នគរបាលខណ្ឌច្បារអំពៅឃុំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត នៅក្រុមហ៊ុនទឹកសុទ្ធអរុណា
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ មានជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីប្រតិបត្តិបទល្មើស (រំលោភលើទំនុកចិត្ត ) នៅក្រុម ហ៊ុនទឹកសុទ្ធអរុណា ស្ថិតក្នុងភូមិរបោះអង្កាញ់ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៩ វិច្ឆិកា ២០១៩ ម៉ោង១២និង០០នាទីកន្លងទៅ ។
សមត្ថកិច្ចបានឲ្យដឹងថា ដើមបណ្តឹងឈ្មោះសៀ ផល្លា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់ គ្រងក្រុមហ៊ុន ស្នាក់នៅភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ចំណែកជនសង្ស័យឈ្មោះអឿន ចាន់ណាវុទ្ធ ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិស្រែព្រីង ឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ មុនពេលកើតហេតុក្រុមហ៊ុន ទឹកសុទ្ធអរុណា បានប្រើជនសង្ស័យ ជាបុគ្គលិកក្រុមហ៊ុនឲ្យបើករថយន្ត ដឹកទឹកសុទ្ធចែកចាយនៅខេត្តកំពង់ឆ្នាំង រួចឲ្យកាតក្រុមហ៊ុនសម្រាប់ចាក់ប្រេងទៅជនសង្ស័យទុក សម្រាប់ចាក់ប្រេងក្នុង ១ថ្ងៃ ៥០លីត្រជាកំណត់ ពេលនោះជនសង្ស័យក៏យកកាតឆូតចាក់ប្រេងម៉ាស៊ូតតេលាចូលក្នុងរថយន្ត ៥០លីត្រ និងយកកាតឆូតប្រេង ៥០លីត្រទៀត ប្តូរជាលុយទុកចាយផ្ទាល់ខ្លួនជាបន្តបន្ទាប់រហូតដល់ថ្ងៃទី ២៩-១១-២០១៩ សរុប ២១០០លីត្រ (គិតជាប្រាក់ ១៦៨០ដុល្លារ)។ លុះដល់ថ្ងៃទី ០៥-១២-២០១៩ ម៉ោង១៧និង០០នាទី ក្រុមហ៊ុនត្រួត ពិនិត្យការចំណាយចាក់ប្រេងនៅខេត្តកំពង់ឆ្នាំង ឃើញមិនប្រក្រតី ក៏ហៅជនសង្ស័យមកសួរនាំដឹងរឿងខាងលើ ក៏នាំជន សង្ស័យប្រគល់សមត្ថកិច្ច ចាត់ការតាមច្បាប់។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបចញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ
