គណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បន្តចាប់ផ្តើមរឹតបន្តឹង និងផ្សព្វផ្សាយពីវិធានការពារ
ភ្នំពេញ ៖ អនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ លោក គ្រី ហ៊ុច តំណាងឱ្យលោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានចាប់ផ្តើមចែកម៉ាសជូនដល់ក្រុមអាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សារ ព្រមទាំងអតិថិជន ប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញចូលផ្សារ និងតាមច្រកចូលផ្សារនីមួយៗ ដើម្បីបន្តរឹតបន្តឹងវិធានការពារ និងបានណែនាំឱ្យបន្តចូលរួមទប់ស្កាត់វីរុសកូវីដ-១៩ ជាប្រភេទបំប្លែងថ្មី អូមីក្រុង (Omicron) នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅផ្សារច្បារអំពៅ សង្កាត់ច្បារពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក គ្រី ហ៊ុច អនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ ក៏បានចុះដឹកនាំកម្លាំងផ្ទាល់ ដោយបានយកម៉ាស់មកចែកជូន និងបានណែនាំឱ្យក្រុមអាជីវករ និងអតិថិជន ប្រជាពលរដ្ឋ ដែលចេញចូលក្នុងផ្សារ ត្រូវតែធ្វើអនាម័យឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តវិធានការពារ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានជាប់ជាប្រចាំ។
លោក គ្រី ហ៊ុច អនុប្រធានផ្សារច្បារអំពៅ បានឱ្យដឹងថា ការចុះចែកម៉ាសនេះ ដោយអនុវត្តតាមបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌច្បារអំពៅ តាមរយៈលោក គួន ចំណាន ជាប្រធានគណៈកម្មការផ្សារច្បារអំពៅ តែងតែចាប់ក្រុមការងារ ចុះរៀបចំសណ្ដាប់ធ្នាប់ ជាប្រចាំ និងបានផ្សព្វផ្សារទៅដល់អាជីវករ អតិថិនជន ដែលជាបងប្អូនប្រជាពលរដ្ឋ ត្រូវតែយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (អូមីក្រុង) ឆ្លងក្នុងសហគមន៍ និងបានប្រគល់ម៉ាសចំនួន ៥០០០សន្លឹក ដើម្បីធ្វើការចែកជូនដល់ក្រុមអាជីវករ ក៏ដូចជាអតិថិជន ដែលចេញចូលទិញសម្ភារៈនៅក្នុងផ្សារច្បារអំពៅ។
សូមបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈវីដេអូ (Conferencing) កាលពីពេលថ្មីៗកន្លងទៅ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ធ្វើការពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែលជំងឺកូវីដ-១៩ ប្រភេទថ្មី (អូមីក្រុង) បាននិងកំពុងចូលដល់សហគមន៍ និងត្រូវបន្តជុំរុញចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដូសជំរុញទី៣ និងដូសទី៤ ឱ្យបានគ្រប់ៗគ្នា៕ ដោយ៖ ឆៃហួត