លោកជំទាវ ម៉ែន សំអន៖ រាជរដ្ឋាភិបាលបានដាក់ចេញផែនការយុទ្ធសាស្ត្រ វិស័យអប់រំជំរុញឱ្យមានការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ២០១៩-២០២៣ ដែលឯកសារទាំងពីរនេះ បានជំរុញឱ្យមានការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេស ការបណ្តុះបណ្តាលយុវជនឱ្យមានគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគេន-ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់គរុកោសល្យ ដល់សមណនិស្សិត និស្សិតគរុសមណនិស្សិត គរុនិស្សិត គរុសមណសិស្ស និងគរុសិស្ស នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនាព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ខែមិគរសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំរាជធានីភ្នំពេញ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងថា ការបណ្តុះបណ្តាលយុវជនឱ្យមានគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ការច្នៃប្រឌិត និងនវានុវត្តន៍ មានគុណធម៌ សីលធម៌ ស្មារតីទទួលខុសត្រូវ និងមានមនសិការស្នេហាជាតិ ដែលជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជា សក្តានុពលក្នុងការប្រកួតប្រជែងជាអន្តរជាតិ ទាំងពេលបច្ចុប្បន្ន និងអនាគត។

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងធានានូវនិរន្តរភាពជាតិ ទាំងសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ការទទួលបានអប់រំគឺជាការដុះខាត់ផ្នែកបញ្ញាញ្ញាណ បានបង្កើតឲ្យមានសមត្ថភាពវិជ្ជាជីវៈ មានសមត្ថភាពស្រាវជ្រាវ ក្នុងការបង្កើតនូវគោលការណ៍ ទ្រឹស្ដី គំនិត និងមូលដ្ឋានសម្ភារៈថ្មីៗ ដើម្បីបម្រើសេចក្ដីត្រូវការរបស់សង្គមមនុស្ស ក្នុងបរិបទនៃអច្ឆរិយៈបច្ចេកវិទ្យា និងវិទ្យាសាស្រ្តទំនើប។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបន្តថា ផលិតផល និងសម្ភារគ្រប់ប្រភេទ សុទ្ធតែ ត្រូវបានបង្កើតឡើងដោយខួរក្បាលរបស់មនុស្ស ដែលមានការអប់រំបណ្តុះបណ្ដាលប្រកប ដោយគុណធម៌ គុណភាព និងមានការច្នៃប្រឌិតខ្ពស់។ ធនធានមនុស្សជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងការធ្វើឱ្យអរិយធម៌មនុស្សជាតិមានការអភិវឌ្ឍ និងផ្លាស់ ប្តូរឥតឈប់ឈរ ហើយធនធានមនុស្សនេះ គឺបានមកពីការអប់រំបណ្ដុះបណ្ដាល នេះឯង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ការអប់រំបណ្ដុះបណ្ដាលដែលធ្វើឱ្យមនុស្សមានតម្លៃ និងមានសមត្ថភាពវិជ្ជាជីវៈពិតប្រាកដនោះ គឺការអប់រំប្រកបដោយគុណភាព ពោលគឺ “ត្រូវរៀនឱ្យចេះ មិនមែនរៀនឱ្យចប់នោះទេ”។ ក្នុងន័យនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចង់និយាយថា អ្នកដែល បញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រនោះ ត្រូវមានសមត្ថភាព អាច បំពេញការងារក្នុងជំនាញរបស់ខ្លួនបានល្អ និងមានការពេញចិត្តពីនិយោជកពីស្ថាប័ន ដែលជាកន្លែងយើងត្រូវបម្រើការងារ។

ហេតុនេះ គុណភាព គឺជាបញ្ហាអាទិភាពយ៉ាងសំខាន់មួយ ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងធម្មការ និងសាសនា និងក្រសួងពាក់ព័ន្ធ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលគ្រប់កម្រិត គណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យ គ្រូបង្រៀន សមណនិស្សិត និស្សិត គរុសមណនិស្សិត គរុនិស្សិត គរុសមណសិស្ស និងគរុសិស្សទាំងអស់ ត្រូវរួមគ្នាផលិតចេញនូវធនធានមនុស្សប្រកបដោយគុណភាព និងមានសមត្ថភាពវិជ្ជាជីវៈពិតប្រាកដ។

ជាការពិតណាស់ គុណភាពគឺជាកិត្យានុភាព និងជាកិត្តិយសរបស់បុគ្គលម្នាក់ៗ របស់គ្រឹះស្ថានបណ្តុះបណ្ដាល និងរបស់ជាតិទាំងមូល។ មកដល់ចំណុចនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន យល់ស្របជាមួយនឹងការលើកឡើងរបស់ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អំពីយន្តការធានាគុណភាពទេ្វដង ពោលគឺស្វ័យវាយតម្លៃផ្ទៃក្នុងរបស់ពុទ្ធិកសាកល វិទ្យាល័យ ដើម្បីដាក់ពិន្ទុ លើកអនុសាសន៍ និងកែលម្អដោយខ្លួនឯង និងការវាយតម្លៃពីខាងក្រៅ ដោយស្ថាប័នទទួលសា្គល់គុណភាពអប់រំ៕ធ.ដ












