ព្រឹទ្ធសភាអាមេរិកបង្ហាញសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មលើរុស្សីជុំវិញបញ្ហានៅអ៊ុយក្រែន
កាលពីថ្ងៃ ពុធ ទី១២នេះ សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យបានបង្ហាញសេចក្ដីព្រាងច្បាប់មួយ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្សីប្រសិនបើពួកគេសម្រេចចិត្តឈ្លានពានប្រទេសអ៊ុយក្រែន។
សេចក្ដីព្រាងច្បាប់ស្ដីពីការការពារអធិបតេយ្យភាពអ៊ុយក្រែន ដែលស្នើឡើងដោយប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិកលោករ៉ូប៊ឺត ម៉ានេនដេស និងសមាជិក ២៥រូបដទៃទៀត នឹងកំណត់កាតព្វកិច្ចឱ្យរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងនីតិបុគ្គលរុស្សី ប្រសិនបើរុស្សីបង្កើនសកម្មភាពប្រឆាំងអ៊ុយក្រែន។ សេចក្ដីព្រាងក៏នឹងកំណត់ឱ្យក្រសួងការបរទេស និងក្រសួងការពារជាតិអាមេរិកជួយពង្រឹងសមត្ថភាពយោធាអ៊ុយក្រែន និងបង្កើនជំនួយសន្តិសុខ។
ក្នុងសេចក្ដីថ្លែងការណ៍មួយលោកម៉ានេនដេស និយាយវិធានការមានប្រសិទ្ធភាពបំផុតដើម្បីប្រឆាំងរុស្សី គឺ «អ៊ុយក្រែនដែលរឹងមាំ និងរួបរួមគ្នា» ហើយសង្ឃឹមថានឹងអាចធ្វើការជាមួយគណបក្សសាធារណរដ្ឋដើម្បីជួយអ៊ុយក្រែនប្រឆាំងនឹង «អ្នកយាយីនៅក្រុងមូស្គូ»។
នេះគឺជាលើកទីពីរនៅសប្ដាហ៍នេះ ដែលសមាជិកសភាអាមេរិកបានស្នើសេចក្ដីព្រាងច្បាប់ប្រឆាំងនឹងរុស្សី។ កាលពីថ្ងៃចន្ទ សមាជិកសភាតំណាងមួយក្រុមមកពីគណបក្សសាធារណរដ្ឋបានបង្ហាញសេចក្ដីព្រាងច្បាប់ការធានាស្វ័យភាពអ៊ុយក្រែនដោយការពង្រឹងការការពារ ដែលមានលក្ខណៈស្រដៀងនឹងសេចក្ដីព្រាងច្បាប់របស់លោកម៉ានេនដេស ដោយមានការបន្ថែមការតម្រូវឱ្យច្រានចោលការទាមទាររបស់រុស្សី។
ការដាក់ពង្រាយទាហានរុស្សីជិត ១០០.០០០ នាក់នៅតំបន់ព្រំដែនអ៊ុយក្រែនបានធ្វើឱ្យមានការព្រួយបារម្ភថាក្រុងមូស្គូគឺកំពុងត្រៀមធ្វើការឈ្លានពាន។ រុស្សីបានច្រានចោលការចោទប្រកាន់នេះ និងបាននិយាយថាអ៊ុយក្រែន និងលោកខាងលិចគឺកំពុងបង្កការគំរាមកំហែងទៅដល់សន្តិសុខរបស់ខ្លួន ហើយបានធ្វើទាមទារការធានាសន្តិសុខពីលោកខាងលិច។
មន្ត្រីរុស្សី និងអាមេរិកបានជួបចរចានៅថ្ងៃចន្ទ និងថ្ងៃពុធដើម្បីស្វែងរកការកាត់បន្ថយភាពតានតឹង៕

ប្រភព៖ The Hill