ខណៈការគំរាមកំហែងទៅវិញទៅមកកើនឡើង អាមេរិក អ៊ីរ៉ង់ឈានជិតដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ថ្មី​ៗ​នេះ​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​បាន​ចូល​រួម​ក្នុង​ការ​កើន​ឡើង​នៃ​ការ​ព្រមាន​ និង​គំរាម​កំហែង​គ្នា​ទៅ​វិញ​ទៅ​មក​ បើ​ទោះ​បី​ជា​ពួកគេ​កំពុង​មាន​ការ​រីក​ចម្រើន​ក្នុង​កិច្ច​ចរចា​ការទូត​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ក៏​ដោយ​។

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ សភា​របស់​ប្រទេស​អ៊ីរ៉ង់​បាន​ដាក់​ទណ្ឌកម្ម​ ហើយ​​ភាគ​ច្រើន​ជា​និមិត្តរូប​ ទៅ​លើ​ជនជាតិ​អាមេរិក​ចំនួន ៥១ នាក់​ ដែល​ជា​មន្ត្រី​ស៊ីវិល​ និង​យោធា​ ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ និង​រំលោភ​សិទ្ធ​មនុស្ស​ ក្នុង​ការ​ធ្វើ​ឃាត​មេបញ្ជាការ​អ៊ីរ៉ង់​មួយ​រូប​គឺ​លោក​ឧត្ដមសេនីយ៍​ទោ​កាស៊ីម ស៊ូឡីម៉ានី​កាល​ពី​ពីរ​ឆ្នាំ​មុន​។

ជា​ការ​ឆ្លើយ​តប​លោក​ជេក ស៊ូលីវ៉ាន់​ ទីប្រឹក្សា​សន្តិសុខ​របស់​ប្រធានាធិបតី​អាមេរិក​ បាន​ព្រមាន​ថា​អ៊ីរ៉ង់​នឹង​ជួប​ «ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ» ប្រសិន​បើ​ជនជាតិ​អាមេរិក​ណាមួយ ជា​ពិសេស​បុគ្គល​ទាំង​ ៥១ នាក់​ខាង​លើ​ រង​ការ​វាយ​ប្រហារ​ពី​អ៊ីរ៉ង់​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ នៅ​ថ្ងៃ​ដែល​សភា​អ៊ីរ៉ង់​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​អាមេរិក​ អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ និង​ជា​អ្នក​ដឹកនាំ​គណ​ប្រតិភូ​ចរចា​នុយក្លេអ៊ែរ​លោក​អាលី បាហ្គារី កានី​ការ​ខ្វែង​គំនិត​គ្នា​ជា​មួយ​មហាអំណាច​ពិភពលោក​គឺ​កំពុង​ថយ​ចុះ ហើយ​ការ​ចរចា​គឺ​កំពុង​ដើរ​ទៅ​មុខ​។

ការ​ដាក់​ទណ្ឌកម្ម​ និង​ការ​ប្រើប្រាស់​សំដី​មុត​ៗ​ គឺ​មិនមែន​ជា​អ្វី​ថ្មី​ក្នុង​ទំនាក់ទំនង​ដ៏​តានតឹង​រវាង​អ៊ីរ៉ង់​ និង​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​សកម្មភាព​ថ្មី​ៗ​នេះ គឺ​គួរ​ឱ្យ​កត់​សម្គាល់​ដោយ​សារ​វា​បាន​កើន​ឡើង​នៅ​ចំ​ពេល​ដែល​ភាគី​ទាំង​ពីរ​ចង់​បញ្ចប់​ការ​ចរចា​ដោយ​ជោគជ័យ​ ដោយ​មិន​បង្ហាញ​ថា​ខ្លួន​បាន​ធ្វើ​ការ​លះបង់​ធំ​ដុំ​ណា​មួយ​។

អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ​ បាន​ដក​ខ្លួន​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ដែល​មាន​ឈ្មោះ​ថា​ «ផែនការ​សកម្មភាព​រួម» ឬ​ JCPOA ហើយ​បាន​សម្រេច​ជា​ឯកតោភាគី​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង និង​វិស័យ​ហិរញ្ញវត្ថុ​របស់​អ៊ីរ៉ង់​។ លោក​ត្រាំ​បាន​និយាយ​ថា​លោក​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​ឱ្យ​ចរចា​កិច្ចព្រមព្រៀង​ថ្មី​មួយ​ ដែល​រួម​បញ្ចូល​ការ​ដាក់​កំណត់​លើ​កម្មវិធី​មីស៊ីល​ចម្ងាយ​ឆ្ងាយ​របស់​អ៊ីរ៉ង់ និង​សកម្មភាព​នយោបាយ​ និង​យោធា​របស់​ពួកគេ​ក្នុង​តំបន់​។

ដើម​ឡើយ​ប្រធានាធិបតី​អាមេរិក​ថ្មី​លោក​ចូ បៃដិន​ចង់​ត្រឡប់​ទៅ​រក​កិច្ចព្រមព្រៀង​ដើម​ឱ្យ​ឆាប់​បំផុត​ ដោយ​រក្សា​ជំហរ​របស់​ត្រាំ​ទៅ​លើ​បញ្ហា​មីស៊ីល​ និង​គោលនយោបាយ​ការទូត​ សម្រាប់​ការ​ចរចា​នៅ​ពេល​អនាគត​។ ប៉ុន្តែ​ឥឡូវ​នេះ​រដ្ឋបាល​ថ្មី​បាន​បញ្ហា​សញ្ញា​ថា​លក្ខខណ្ឌ​ទាំង​ពីរ​នេះ​ គឺ​ចាំ​បាច់​សម្រាប់​ការ​ស្ដារ​កិច្ចព្រមព្រៀង​។

រីឯ​អ៊ីរ៉ង់​វិញ​ដើម​ឡើយ​បាន​និយាយ​ថា​ខ្លួន​នឹង​ពិចារណា​ការ​ស្ដារ​កិច្ចព្រមព្រៀង​ដើម ប្រសិន​បើ​អាមេរិក​ដក​ទណ្ឌកម្ម​របស់​លោក​ត្រាំ​ និង​សន្យា​ថា​ប្រធានាធិបតី​អាមេរិក​នា​ពេល​អនាគត​នឹង​មិន​ចាក​ចេញ​ពី​កិច្ចព្រមព្រៀង​ទៀត​ទេ​។ អ៊ីរ៉ង់​បាន​បន្ទន់​ការ​ទាមទារ​ទាំង​នេះ​ ខណៈ​ពេល​ដែល​ការ​ចរចា​បាន​ចាប់​ផ្ដើម​ទៅ​មុខ​។

បើ​ទោះ​បី​ជា​មាន​ជំហរ​ដ៏​តឹងរ៉ឹង​ ភាគី​ទាំង​សង​ខាង​នៅ​តែ​មាន​តម្រូវ​ការ​យ៉ាង​ខ្លាំង​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​ឆ្នាំ​ ២០១៥​។

លោក​បៃដិន​ គឺ​ត្រូវ​ការ​ការ​ជោគជ័យ​លើ​បញ្ហា​គោលនយោបាយ​ការបរទេស​ ជា​ពិសេស​បន្ទាប់​ពី​ការ​ចាកចេញ​ដ៏​រញ៉េរញ៉ៃ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​។ រីឯ​ប្រទេស​អ៊ីរ៉ង់​វិញ​ ដែល​បាន​ឆ្លង​កាត់​ការ​ដាក់​សម្ពាធ​របស់​លោក​ត្រាំ គឺ​ត្រូវ​ការ​ការ​ដក​ទណ្ឌកម្ម​ ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។

ក្នុង​ការ​ថ្លែង​សុន្ទរកថា​មួយ អាយ៉ាតូឡា​ អាលី ខាមេនី​ បាន​ផ្ដល់​សញ្ញា​នៃ​ការ​យល់ព្រម​ដោយ​ប្រយោល​ចំពោះ​ការ​ចរចា​ជា​មួយ​សហរដ្ឋអាមេរិក ដោយ​លោក​បាន​និយាយ​ថា​៖ «ការ​ពិភាក្សា និង​ការ​ចរចា​ជាមួយ​សត្រូវ​នៅ​ចំណុច​ប្រសព្វ​ជាក់លាក់ គឺ​មិនមែន​មាន​ន័យ​ថា​ការ​ចុះចាញ់​នោះ​ទេ​»​៕

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner