ប្រទេសតំបន់អាហ្វ្រិកខាងលិចបន្តដាក់ទណ្ឌកម្មម៉ាលី ក្រោយរដ្ឋអំណាចពន្យារពេលបោះឆ្នោត
អង្គការតំបន់អាហ្វ្រិកខាងលិច សមាគមសេដ្ឋកិច្ចរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើប្រទេសម៉ាលី ក្រោយពីរដ្ឋអំណាចយោធានៅប្រទេសនេះពន្យារពេលបោះឆ្នោតរហូតដល់ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរបស់អង្គការនេះ ក្រោយពីមានកិច្ចប្រជុំវិសាមញ្ញកាលពីថ្ងៃអាទិត្យ នាឯប្រទេសហ្គាណា។
ប្រទេសម៉ាលីញាំញីដោយវិបត្តិនយោបាយ ដោយកាលពីឆ្នាំ២០២០កន្លងទៅមានការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលដែលមិនមានប្រជាប្រិយភាព ដោយមេបញ្ជាការកងទ័ពពិសេសថ្នាក់វរសេនីយ៍លោក Assimi Goita។
ក្រុមទាហានបានបន្តុបរដ្ឋាភិបាលស៊ីវិលឱ្យកាន់បណ្ដោះអាសន្ន តែក្រោយមកក៏រដ្ឋប្រហារម្ដងទៀតនៅខែឧសភា ឆ្នាំ២០២១ ហើយសន្យាថារៀបចំបោះឆ្នោតនៅខែកុម្ភៈឆ្នាំ២០២២។ យ៉ាងណាមិញ ក្រោយពីសន្និសីទថ្នាក់ជាតិបញ្ចប់ទៅនៅខែធ្នូ យោធាម៉ាលីបានសម្រេចពន្យារពេលបោះឆ្នោតរហូតដល់ឆ្នាំ២០២៥។
អង្គការ ECOWAS ចេញសេចក្ដីថ្លែងការណ៍ថាការពន្យារពេលនេះជារឿងមិនអាចទទួលយកបាន ហើយចោទយោធាម៉ាលីថា យកប្រជាជនខ្លួនឯងជាចំណាប់ខ្មាំង។
សមាជិក ១៥ប្រទេសនៅអង្គការបានសម្រេចធ្វើការបិទព្រំដែនទាំងដីគោក និងដែនអាកាស ហើយផ្អាកការផ្ទេរលុយមិនចាំបាច់ណាមួយទៅកាន់ប្រទេសម៉ាលី ព្រមទាំងបង្កកទ្រព្យសម្បត្តិរដ្ឋម៉ាលីនៅធនាគារកណ្ដាល និងពាណិជ្ជកម្មនៃរដ្ឋសមាជិក ECOWAS។
តាមពិតទៅ ECOWAS បានដាក់ទណ្ឌកម្មជាច្រើនមកហើយចាប់តាំងពីរដ្ឋប្រហារលើកទី១ ដោយក្នុងនោះគឺ ផ្អាកសមាជិកភាពរបស់ប្រទេសម៉ាលីនៅក្នុងអង្គការរបស់ខ្លួន៕

ប្រភព៖ Aljazeera