ស្រុកបន្ទាយស្រី បញ្ហាប្រឈមចំនួន៣ ជាកម្មវត្ថុសំខាន់ នៃដំណោះស្រាយចំពោះមុខ
សៀមរាប ៖ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ របស់ក្រុមការងារថ្នាក់ជាតិនៃរាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានដំណើរការនារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ គឺដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ ដែលដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាអនុប្រធាននៃក្រុមការងារ ។
កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីរដ្ឋបាលស្រុក និងមន្រ្តីក្រុមការងារទាំងអស់ ដោយបានជម្នះរាល់ការលំបាកនានា រាប់បញ្ចូលទាំងការឆ្លងកាត់វិបត្តិកូវីដ-១៩ ផងដែរ ។ បញ្ហាប្រឈមសំខាន់ចំនួន៣ គឺជាកម្មវត្ថុដែលត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយ ដើម្បីធ្វើសេចក្តីព្រាងរបាយការណ៍ បញ្ជូនទៅលេខាធិការដ្ឋាននៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ស្នើសុំគោលការណ៍អនុវត្ត ឬបទអន្តរាគមន៍ណាមួយ សំដៅដោះស្រាយសំណូមពរទាំងនោះ ជូនប្រជាពលរដ្ឋ ។
យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុក បញ្ហាប្រឈមដែលរ៉ាំរ៉ៃនោះគឺ ទី១. ស្នើសុំអាជ្ញាធរអប្សា អនុញ្ញាតិឲ្យគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់បឹងទន្លេសាបជំហាន២ អាចចូលកសាងផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ នៅក្នុងភូមិថ្នល់ទទឺង និងភូមិថ្នល់បណ្តោយ នៃឃុំព្រះដាក់ ដោយសារតែសំណើរនោះ ត្រូវបានអាជ្ញាធរអប្សរា បដិសេធចំនួន៣លើករួចមកហើយ ព្រោះថា ភូមិទាំង២នេះ ស្ថិតក្នុងតំបន់បូរាណដ្ឋាន នៃឧទ្យានអង្គរ ទី២. ស្នើសុំអន្តរាគមន៍ឲ្យស្ថាប័នសមត្ថកិច្ចជួយពន្លឿន ចុះកាត់ឆ្វៀល ដីគម្របព្រៃឈើឆ្នាំ២០០២ ជូនប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលជាក់ស្តែងយូរអង្វែងកន្លងមកហើយនោះ បានទទួលប្រើប្រាស់ដោយភាពកក់ក្តៅ និងទី៣. ស្នើសុំការចាត់វិធានការ ចំពោះការរំលោភបំពានដីរដ្ឋ ដែលមិនត្រូវបានចាត់បញ្ចូល ទៅក្នុងបញ្ជីស្នើសុំកាត់ឆ្វៀល ដែលជាពិសេសនោះ គឺនៅបរិវេណជើងភ្នំគូលេន ។
នៅក្នុងបញ្ហាប្រឈមទី១ អំពីការស្នើសុំកសាងផ្លូវបេតុង និងផ្លូវកៅស៊ូ នៅភូមិថ្នល់បណ្តោយ និងភូមិថ្នល់ទទឹង នៃឃុំព្រះដាក់ ដែលកិច្ចប្រជុំសង្ឃឹមថា ការអូសបន្លាយពេលវេលាល្មមត្រូវបានបញ្ចាប់នោះ លោកប្រធានអង្គប្រជុំ ស្នើសុំឲ្យអាជ្ញាធរអប្សរា អាចនឹងប្រើប្រាស់ជំនាញធ្វើកំណាយឲ្យបានឃើញពិតប្រាកថា តើតំបន់នោះអាចមានផលប៉ះពាល់ ដល់សម្បត្តិបេតិកណ័្ឌក្រោមដីដែរឬទេ បើសិនជាមូលដ្ឋានត្រូវការសាងសង់ផ្លូវថ្នល់នោះ។
ឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានក្រុមទី៥ នៃអាជ្ញាធរជាតិអប្សរា ប្រចាំស្រុកបន្ទាយស្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិផងដែរ បញ្ជាក់ថា នៅក្នុងតំបន់១ តំបន់២ នៃឧទ្យានអង្គរ គឺមានបង្កប់ប្រាសាទក្រោមដីរាប់រយកន្លែង ដែលយើងមិនអាចមើលរំលងបាន ។ ការសិក្សាក្នុងតំបន់បូរាណដ្ឋាន អាជ្ញាធរអប្សរាមានក្រុមការងារពិសេសគ្រប់ជំនាញដែលគ្រប់គ្រងដោយអគ្គនាយកមួយរូប ។ ក្រុមការងារពិសេសនេះ អាចជួយបានបើមានតម្រូវការយ៉ាងណានោះ ដែលទាក់ទងទៅនឹងការស្រាវជ្រាវបូរាណដ្ឋាន ឬសិក្សាអំពីបេតិកភ័ណ្ឌ។
ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារអន្តរស្ថាប័ន ដែលមានអភិបាលខេត្តជាប្រធាន និងអគ្គនាយកអាជ្ញាធរជាតិអប្សរាជាអនុប្រធាន ត្រូវបានបង្កើតឡើង។ បញ្ហាសំណើរសុំកសាងផ្លូវនៅភូមិថ្នល់បណ្តាយ និងភូមិថ្នល់ទទឹង នៃឃុំព្រះដាក់ គឺជាសមត្ថកិច្ច នៃក្រុមការងារអន្តរស្ថាប័ននេះ។
កិច្ចប្រជុំសង្ឃឹមថា ការពិភាក្សាគ្នានេះ គឺជាការអនុវត្តតួនាទី ភារកិច្ចយ៉ាងសកម្មរបស់ក្រុមការងារ ក្នុងគោលដៅធ្វើឲ្យយន្តការរដ្ឋបាលថ្នាក់ស្រុក ធានាបានប្រសិទ្ធភាពក្នុងការដឹកនាំ ក្នុងការដោះស្រាយបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន៕ ដោយ ស៊ាន សុផាត