កូរ៉េខាងជើងគំរាមចាត់វិធានការឆ្លើយតបវិញ បើសិនអង្គការសហប្រជាជាតិយកបញ្ហាសិទ្ធិមនុស្សរបស់ទីក្រុងព្យុងយ៉ាងទៅជជែកដេញដោល
អត្ថបទដោយ៖
Kien Sereyvuth
បរទេស៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានព្រមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃពុធម្សិលមិញថា ការជជែកដេញដោលណាមួយអំពីស្ថានការណ៍សិទ្ធិមនុស្សនៅកូរ៉េខាងជើង នឹងត្រូវចាត់ទុកជាការបង្ករឿងធ្ងន់ធ្ងរ ហើយទីក្រុងព្យុងយ៉ាងនឹងឆ្លើយតបទៅវិញ ។
ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក គីម សុង បានបញ្ជាក់ថា កិច្ចប្រជុំនោះ នឹងត្រូវចាត់ទុកជាទង្វើកាន់ជើងនយោបាយចូលចិត្តបង្កហេតុរបស់សហរដ្ឋអាមេរិក ដែលនាំទៅរកការបំផ្លាញ ជាជាងការជួយដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ និង ការស្វែងរកដំណោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរ ។
សូមជម្រាបថា ការព្រមានរបស់កូរ៉េខាងជើងបានកើតមានឡើងក្រោយខ្លួនទទួលបានដំណឹងថា សមាជិកមួយចំនួនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងស្នើកោះប្រជុំក្នុងខែធ្នូនេះ ស្តីពីបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ៕



