយផ្ទាល់ដោយលោក គីស៊ីដា និងលោក ម៉ូរីសុន។ ក្នុងខ្លឹមសារដែលចុះផ្សាយដោយក្រសួងការបរទេសជប៉ុន កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យកងទ័ពជប៉ុន និងអូស្ត្រាលីប្រើប្រាស់មូលដ្ឋានទ័ពរបស់គ្នាទៅវិញទៅមក។
តាមពិតទៅប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនឹងគ្នាហាក់បីដូចជាច្រើនណាស់ដែរហើយ តាមរយៈការប្រាស្រ័យទាក់ទងគ្នានានា។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះជាការសម្រួលផ្នែកផ្លូវច្បាប់ដល់ការឆ្លងកាត់របស់ប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរ កងទ័ពនៃប្រទេសទាំងពីរត្រូវតែគោរពតាមច្បាប់របស់ប្រទេសម្ចាស់ផ្ទះ។ នេះបានសេចក្ដីថា ប្រសិនបើកងទ័ពណាមួយប្រព្រឹត្តិបទល្មើស កងទ័ពរូបនោះនឹងត្រូវរងការកាត់ទោសដោយប្រទេសម្ចាស់ ដោយមិនមានការលើកលែងនោះទេ។
តាមពិតទៅជប៉ុន និងអូស្ត្រាលីជជែកពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងសន្តិសុខនេះតាំងពីឆ្នាំ២០១៤ មកម្ល៉េះ ហើយប្រទេសទាំងពីរបានព្រមព្រៀងគ្នាសម្រាប់ជំហានដំបូងកាលពីខែវិច្ឆិកា ឆ្នាំ២០២០។
អ្វីដែលជាឧបសគ្គក្នុងការសម្រេចកិច្ចព្រមព្រៀងនេះគឺត្រង់ការអនុវត្តទោសប្រហារជីវិតរបស់ជប៉ុន ដោយត្រង់ចំណុចនេះជាការជំទាស់យ៉ាងដាច់ខាតពីសំណាក់ភាគីអូស្ត្រាលី។ ប្រទេសនៅអឌ្ឍគោលចុងខាងត្បូងមួយនេះបានរំលាយមិនឱ្យមានទោសប្រហារជីវិតតាំងពីឆ្នាំ១៩៨៥ ហើយជាអ្នកតស៊ូមតិមួយក្នុងការជំរុញឱ្យពិភពលោកទាំងមូលរំលាយទោសប្រហារជីវិត។
ទោះជាយ៉ាងណាក៏ដោយ ស្របពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយកាន់តែតឹងតែង ដែលជាពិសេសគឺប្រទេសមើលឃើញថា ចិនបង្កជាការគំរាមកំហែងផ្នែកសន្តិសុខដល់ប្រទេសរបស់ខ្លួន អូស្ត្រាលីក៏ថយមួយជំហានលើរឿងទោសប្រហារជីវិត ហើយក៏សម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅដើមឆ្នាំ២០២២ តែម្ដងទៅ។
ជប៉ុនកន្លងមកបានចុះកិច្ចព្រមព្រៀងសន្តិសុខប្រភេទនេះតែជាមួយសហរដ្ឋអាមេរិកនោះទេ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុននានា ជប៉ុនមានបំណងក្នុងការចុះកិច្ចព្រមព្រៀងប្រភេទនេះជាមួយនឹងចក្រភពអង់គ្លេសបន្ថែមទៀត។
ចំណែកឯអូស្ត្រាលីវិញ ក្រោយពីមានទំនាក់ទំនងល្អក់កករជាមួយចិនក៏ស្ទុះស្ទាក្នុងការពង្រឹងសន្តិសុខរបស់ខ្លួនតាមរយៈការចុះកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីជាមួយអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅកាត់ថា AUKUS។
អំឡុងពិភាក្សាគ្នាតាមប្រព័ន្ធអនឡាញនេះដែរ ភាគីជប៉ុន និងអូស្ត្រាលីក៏បង្ហាញពីគោលជំហរក្នុងការជំទាស់នឹងសកម្មភាពណាមួយ ដែលប៉ុនប៉ងក្នុងការផ្លាស់ប្ដូរបច្ចុប្បន្នភាពនៅតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។
បន្ថែមពីនេះដែរ ប្រទេសទាំងពីរក៏ប្ដេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹង «សន្តិសុខសេដ្ឋកិច្ច» ដោយប្រឆាំងនឹងការផ្ទេរបច្ចេកវិទ្យាដោយខុសច្បាប់ ដែលពាក់ព័ន្ធនឹងចារកម្មផ្នែកឧស្សាហកម្ម ក៏ដូចជារួមគ្នាការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលរួមមានប្រព័ន្ធអ៊ីនធឺណិតជាដើម។
ជាមួយគ្នានេះដែរ លោក វ៉ាង វិនប៊ីន អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅមុនថ្ងៃចុះកិច្ចព្រមព្រៀងផ្នែកសន្តិសុខរវាងអូស្ត្រាលី និងជប៉ុនថា៖ «កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូររវាងរដ្ឋ និងរដ្ឋ គួរតែធ្វើឡើងដើម្បីបង្កើនការយោគយល់ និងភាពទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសនានានៅក្នុងតំបន់ ក៏ដូចជាគាំពារសន្តិភាព និងស្ថិរភាពតំបន់ ជាជាងដាក់គោលដៅ ឬ ក៏បង្កជាផលប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទី ៣ ណាមួយ»។
«យើងសង្ឃឹមថាមហាសមុទ្រប៉ាស៊ីហ្វិកនឹងនៅតែជាសមុទ្រប្រកបដោយសន្តិភាព មិនមែនជាកន្លែងបង្កព្យុះភ្លៀងឡើយ»។ នេះបើតាមការបន្ថែមរបស់លោក វ៉ាង៕

ប្រភព៖ Nikkie Asia