អតីតនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាននិយាយថា មេដឹកនាំបច្ចុប្បន្នត្រូវតែចាត់វិធានការឱ្យឆាប់ដើម្បីពង្រឹងអំណាច

អតីត​នាយក​រដ្ឋ​មន្ត្រី​កាហ្សាក់ស្ថាន​លោក​ Akezhan Kazhegeldin ​និយាយ​ថា​ ប្រធានាធិបតី​​បច្ចុប្បន្ន​ត្រូវ​តែ​ចេញ​វិធាន​ការ​ឱ្យ​លឿន​ដើម្បី​ពង្រឹង​អំណាច​របស់​លោក ​បន្ទាប់​ពី​​មាន​ការ​ប្រេះ​ស្រាំនៃ​ទំនាក់​ទំនង​ជាមួយ​អតីត​ប្រធានាធិបតី​មុន​ដែល​នៅ​តែ​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​​ ស្រប​ពេល​ដែលកា​ហ្សាក់ស្ថាន​ប្រឈម​មុខ​នឹង​បាតុកម្ម​ដ៏​ធំ​ទូទាំង​ប្រទេស​ពី​ពលរដ្ឋ​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​ប្រេង​សាំង​។​

អតីត​នាយក​រដ្ឋ​មន្ត្រី​កាន់​តំណែង​ពី​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ​រូបនេះ​ ​និយាយ​ប្រាប់​ទីភ្នាក់ងារ​រ៉យទ័រ​ថា​ លោក​ប្រធានាធិបតី​ Kassym-Jomart Tokayev ​ដែល​​គ្រប់​គ្រង​តាំង​ពី​ឆ្នាំ​ ២០១៩ ​បន្ទាប់​ពី​លោក​ Nursultan Nazarbayev​ ​ដែល​កាន់​តំណែង​​រយៈ​ពេល​ ៣ ​ទសវត្សរ៍​មុន​ ចាំ​បាច់​ត្រូវ​លុប​បំបាត់​ការ​សង្ស័យ​អំពី​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ​។​​

លោក​ Kazhegeldin ​និយាយ​ថា​៖​ «​ខ្ញុំ​គិត​ថា​មនុស្ស​ជាច្រើន​នៅ​ក្នុង​បណ្តាញ​សង្គម​ ទាំង​អ្នក​រិះ​គន់​ នៅ​តែ​បន្ត​និយាយ​ថា​លោក​ Tokaev ​ត្រូវ​បាន​លោក​ Nazarbayev ​តែង​តាំង​ ហើយ​អតីត​ប្រធានាធិបតី​រូប​នេះ​តែង​ឈរ​នៅ​ពី​ក្រោយ​ខ្នង​របស់​លោក​ [Tokaev]​ដើម្បី​រៀប​ចំ​»​។​ លោក​បន្ត​ថា​៖​ «​ឥឡូវ​នេះ​ លោក​មាន​អំណាច​ប្រតិបត្តិ​ជា​ផ្លូវការ​ទាំង​ស្រុង ​សំណួរ​គឺ​ថា​តើ​លោក​នឹង​ដាក់​ពង្រាយ​វា​ដោយ​របៀប​ណា​។​ ​លោក​ត្រូវ​តែ​បញ្ជា​»​។​

លោក​ Kazhegeldin ​​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Nazarbayev ​​​ពេល​ដែល​លោក​ Tokaev ​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​នៅ​ឡើយ​ ប៉ុន្តែ​​អតីត​នាយក​រដ្ឋ​មន្រ្តី​រូប​នេះ​បាន​លា​ឈប់​ដោយ​សារ​ការ​ព្រួយ​បារម្ភ​អំពី​អំពើ​ពុក​រលួយ​ ហើយ​បច្ចុប្បន្ន​នេះ ​កំពុង​រស់​នៅ​និរទេសខ្លួន​​ក្នុង​ប្រទេស​អង់គ្លេស​។​

លោក​​​ជំរុញ​​​ឱ្យ​​លោក​ Tokaev ​ស៊ើប​អង្កេត​​​ឱ្យ​​បាន​​លឿន​ នាំ​​អ្នក​​ទទួល​ខុស​ត្រូវ​​ចំពោះ​​អំពើ​​ហិង្សា​​មក​​រក​​យុត្តិធម៌​ និង​​ស្តាប់​​ការ​​ទាមទារ​​របស់​​ប្រជាជន​​​ឱ្យ​​មាន​ការ​​កែ​ទម្រង់​​។ ​លោក​ Kazhegeldin ​និយាយ​ថា​៖​ «​ប្រសិន​បើ​លោក​[Tokaev]​ធ្វើ​វា​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ លោក​អាច​ពឹង​ផ្អែក​លើ​ការ​គាំទ្រ​របស់​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​។​ ប្រសិន​បើ​លោក​មិន​ធ្វើ​ទេ​ ប្រជាជន​នឹង​បន្ទោស​បញ្ហា​ទាំង​អស់​ និង​អ្វី​គ្រប់​យ៉ាង​ដែល​​កើត​ឡើង​ថ្មី​ៗ​នេះ​ថា​មក​ពី​លោក​»​។​ ​​

អ្នក​នាំ​ពាក្យ​របស់​លោក ​Nazarbayev ​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ក្នុង​ការ​ប៉ុន​ប៉ង​ជាក់​ស្តែង​មួយ​ដើម្បី​លុប​បំបាត់​ចំណាប់​អារម្មណ៍​នៃ​ជម្លោះ​រវាង​លោក​ និង​លោក​ប្រធានាធិបតី​ Tokaev​ ។ សេចក្ដី​ថ្លែងការណ៍​និយាយ​ថា​ អតីត​ប្រធានាធិបតី​​ជ្រើស​រើស​បោះ​បង់​តំណែង​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​ខ្លួន​ឱ្យ​ទៅ​លោក​ Tokayev​ ដើម្បី​ជួយ​សម្រាល​វិបត្តិ​ ហើយ​បុរស​ទាំង​ពីរ​តែង​តែ​​នៅម្ខាង​នៃ​របាំង​ការពារ​។​​

៣ ​ទសវត្សរ៍​នៃ​ការ​គ្រប់​គ្រង​កាហ្សាក់ស្ថាន​ លោក​ Nazarbayev ​​ទាក់​ទាញ​ការ​វិនិយោគ​បរទេស​រាប់​រយ​ពាន់​លាន​ដុល្លារ​ក្នុង​វិស័យ​ថាមពល​ និង​លោហៈ ​និង​ធ្វើ​ឱ្យ​មាន​តុល្យភាព​ទំនាក់​ទំនង​យ៉ាង​ប៉ិន​ប្រសប់​ជាមួយ​ប្រទេស​ជិត​ខាង​ដ៏​មាន​ឥទ្ធិពល​រួម​មាន​រុស្ស៊ី​ និង​ចិន​។​

ការ​តវ៉ា​នៅ​កាហ្សាក់ស្ថាន​​ចា​ប់​ផ្តើម​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ឡើង​ថ្លៃ​នៃ​ប្រេង​សាំង​កាល​ពី​ដើម​សប្ដាហ៍​មុន​ ប៉ុន្តែ​ភាព​ចលាចល​បន្ត​កើន​ឡើង​ដោយ​ក្រុម​បាតុករ​បង្ហាញ​​​ពី​ការ​មិន​សប្បាយ​ចិត្ត​របស់​ខ្លួន​ចំពោះ​រដ្ឋាភិបាល​ និង​អតីត​ប្រធានាធិបតី​​ដែល​បាតុករ​ចោទប្រ​កាន់​ថា​នៅ​តែ​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​។​

កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ ខណៈ​ដែល​ក្រុម​បាតុករ​ដុត​បំផ្លាញ​អគារ​ជាច្រើន​ខ្នង​ក្នុង​ទី​ក្រុង​ Almaty ​ដែល​ជា​​ក្រុង​ដ៏​ធំ​បំផុត​ប្រទេស​ លោក​​ Tokayev ​បាន​​ដក​អតីត​មេដឹកនាំ​លោក​ Nazarbayev ​ចេញ​ពី​ដំណែង​​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​​ ​​ជា​តួនាទី​មួយ​ដែល​ធ្វើ​ឱ្យ​លោក​ Nazarbayev ​​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​រដ្ឋាភិបាល​ បើ​ទោះ​ជា​អតីត​ប្រធានាធិបតី​វ័យ​ ៨១​ ឆ្នាំ​រូប​នេះ ​​ចុះ​ចេញ​ពី​ដំណែង​កាលពី​ឆ្នាំ​ ២០១៩​ហើយ​ក្ដី​។​

មនុស្ស​យ៉ាង​ហោច​ណាស់​ ១៦៤ ​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​កុបកម្ម​ ខណៈ​ជិត​ ៨ ០០០ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ ក្នុង​ចំណាត់​ការ​ដែល​លោក​ Tokayev ​ហៅ​ថា​ ប្រតិបត្តិការ​ប្រឆាំង​ភេរវករ​ ការ​បោស​សម្អាត​ដើម្បី​ការពារ​សន្តិសុខ​។​ ​ក្រោយ​មាន​ការ​បញ្ជូន​កង​ទ័ព​ជំនួយ​ពី​រុស្ស៊ី​ ការិយាល័យ​​ប្រធានាធិបតី​​កាហ្សាក់ស្ថាន​​​និយាយ​​កាល​​​ពី​​ថ្ងៃ​​អាទិត្យ​​​ថា​ ស្ថានការណ៍​​មាន​​ស្ថិរភាព​ហើយ​ឥឡូវ​នេះ​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner