លោក ដូណាល់ ត្រាំ រិះគន់អ៊ីរ៉ង់ ក្រោយមនុស្សច្រើនជាង១.០០០នាក់បាត់បង់ជីវិតដោយសារការធ្វើបាតុកម្មថ្មីៗនេះ

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកបានលើកឡើងនៅថ្ងៃព្រហស្បត្តិ៍នេះថា អាជ្ញាធរអ៊ីរ៉ង់ទំនងជាបានសម្លាប់មនុស្សប្រមាណជាង១.០០០នាក់ ពាក់ព័ន្ធនឹងការបង្ក្រាបលើបាតុកម្ម ចាប់តំាងពីការតវ៉ាប្រឆំាងនឹងការដំឡើងថ្លៃប្រេងសំាង បានផ្ទុះឡើងកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងមកនេះ ។

ការកត់សម្គាល់បែបនេះ ត្រូវបានប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ថ្លែងប្រាប់អ្នកយកព័ត៌មាន មុនពេលចូលរួមកិច្ចប្រជុំនៅឯសេតវិមានជាមួយអ្នកតំណាងអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា ពួកគេ (អ៊ីរ៉ង់) បានសម្លាប់ជីវិតមនុស្សជាច្រើន ហើយពួកគេក៏បានចាប់ខ្លួនប្រជាពលរដ្ឋខ្លួនឯងរាប់ពាន់នាក់ផងដែរ ក្នុងការបង្ក្រាបយ៉ាងចាស់ដៃនាប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារអ្នកទំាងនោះប្រមូលផ្តុំគ្នាតវ៉ាប្រឆំាងនឹងរដ្ឋាភិបាល ពាក់ព័ន្ធនឹងការដំឡើងថ្លៃប្រេងសំាង ។

ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិករូបនេះថែមទំាងបានអះអាងដែរថា លោកប្តេជ្ញាឆ្លើយតបយ៉ាងពេញទំហឹង ចំពោះការគំរាមកំហែងណាមួយពីសំណាក់រដ្ឋាភិបាលក្រុងតេហេរ៉ង់ ដែលប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner