ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា សម្តែងការសោកស្តាយនូវការបាត់បង់អាយុជីវិតមនុស្ស ដោយសារបាក់រលំសំណង់ឧបដ្ឋានសាលាវត្តប្រាសាទគោកចក

សៀមរាប៖ នៅរសៀលថ្ងៃទី៣ខែធ្នូឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប រួមជាមួយប្រតិភូអមដំណើរជាសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប និងវត្តមានតំណាងរាស្ត្រមណ្ឌលសៀមរាប អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំក្នុងជួរកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានអញ្ជើញពិនិត្យ គំនរបាក់បែកនៃទីតាំងការដ្ឋានសំណង់ឧបដ្ឋានសាលាឆាន់ ស្ថិតក្នុងវត្តប្រាសាទគោកចក សង្កាត់គោកចកក្រុងសៀមរាប ខេត្តសៀមរាប ដែលបានដួលរលំនៅអំឡុងម៉ោង ១៤៖១៥នាទី រសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០១៩ បណ្តាលឱ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១៦នាក់ ត្រូវបាន អភិបាលនៃគណៈអភិបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះ ចាត់វិធានការទាន់ពេលវេលាជួយសង្គ្រោះជនរងគ្រោះដែលនៅមានជីវិតយកទៅកាន់មន្ទីរពេទ្យ។

សម្តេចពិជ័យសេនា បានសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុដោយចៃដន្យនេះ ជាពិសេសសម្តែងការសោកស្តាយជាទីបំផុតដល់អ្នកដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ ។ ផ្តល់កិច្ចសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានក្នុងឱកាសនោះ សម្តេចពិជ័យសេនា បានមានប្រសាសន៍ស្នើដល់សមត្ថកិច្ចគ្រប់ផ្នែក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាប្រឹងប្រែងទប់ស្កាត់ បង្ការ និងបញ្ចៀសឱ្យផុតនូវបញ្ហាដែលមិនគួរកើតឡើងតែបែរជាកើតមានឡើង ជាក់ស្តែង ដូចក្នុងករណីឧបទ្ទវហេតុនេះ កុំឱ្យកើតមាននៅពេលអនាគតទៀត ដែលវាជះឥទ្ឋិពលមិនល្អដល់ការអភិវឌ្ឍប្រទេសជាតិយើង និងនាំមកនូវទុក្ខលំបាកដល់អ្នករងគ្រោះ និងគ្រួសារអ្នករងគ្រោះ។

សម្តេចពិជ័យសេនា មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចបានតាមដានយ៉ាងយកចិត្តទុកដាក់ និងក្តុកក្តួលជាទីបំផុតចំពោះហេតុការណ៍ដែលកើតឡើងនេះ។ សំណង់នេះជាសំណង់តាមបែបព្រះពុទ្ឋសាសនាសម្រាប់ជាកន្លែងទីសក្ការៈគោរពបូជារបស់ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ ហេតុនេះត្រូវការ ការត្រួតពិនិត្យ ស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីឈានទៅវាយតម្លៃនិងសន្និដ្ឋាន កំហុសដែលកើតឡើងដោយប្រការណាមួយ នឹងមានការគិតគូរនៅពេលក្រោយទៀត។

សម្តេចពិជ័យសេនា បញ្ជាក់ថា៖ កន្លងមករាជរដ្ឋាភិបាលបានមានវិធានការ ចេញនូវសរាចរ សេចក្តីណែនាំ ផ្សេងៗដើម្បីត្រួតពិនិត្យលើសំណង់ រហូតដល់សំណង់ខុសច្បាប់មួយចំនួនត្រូវផ្អាកមិនឱ្យសាងសង់ និងកន្លែងខ្លះឈានទៅវាយកំទេចចោលផងដែរ ដែលសំណង់ទាំនោះជាសំណង់ទូទៅ ខុសពីសំណង់ឧបដ្ឋានសាលាវត្តប្រាសាទគោកចកក្នុងខេត្តសៀមរាបនេះដែលជាសំណង់ស្ថិតក្នុងទីអារាម និងកសាងឡើងសម្រាប់បំរើដល់វិស័យព្រះពុទ្ឋសាសនាងណាការទទួលខុសត្រូវក៏មានមួយកម្រិតណាដែរ។

 នារសៀលថ្ងៃដដែលសម្តេចពិជ័យសេនា ទៀ បាញ់ និងប្រតិភូអមដំណើរ បានអញ្ជើញទៅសួរសុខទុក្ខដល់អ្នករបួសស្រាលធ្ងន់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយបាននាំយកនូវថវិកាមួយចំនួនជូនដល់ពួកគាត់ផងដែរ។ ជាមួយគ្នា សម្តេចពិជ័យសេនា បានណែនាំដល់គ្រួសារ និងជនរងគ្រោះត្រូវលេបនិងប្រើប្រាស់ថ្នាំសង្កូវ ជូតលាងមុខរបួស ជាដើម ទៅតាមវេជ្ជបញ្ជានិងការណែនាំរបស់គ្រូពេទ្យ និងខំថែទាំសុខភាពឱ្យដើម្បីឆាប់ជាសះស្បើយ ចេញទៅប្រកបរបររកទទួលទានចិញ្ចឹមក្រុមគ្រួសារឡើងវិញ៕ ដោយ ស៊ាន សុផាត

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner