អ៊ីស្រាអែលនឹងបញ្ជូនប្រព័ន្ធការពារមីស៊ីល Iron Dome ចំនួន០៨គ្រឿងឱ្យឆែកចាប់ពីឆ្នំា២០២១ដល់ឆ្នំា២០២៣ ក្រោយការបញ្ជាទិញក្នុងតម្លៃ១២៥លានដុល្លារ
អ៊ីស្រាអែល៖ ក្រសួងការពារជាតិឆែកឈានដល់ការចុះកិច្ចព្រមព្រៀង ជាមួយក្រសួងការពារជាតិអ៊ីស្រាអែលហើយ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងការទិញលក់ប្រព័ន្ធរ៉ាដាការពារមីស៊ីលរបស់អ៊ីស្រាអែល Iron Dome ចំនួន០៨គ្រឿងក្នុងតម្លៃ១២៥លានដុល្លារអាម៉េរិក ។

តាមរយៈកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានៅទីក្រុង ប្រាក ខាងលើនេះ អ៊ីស្រាអែលនឹងត្រូវប្រគល់ប្រព័ន្ធរ៉ាដាការពារមីស៊ីល Iron Dome ឲ្យប្រទេសឆែកជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ខាងមុខនេះ ។ ហើយប្រព័ន្ធការពារមីស៊ីលនេះដែរ នឹងត្រូវដាក់បញ្ចូលទៅក្នុងកងការពារអាកាសឆែក ដែលមានប្រព័ន្ធជើងទម្របាញ់រ៉ុក្កែតស្រាប់ ។

ទន្ទឹមគ្នា រដ្ឋមន្ត្រីការពារជាតិឆែកលោក លូបូមឺ ម៉េតណា បានចាត់ទុកការទិញប្រព័ន្ធរ៉ាដាការពារមីស៊ីលនេះថា គឺជាការបង្កើនសមត្ថភាពកងទ័ពអាកាស ហើយវាក៏ជាការចាប់ផ្តើមកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធការពារមីស៊ីលពីមុនៗ ដែលខ្លួនធ្លាប់ទិញពីរុស្ស៊ីផងដែរ ៕ធ.ដ


