ក្រុមអ្នកពិនិត្យការពិតនិយាយថា យូធូបគឺជាវេទិកាចែករំលែកព័ត៌មានមិនពិតដ៏ធំបំផុត
សម្ព័ន្ធសកលនៃអង្គការត្រួតពិនិត្យការពិត និយាយថា យូធូប (Youtube) គឺជាបណ្តាញដ៏ធំនៃព័ត៌មានមិនពិត និងព័ត៌មានប្រឌិតតាមអ៊ីនធឺណិត និងនៅទូទាំងពិភពលោក ហើយមិនដំណើរការគ្រប់គ្រាន់ ដើម្បីដោះស្រាយការរីករាលដាលនៃព័ត៌មានមិនពិតនៅលើវេទិកានេះទេ។
លិខិតមួយដែលចុះហត្ថលេខាដោយស្ថាប័នជាង៨០រួមទាំងក្រុមហ៊ុនFull Fact របស់ចក្រភពអង់គ្លេស និងកម្មវិធីត្រួតពិនិត្យការពិតរបស់កាសែតWashington Post និយាយថាYoutube កំពុងអនុញ្ញាតក្រុមផ្សេងៗ ធ្វើការបង្ហោះព័ត៌មានមិនពិតរបស់ខ្លួនដូចជាក្រុម Doctors for the Truth ដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីកូវីដ-១៩ និងវីដេអូ ដែលគាំទ្រការចោទប្រកាន់ថា មានការក្លែងបន្លំអំឡុងពេលបោះឆ្នោតប្រធានាធិបតីអាមេរិក។
លិខិត ដែលផ្ញើជូននាយកប្រតិបត្តិរបស់ YouTube លោក Susan Wojcicki និងហៅ YouTube ថា ជាផ្លូវដែកដ៏សំខាន់សម្រាប់ការមិនពិត និយាយថា៖ «YouTube កំពុងអនុញ្ញាតឱ្យវេទិការបស់ខ្លួនក្លាយជាអាវុធរបស់តួអង្គដែលមិនសមហេតុផល ដើម្បីកេងប្រវ័ញ្ចអ្នកដទៃ ព្រមទាំងរៀបចំ និងរៃអង្គាសប្រាក់ដោយខ្លួនឯង»។
លិខិតដដែលជំរុញឱ្យ YouTube ដែលជាកម្មសិទ្ធិរបស់ Google ធ្វើការផ្លាស់ប្តូរមួយចំនួន ចំពោះប្រតិបត្តិការរបស់ខ្លួន។ លិខិតនិយាយថា YouTube ក៏គួរតែជួសជុលក្បួនណែនាំមាតិការបស់ខ្លួនផងដែរដើម្បីធានាថាវាមិនផ្សព្វផ្សាយព័ត៌មានមិនពិតយ៉ាងសកម្មដល់អ្នកប្រើប្រាស់ឬណែនាំមាតិកាមកពីបណ្តាញដែលមិនគួរឱ្យទុកចិត្ត។
ឆ្លើយតបទៅនឹងលិខិតថ្មីអ្នកស្រី Elena Hernandez អ្នកនាំពាក្យរបស់YouTube និយាយថា ក្រុមហ៊ុន បានបណ្តាក់ទុនយ៉ាងច្រើននៅក្នុងគោលនយោបាយដូចជាកាត់បន្ថយការរីករាលដាលនៃព្រំដែនព័ត៌មានមិនពិត និងតែងតែស្វែងរកមធ្យោបាយដ៏មានអត្ថន័យដើម្បីកែលម្អ ហើយនឹងបន្តពង្រឹងការងាររបស់ខ្លួនជាមួយនឹងសហគមន៍ត្រួតពិនិត្យការពិត។
អ្នកស្រីHernandez បន្តថា៖« យើងបានឃើញការវិវឌ្ឍន៍ដ៏សំខាន់ ដោយរក្សាការប្រើប្រាស់ព័ត៌មានមិនពិតតាមព្រំដែនដែលបានណែនាំនៅក្រោម១ ភាគរយនៃការមើលទាំងអស់នៅលើ YouTube ហើយមានតែប្រហែល ០.២១ ភាគរយនៃការមើលទាំងអស់ប៉ុណ្ណោះជាមាតិការបំពាន ដែលយើងដកចេញនៅពេលក្រោយ»។

ប្រភព៖ The Guardain