ចិនបញ្ជូនយន្តហោះចម្បាំង ៣៩គ្រឿងចូលតំបន់ដែនអាកាសរបស់តៃវ៉ាន់
ចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន ៣៩គ្រឿងចូលទៅក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ (ADIZ) កាលពីថ្ងៃអាទិត្យកន្លងទៅ ស្របពេលដែលមានវត្តមានកងទ័ពអាមេរិកនៅក្បែរៗដែនដីកោះតៃវ៉ាន់។
តំបន់ ADIZ មិនមែនទាន់ចូលដល់តំបន់ដែនអាកាសរបស់តៃវ៉ាន់ទេ តែជាតំបន់ផ្នែកខាងក្រៅកោះរបស់ខ្លួន ដែលកងកម្លាំងយោធាតៃវ៉ាន់តាមដានជាប្រចាំខ្លាចក្រែងមានការវាយប្រហារណាមួយពីសំណាក់ចិនដីគោក។
យន្តហោះចិនទាំងនោះរួមមាន យន្តហោះចម្បាំងម៉ាស៊ីន ២ Shenyang J-16 ចំនួន ២៤គ្រឿង យន្តហោះម៉ាស៊ីនមួយ Chengdu J-10 ចំនួន ១០គ្រឿង ជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿង និងយន្តហោះចារកម្មអេឡិចត្រូនិក ៤គ្រឿង។
តៃវ៉ាន់ឆ្លើយតបវិញ ដោយប្រើប្រាស់យន្តហោះប្រដេញទៅវិញ ជាមួយនឹងការព្រមាននានា ក៏ដូចជាការពង្រាយមីស៊ីលតម្រង់ទៅយន្តហោះចម្បាំងទាំងនោះទៀតផង។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិតៃវ៉ាន់។
វត្តមានយន្តហោះចម្បាំងចិនប្រជាមានិតនេះជាចំនួនច្រើនបំផុតគិតចាប់តាំងពីខែតុលា ឆ្នាំមុន ដោយនៅកាលនោះរយៈពេល ៤ថ្ងៃ ចិនបញ្ជូនយន្តហោះប្រមាណ ១៤៨គ្រឿង។
បន្ថែមពីនេះទៅទៀត វត្តមានរបស់កងទ័ពអាកាសចិននៅដែនអាកាស ADIZ របស់តៃវ៉ាន់ ប្រតិបត្តិឡើងស្របពេលដែលមានវត្តមានកងទ័ពជើងទឹកអាមេរិកយ៉ាងច្រើនសន្ធឹកនៅតំបន់ក្បែរកោះតៃវ៉ាន់ ក៏ដូចជាស្ថិតនៅក្នុងសមុទ្រហ្វីលីពីន និងកំពុងតែសមយុទ្ធជាមួយកងទ័ពស្វ័យការពារប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍ផងដែរ៕

ប្រភព៖ Nikkie Asia