អគ្គលេខាធិការអង្គការណាតូថាសម្ព័ន្ធភាពយោធាបានត្រៀមខ្លួនសម្រាប់ជម្លោះនៅទ្វីបអឺរ៉ុប
អគ្គលេខាធិការអង្គការណាតូលោកជេន ស្ទូលតេនប៊ឺកបាននិយាយថារុស្សីត្រូវតែបោះបង់គោលនយោបាយការបរទេសអរិភាព និងសហការជាមួយលោកខាងលិច ប្រសិនបើមិនចង់ប្រឈមមុខនឹងសម្ព័ន្ធភាពយោធាទាំងមូល ដែលបានត្រៀមខ្លួនជាសម្រេចសម្រាប់ជម្លោះប្រដាប់អាវុធនៅទ្វីបអឺរ៉ុប ប្រសិនបើការចរចាបរាជ័យ។
ការព្រមានរបស់លោកបានធ្វើឡើងមុនកិច្ចពិភាក្សាផ្លូវការរវាងមន្ត្រីរុស្សីនិងអាមេរិកនៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទ និងកិច្ចប្រជុំក្រុងប្រ៊ុចសែល នៅថ្ងៃពុធរវាងសមាជិកទាំង ៣០ នៃសម្ព័ន្ធភាពណាតូ និងគណៈប្រតិភូរុស្សី។ កិច្ចប្រជុំនៅទីក្រុងវីយ៉ែន ដែលរៀបចំដោយអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប ត្រូវគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍។
ប្រទេសរុស្សីបានដាក់ពង្រាយទាហានជិត ១០០.០០០ នាក់នៅតំបន់ជាប់ព្រំដែនជាមួយប្រទេសអ៊ុយក្រែន បានធ្វើឱ្យមានការព្រួយបារម្ភថាប្រទេសរុស្សីគឺកំពុងត្រៀមឈ្លានពានប្រទេសអ៊ុយក្រែន។ ប្រទេសរុស្សីបានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយនិយាយថាការកសាងទំនាក់ទំនងរវាងណាតូ និងប្រទេសអ៊ុយក្រែនគឺជាការគំរាមកំហែងដោយផ្ទាល់ចំពោះសន្តិសុខរបស់រុស្សី។
រុស្សីបានធ្វើការទាមទារឱ្យមានការធានាសន្តិសុខមួយចំនួនពីណាតូ ដែលរួមមានការហាមឃាត់មិនឱ្យពង្រីកសមាជិកភាពមកអឺរ៉ុបខាងកើតជាពិសេសអ៊ុយក្រែន និងផ្ដល់សិទ្ធវេតូដល់ក្រុងក្រឹមឡាំងក្នុងការរារាំងសកម្មភាពរបស់សម្ព័ន្ធយោធានេះ ក្នុងប្រទេសដែលទើបតែចូលជាសមាជិកបន្ទាប់ពីការដួលរលំរបស់សហភាពសូវៀត។ លោកស្ទូលតេនប៊ឺកបាននិយាយថាលក្ខខណ្ឌទាំងពីរនេះគឺមិនអាចទទួលយកបានទេ ព្រោះការទាមទារនេះបានរំលោភគោលការណ៍ស្នូលរបស់ណាតូ។
ផ្ទុយទៅវិញលោកស្ទូលតេនប៊ឺកបាននិយាយថាសហរដ្ឋអាមេរិក និងណាតូបានត្រៀមខ្លួនដើម្បីនិយាយជាមួយរុស្សីអំពីវិធានការកាត់បន្ថយហានិភ័យ ដែលរួមមាន «ការគ្រប់គ្រងអាវុធ និងកិច្ចខិតខំប្រឹងប្រែងដើម្បីព្យាយាមឱ្យមានតម្លាភាពបន្ថែមទៀតលើសកម្មភាពយោធា សមយុទ្ធ និងនៅលើបណ្ដាញទំនាក់ទំនងផងដែរ»៕

ប្រភព៖ FT