រុស្សី និងណាតូនិយាយគ្នាត្រង់ៗ ប៉ុន្តែនៅតែមិនទាន់ឈានទៅរកការចរចានៅឡើយ
បន្ទាប់ពីជំនួបអស់រយៈពេលជាងបួនម៉ោងជាមួយគណៈប្រតិភូរុស្សី អង្គការណាតូលើកឡើងថាខ្លួនមានឆន្ទៈចរចាលើការគ្រប់គ្រងអាវុធ និងការដាក់ពង្រាយមីស៊ីលនៅទ្វីបអឺរ៉ុប ប៉ុន្តែបានច្រានចោលការទាមទារធានាសន្តិសុខរបស់រុស្សី ដែលរួមមានការធានាថាខ្លួននឹងមិនពង្រីកសមាជិកភាពមកអឺរ៉ុបខាងកើតជាពិសេសប្រទេសអ៊ុយក្រែន។
នៅសប្ដាហ៍នេះប្រទេសរុស្សី និងលោកខាងលិចបានចាប់ផ្ដើមការចរចាដើម្បីកាត់បន្ថយភាពតានតឹងនៅប្រទេសអ៊ុយក្រែន បន្ទាប់ពីការដាក់ពង្រាយទាហានរុស្សីជិត ១០០.០០០ នាក់នៅតំបន់ព្រំដែនអ៊ុយក្រែនបានធ្វើឱ្យមានការព្រួយបារម្ភថាក្រុងមូស្គូគឺកំពុងត្រៀមធ្វើការឈ្លានពាន។ រុស្សីបានច្រានចោលការចោទប្រកាន់នេះ និងបាននិយាយថាអ៊ុយក្រែន និងលោកខាងលិចគឺកំពុងបង្កការគំរាមកំហែងទៅដល់សន្តិសុខរបស់ខ្លួន ហើយបានធ្វើទាមទារការធានាសន្តិសុខពីលោកខាងលិច។
អគ្គលេខាធិការអង្គការណាតូលោកជេន ស្ទូលតេនប៊ឺក បាននិយាយថា «ការខ្វែងគំនិតដ៏ធំ» គឺនៅមានរវាងសម្ព័ន្ធភាពយោធាលោកខាងលិច និងរុស្សី ហើយ «ការខ្វែងគំនិតនេះនឹងមិនងាយដោះស្រាយទេ»។ លោកបន្ថែមទៀតថា៖ «មានហានិភ័យពិតប្រាកដសម្រាប់ជម្លោះប្រដាប់អាវុធថ្មីនៅអឺរ៉ុប»។ អង្គការណាតូបាននិយាយថាការទាមទារធានាសន្តិសុខរបស់រុស្សីគឺភាគច្រើនមិនអាចទទួលយកបាន
អនុរដ្ឋមន្ត្រីការបរទេសរុស្សីលោកអាឡិចសាន់ឌឺ ហ្គ្រីសកូបាននិយាយថាការទាមទារការធានាសន្តិសុខរបស់រុស្សី «គឺគោលជំហរគោលការណ៍ ហើយយើងមិនអាចដើរចេញពីវាទេ»។ បើទោះជាយ៉ាងនេះក៏ដោយលោកនិយាយថាកិច្ចប្រជុំនេះគឺ «ស្មោះត្រង់ ដោយផ្ទាល់ ស៊ីជម្រៅ និងទូលំទូលាយ» ប៉ុន្តែ «ក្នុងពេលជាមួយគ្នានេះ វាបានបង្ហាញពីចំនួនដ៏ច្រើននៃភាពខុសគ្នាលើសំណួរជាមូលដ្ឋាន»៕

ប្រភព៖ New York Times