សន្និសីទច្បាប់លើកទី២ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម
សៀមរាប៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា វាយតម្លៃថា សន្និសីទច្បាប់លើកទី២ នៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា និងវៀតណាម នឹងក្លាយជាវេទិកានៃកិច្ចពិភាក្សាកំរិតខ្ពស់ រវាងថ្នាក់ដឹកនាំ និងស្ថាប័នអនុវត្តន៍ច្បាប់ និងយុត្តិធម៌នៃប្រទេសទាំង២ សន្និសីទច្បាប់លើកទី២ នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម បានបើកដំណើរការនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នៅក្រុងសៀមរាប ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ( ឯកឧត្តម ឡេ ថាញ់ឡុង ) មានវត្តមាន កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ។ ថ្លែងបើកអង្គសន្និសីទ ឯកឧត្តម អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា បានមានប្រសាសន៍ថា ៖ ការរៀបចំសន្និសីទច្បាប់លើកទី២នេះ គឺផ្តើមចេញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌កម្ពុជា ស្ថាប័នតុលាការកម្ពុជា ជាមួយក្រសួងយុត្តិធម៌វៀតណាម នឹងផ្អែកតាមស្មារតីនៃកិច្ចព្រមព្រៀង និងលទ្ធផលផ្លែផ្កានៃអង្គសន្និសីទច្បាប់លើកទី១នាឆ្នាំ២០១៧កន្លងទៅនោះ ។

ជាការកត់សំគាល់ផងដែរថា កិច្ចដំណើរការរបស់អង្គសន្និសីទនេះ ត្រូវបានរៀបចំបន្ទាប់ពីមានដំណើរទស្សនកិច្ចជាផ្លូវការទៅប្រទេសវៀតណាម របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៤ តុលា ២០១៩ កន្លងទៅថ្មីៗនេះ ។ ឯកឧត្តម អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា បានបន្តថា៖ សន្និសីទច្បាប់លើកទី២ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម គឺជាឱកាសសម្រាប់អ្នកពាក់ព័ន្ធក្នុងវិស័យច្បាប់ និងស្ថាប័នតុលាការនៃប្រទេសទាំង២ បន្តជួបជុំពិភាក្សាគ្នា និងស្វែងរកដំណោះស្រាយលើប្រធានបទសំខាន់ៗចំនួន៤ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ ដែលពាក់ព័ន្ធទៅនឹងការជួយគ្នាទៅវិញទៅមកក្នុងវិស័យរដ្ឋប្បវេណី និងព្រហ្មទណ្ឌ បត្យាប័ន ការផ្ទេរទណ្ឌិត ការដោះស្រាយវិវាទនៅមូលដ្ឋាន ការអបំរំផ្សព្វផ្សាយច្បាប់ និងជំនួយផ្នែកច្បាប់នៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសកម្ពុជា និងប្រទេសវៀតណាម ហើយក៏នឹងក្លាយជាវេទិកានៃកិច្ចពិភាក្សាកំរិតខ្ពស់ រវាងថ្នាក់ដឹកនាំ និងស្ថាប័នអនុវត្តច្បាប់ និងយុត្តិធម៌ នៃប្រទេសទាំង២ ។

ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការណ៍លើវិស័យច្បាប់ និងយុត្តិធម៌ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះព្រមព្រៀងសំខាន់ៗចំនួន៤ គឺកិច្ចព្រមព្រៀងស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកយុត្តិធម៌ក្នុងវិស័យរដ្ឋប្បវេណី សន្ធិសញ្ញាស្តីពីបត្យាប័ន កិច្ចព្រមព្រៀងស្តីពីការផ្ទេរទណ្ឌិត ហើយកិច្ចព្រមព្រៀងស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ក៏ត្រូវបានចុះហត្ថលេខាផងដែរ ។

ឯកឧត្តមបានបញ្ជាកថា៖ តាមរយៈនៃកិច្ចព្រមព្រៀងទាំងនោះ សាលាដំបូងនៃខេត្តភាគីកម្ពុជា ( ស្វាយរៀង ព្រៃវែង កំពត កណ្តាល តាកែវ ត្បូងឃ្មុំ មណ្ឌលគិរី រតនគិរី និងក្រសចេះ ) ជាមួយតុលាការប្រជាជននៃភាគីវៀតណាម បានផ្លាស់ប្តូរដំណើរទស្សនកិច្ច និងរៀបចំកិច្ចប្រជុំស្វែងយល់ពីច្បាប់ព្រហ្មទណ្ឌនៃប្រទេសនីមួយៗ ដែលទាក់ទងនឹងគ្រឿងញៀន ការរត់ពន្ធ ការដឹកទំនិញខុសច្បាប់ ការជួញដូរមនុស្សឆ្លងដែន រួមទាំងការទប់ស្កាត់បទល្មើសឆ្លងដែនជាដើម ៕ធ.ដ
ដោយ ស៊ាន សុផាត

