អូស្រ្តាលីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវ អានជីឡា ខូកូរ៉ាន់ (H.E.Mrs. Angela Corcoran) ឯកអគ្គរដ្ឋទូត នៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្តិ បានសម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងអូស្រា្តលី ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ហើយប្រទេសអូស្រ្តាលីនៅតែបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាទៅមុខទៀត។

នៅក្នុងជំនួបនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោកជំទាវ អានជីឡា ខូកូរ៉ាន់ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ចាប់តំាងពីឆ្នាំ១៩៩៣មក អូស្រ្តាលីបានចូលរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជាជាច្រើនវិស័យ ដូចជា វិស័យអប់រំ កសិកម្ម ការបោសសំអាតមីនជាដើម។ កម្ពុជានិងអូស្រ្តាលី មានកិច្ចសហប្រតិបត្តិការល្អក្នុងការប្រយុទ្ធប្រឆំាងអំពើភេវរកម្មនានា ដូចការជូញដូរមនុស្ស និងគ្រឿងញៀនជាដើម។ លោកជំទាវឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៤មក មាននិស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសអូស្រ្តាលី ចំនួន២៩០០កន្លែង។ ក្នុងនោះនិស្សិតកម្ពុជាចំនួន ៨៥០នាក់ ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលី។ ចំណែកទំហំពាណិជ្ជកម្មប្រទេសពីរវិញ បានកើនដល់ ៨៥០ពាន់លានដុល្លារ។

លោកជំទាវ អានជីឡា ខូកូរ៉ាន់ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ប្រទេសអូស្រ្តាលី បន្តគំាទ្រនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើគ្រប់វិស័យ។ ដោយឡែកនៅក្នុងឆ្នាំ២០២០នេះ អូស្រ្តាលីនឹងខិតខំជំរុញឲ្យមានដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់តំណាងរាស្រ្តវ័យក្មេងកម្ពុជា ទៅកាន់ប្រទេសអូស្រ្តាលី។ ប្រទេសអូស្រា្តលីក៏បានត្រៀមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាននៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ដែលសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូសភាកម្ពុជា នឹងចូលរួមនៅប្រទេសអូស្រ្តាលី នាដើមខែមករា ឆ្នាំ២០២០ខាងមុខនេះផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងអាណត្តិ ការទូតរបស់ លោកជំទាវ អានជីឡា ខូកូរ៉ាន់ ដែលបានរួមចំណែកដល់ការបន្តថែរក្សាទំនាក់ទំនង មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្រ្តាលី ឲ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។

សម្តេចជឿជាក់ថា ក្នុងរយៈពេល៣ឆ្នាំ ដែលលោកជំទាវ ស្នាក់នៅកម្ពុជា លោកជំទាវពិតជាបានឃើញជាក់ស្តែង នូវការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា រួមទំាងសភាពការណ៍ពិតនៅកម្ពុជា ដែលផ្ទុយពីការបំពងសម្លេងពីខាងក្រៅ ដើម្បីកេងចំណេញប្រយោជន៍នយោបាយបុគ្គលមួយចំនួនតូច។
សម្តេចប្រធានរដ្ឋសភា មានក្តីសង្ឃឹមថា ទោះបី លោកជំទាវ អានជីឡា ខូកូរ៉ាន់ បានចប់បេសកកម្មនៅកម្ពុជា តែលោកជំទាវ នៅតែមនោសញ្ចេតនា និងទំនាក់ទំនងល្អ ជាមួយប្រជា ជាតិកម្ពុជាជានិច្ច៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner