ប្រមុខការទូតចិន និងរុស្ស៊ីពិភាក្សាគ្នាតាមទូរស័ព្ទផ្តោតសំខាន់លើទំនាក់ទំនងទ្វេភាគី និងស្ថានភាពនៅប្រទេសកាហ្សាក់ស្ថាន
ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក សឺហ្គៃឡាវរូវ ស្តីពីទំនាក់ទំនងទ្វេភាគី និងស្ថានភាពនៅក្នុងប្រទេសកាហ្សាក់ស្ថាន។
លោក វ៉ាង យី ធ្លាប់បាននិយាយកាលពីដើមឆ្នាំនេះថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសចិន និងការចូលរួមរបស់លោក ក្នុងពិធីបើកកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង នឹងមិនត្រឹមតែជាជំនួបផ្ទាល់លើកដំបូងរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ ក្នុងរយៈពេលជិតពីរឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងអន្តរជាតិផងដែរ។
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនរូបនេះបានគូសបញ្ជាក់ទៀតថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងការសម្របសម្រួលជាមួយរុស្ស៊ី ដើម្បីធានាបាននូវជោគជ័យពេញលេញ និងលទ្ធផលជាផ្លែផ្កានៃ “ការជួបជុំគ្នាសម្រាប់កីឡាអូឡាំពិករដូវរងា” និង “កិច្ចប្រជុំក្នុងពិធីបុណ្យនិទាឃរដូវ” រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ៕ ប្រភព៖ CGTN

