អេត្យូពីដោះលែងអ្នកទោសនយោបាយដ៏លេចធ្លោ និងអំពាវនាវឱ្យមានការផ្សះផ្សាជាតិ
រដ្ឋាភិបាលរបស់ប្រទេសអេត្យូពីនិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងដោះលែងអ្នកទោសនយោបាយដ៏លេចធ្លោជាច្រើននាក់ រួមទាំងសមាជិកនៃរណសិរ្សរំដោះប្រជាជនទីហ្រ្កេ (TPLF) ដែលខ្លួនហៅថាជាក្រុមឧទ្ទាម ដើម្បីជាជំហានឆ្ពោះទៅរកការដោះស្រាយដោយសន្តិវិធីក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេស។
អ្នកដែលត្រូវដោះលែងរួមមានលោក Jawar Mohammed ដែលជាអ្នករិះគន់លោកនាយករដ្ឋមន្ត្រី Abiy Ahmed ដ៏លេចធ្លោ ដែលត្រូវបានចាប់ខ្លួនក្នុងខែកក្កដា ឆ្នាំ ២០២០ ក្នុងអំឡុងមហាបាតុកម្មដ៏ធំ ដែលបណ្ដាលឱ្យបាតុកររាប់រយនាក់ត្រូវបានសម្លាប់។ ក្រសួងយុត្តិធម៌និយាយថា សម្រាប់អ្នកជាប់ឃុំ TPLF ត្រូវបានផ្តល់ការលើកលែងទោសដោយគិតគូរពីអាយុ និងស្ថានភាពសុខភាពរបស់ពួកគេ។
ការប្រកាសថ្មីធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីកងកម្លាំងរបស់លោក Abiy ទទួលជ័យជំនះលើសមរភូមិប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាមមកពីតំបន់ទីហ្រ្កេនៅភាគខាងជើងនៃប្រទេស ហើយធ្វើឱ្យមានក្តីសង្ឃឹមដ៏កម្រដែលថាទម្រង់នៃការផ្សះផ្សាមួយចំនួនអាចនឹងទៅរួច។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ រដ្ឋាភិបាលរបស់លោក Abiy និយាយថា ខ្លួននឹងដោះលែងអ្នកទោស «ដើម្បីត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយយូរអង្វែងចំពោះបញ្ហារបស់ប្រទេសអេត្យូពីដោយសន្តិភាព និងអហិង្សា» តាមរយៈការសន្ទនាថ្នាក់ជាតិ។
ប៉ុន្តែមិនមានការលើកឡើងអំពីការចរចាសន្តិភាពជាមួយ TPLF ដែលជាសត្រូវសំខាន់របស់លោកនោះទេ។ ក្រុម[TPLF]និយាយថា ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ឈប់ការប្រយុទ្ធប្រសិនបើលោក Abiy បំពេញលក្ខខណ្ឌជាក់លាក់ ទោះបីជាប្រធានាធិបតីរូបនេះធ្លាប់ច្រានចោលការចរចាណាមួយជាមួយខ្លួនក្ដី។
យ៉ាងណាមិញ សមាជិកសភាអេត្យូពីកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំទៅ បានអនុម័តច្បាប់ដើម្បីបង្កើតគណៈកម្មការសម្រាប់ការសន្ទនាដើម្បីដោះស្រាយជម្លោះជាតិចំពេលមានសម្ពាធអន្តរជាតិសម្រាប់ការចរចាដើម្បីបញ្ចប់សង្គ្រាម។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាការនេះនឹងមិនចូលរួមជាមួយ TPLF ឬកងទ័ពរំដោះជនជាតិ Oromo ដែលរដ្ឋាភិបាលចាត់ទុកថាជាក្រុមឧទ្ទាមដែរនោះឡើយ។
លោក Awol Allo សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកច្បាប់នៅសាកលវិទ្យាល័យ Keele ប្រទេសអង់គ្លេសនិយាយប្រាប់កាសែតញូវយ៉កថែមស៍ថា៖ «ខ្ញុំគិតថា នេះគ្រាន់តែជាឧបាយកលនយោបាយរបស់លោក Abiy ប៉ុណ្ណោះ។ ការសន្ទនាថ្នាក់ជាតិដើម្បីដោះស្រាយបញ្ហានយោបាយរបស់យើង មិនដូចការចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមទេ»។
ប៉ុន្តែលោក Will Davison អ្នកវិភាគជាន់ខ្ពស់ជនជាតិអេត្យូពីនៅអង្គការវិបត្តិអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល និយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖ «សេចក្តីប្រកាសនេះគឺជាសញ្ញាដំបូងក្នុងរយៈពេលណាមួយដែលរដ្ឋាភិបាលសហព័ន្ធកំពុងសម្លឹងមើលចាត់វិធានការដ៏ធ្ងន់ធ្ងរឆ្ពោះទៅរកការផ្សះផ្សានយោបាយ»។ លោកក៏ព្រមានផងដែរថា ការដោះលែងអ្នកទោសមួយចំនួនមិនមែនមានន័យថាជាដំណោះស្រាយនៃសង្គ្រាមនោះទេ។
តាំងពីជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០១៩ លោក Abiy ចាប់ផ្តើមសកម្មភាពយោធានៅតំបន់ទីហ្រ្កេក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ មានការរាយការណ៍ជាច្រើនអំពីការរំលោភសិទ្ធិមនុស្ស ការបោសសម្អាតជនជាតិភាគតិច និងរួមទាំងវិបត្តិមនុស្សធម៌ ដែលរុញច្រានមនុស្សយ៉ាងហោចណាស់ ៤០០ ០០០ នាក់ចូលទៅក្នុងគ្រោះទុរ្ភិក្ស។
រដ្ឋាភិបាលនិយាយក្នុងសេចក្ដីថ្លែងការណ៍ថា គន្លឹះនៃការរួបរួមយូរអង្វែងគឺការសន្ទនា ខណៈដែលការប្រយុទ្ធគ្នានៅតំបន់ទីហ្រ្កេតែបន្តទៅមុខ។ អ្នកវិភាគ និងអ្នកការទូតបរទេសនិយាយថា ការត្រឡប់មកវិញផ្នែកយោធាដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Abiy ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ភាគច្រើនអាចធ្វើទៅបានដោយដ្រូនប្រដាប់អាវុធដែលផ្គត់ផ្គង់ដោយសម្ព័ន្ធមិត្តបរទេស។
អស់រយៈពេលជាច្រើនខែ អ្នកការទូតមកពីសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសនៅអាហ្វ្រិកជិតខាងបានជំរុញលោក Abiy ជាឯកជន និងជាសាធារណៈ ឱ្យបញ្ឈប់ការប្រយុទ្ធគ្នា និងបើកការចរចាសន្តិភាពជាមួយជនជាតិដែលរស់នៅតំបន់ទីហ្រ្កេ និងក្រុមប្រឆាំងប្រដាប់អាវុធផ្សេងទៀត។
កាលពីខែមុន ប្រជាជនទីហ្រ្កេនិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមកិច្ចចរចា ប្រសិនបើរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ រួមទាំងប្រជាជនទីហ្រ្កេរាប់ពាន់នាក់ដែលត្រូវឃុំខ្លួនដោយកងកម្លាំងសន្តិសុខអេត្យូពីក្នុងប៉ុន្មានខែថ្មីៗនេះ ហើយបញ្ចប់ការដាក់ទណ្ឌកម្មលើការឡោមព័ទ្ធតំបន់ទីហ្រ្កេ ដែលធ្វើឱ្យមានការកាត់ផ្តាច់ការផ្គត់ផ្គង់សំខាន់ៗរួមមានទាំងស្បៀង និងថ្នាំពេទ្យ។ ប៉ុន្តែរដ្ឋាភិបាលមិនបានចាត់វិធានការតាមការស្នើសុំទាំងនោះទេ។
អ្នកការទូតបរទេសពីរនាក់និយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Abiy ពិភាក្សាស្ងាត់ៗជាមួយលោក Jawar អំពីការដោះលែងអ្នកនយោបាយដែលជាមេដឹកនាំក្រុមជនជាតិ Oromo រូបនេះ។ គេមិនទាន់ដឹងច្បាស់លាស់នៅឡើយទេថាតើលក្ខខណ្ឌណាមួយត្រូវបានភ្ជាប់ជាមួយនឹងការចេញផ្សាយដែលប្រកាសកាលពីថ្ងៃសុក្រនេះ។

ប្រភព៖ Reuters